អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦

បុណ្យរម្លឹក
សន្តប៊ែរណា ជាចៅអធិការ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

សូមចុចទីនេះ

លោកប៊ែរណា (១០៩០-១១៥៣) បានចូលបួសនៅអារាមស៊ីតូ (ប្រទេសបារាំង) ជាមួយអ្នកស្ម័គ្រចិត្តសាមសិបនាក់។ លោកធ្លាប់ស្មឹងស្មាធិ៍ នឹកសញ្ជឹងគិតយ៉ាងជ្រៅបំផុតអំពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់។  លោកនិពន្ធសៀវភៅជាច្រើនដើម្បីបកស្រាយទាំងទេវវិជ្ជាយ៉ាងជ្រៅដែរ។ លោកធ្វើអន្តរាគមន៍នៅគ្រប់កន្លែងដែលព្រះសហគមន៍ត្រូវការ ជាពិសេសជួយឃោសនាឱ្យស្តេចអឺរ៉ុបយាងទៅដណ្តើមស្រុកដែលមានថ្នូររបស់ព្រះគ្រីស្តមកត្រួតត្រាវិញ។ គេជ្រើសរើសលោកឱ្យធ្វើជាចៅអធិការអារាមនៅភូមិក្លែវ៉ូ (ប្រទេសលុចសំបួរ)។ លោកបានបង្កើតអារាមហុកសិបប្រាំទៀត ហើយលោកចេះតែធ្វើដំណើរទៅប្រកាសដំណឹងល្អដែរ។ លោកធ្វើជាទីប្រឹក្សាសម្តេចប៉ាប និងព្រះមហាក្សត្រជាច្រើនអង្គ ទាំងហ៊ានស្តីបន្ទោសស្តេចដែលប្រព្រឹត្តអំពើអយុត្តិធម៌ លោកមានឈ្មោះល្បីដោយបាននិពន្ធអត្ថបទជាច្រើនកោតសរសើរព្រះនាងម៉ារី។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៣៦,២៣-២៨

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«យើងនឹងសម្តែងបារមីឱ្យប្រជាជាតិនានា​ស្គាល់នាមដ៏វិសុទ្ធរបស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់បង្អោនក្នុងចំណោម​ប្រជាជាតិទាំងនោះ។ ពេលណាយើងសម្តែងភាពដ៏វិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឱ្យប្រជាជាតិទាំងនោះឃើញ ពេលនោះពួកគេនឹងទទួលស្គាល់ថា យើងពិត​ជាព្រះអម្ចាស់មែន! នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងយកអ្នករាល់គ្នា​ចេញពីចំណោមប្រជាជាតិទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុក ឱ្យ​វិលត្រឡប់មកមាតុភូមិវិញ។ យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នក​រាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឱ្យបានស្អាតបរិសុទ្ធ ផុតពីអំពើ​សៅហ្មងទាំងឡាយ លែងឱ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។ យើងនឹងប្រគល់ចិត្តគំនិតថ្មីឱ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឱ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាច​ធ្វើតាមដំបូន្មាន ហើយកាន់តាមវិន័យរបស់យើង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឱ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។

ទំនុកតម្កើងលេខ ៥១ (៥០),១២-១៥.១៨-១៩ បទពាក្យ ៧

១២ ឱព្រះជាអម្ចាស់ខ្ញុំអើយ សូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុត រឹងប៉ឹងបំផុតដល់ខ្ញុំផង ។
១៣ សូមកុំបោះបង់រូបខ្ញុំចោល ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់ វិសុទ្ធព្រះអង្គពីខ្ញុំឡើយ ។
១៤ សូមប្រោសឱ្យខ្ញុំអរសប្បាយ ព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ
សូមគាំទ្រខ្ញុំកុំកន្តើយ ដោយប្រទានឱ្យធ្វើតាមផង ។
១៥ រូបខ្ញុំនឹងខំប្រៀនប្រដៅ មនុស្សពាលកម្លៅមិនឱ្យហ្មង
ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ របស់ព្រះអង្គជាដរាប ។
១៨ ព្រះអង្គមិនដែលសព្វព្រះទ័យ ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច
ទោះតង្វាយដុតទាំងមូលស្រេច ក៏ទ្រង់គ្មានកិច្ចចង់បានដែរ ។
១៩ យញ្ញដែលព្រះអង្គសព្វព្រះទ័យ ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ
គឺចិត្តសោកសៅទុក្ខឥតល្ហែ និងចិត្តកែប្រែលែងក្អេងក្អាង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២២,១-១៤

ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាថា៖«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹង​ស្តេចមួយអង្គដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ ព្រះរាជាចាត់រាជបម្រើឱ្យទៅអញ្ជើញភ្ញៀវមកជប់លៀងក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ ព្រះ​អង្គចាត់រាជបម្រើផ្សេងទៀតឱ្យទៅជម្រាបភ្ញៀវថា “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសារចុះ!”។ ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឱ្យទៅប្រហារជីវិតឃាតករទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។ បន្ទាប់មក ទ្រង់មានរាជ​ឱង្កាទៅពួករាជបម្រើថា “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយ​អញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួបឱ្យមកជប់លៀង”។ ពួករាជបម្រើ​ក​ក៏ចេញទៅតាមផ្លូវប្រមូលមនុស្សម្នាដែលគេបានជួបទាំងប៉ុន្មានមក ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។ ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូល​មកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការ​ដូច្នេះ?”។ បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា៖ “ចូរចងដៃ ចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជា​កន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែ​ព្រះ​អង្គជ្រើសរើសយកបានចំនួនតិចទេ»។

Facebook
Twitter
LinkedIn