អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦

បុណ្យរម្លឹក
សន្តយ៉ូហានម៉ារីវីយ៉ាណេ ជាបូជាចារ្យ
សូមចុចទីនេះ

លោកយ៉ូហានម៉ារីវិយ៉ាណេ (១៧៨៦-១៨៥៩) រៀនបសូត្រមិនសូវបានពូកែ តែព្រះវិញ្ញាណដ៏បរិសុទ្ធបានប្រោសប្រទានព្រះអំណោយទានពិសេសឱ្យលោកចេះសម្រុះសម្រួលមនុស្សជាច្រើនជាមួយព្រះជាម្ចាស់ ហើយពូកែទំនាក់ទំនងគេផង ដោយធ្វើអគ្គសញ្ញាសូមព្រះជាម្ចាស់លើលែងទោស។ មារបៀតបៀនលោកជាខ្លាំង តែលោកចេះតែតស៊ូទ្រាំដោយចិត្តអង់អាចជានិច្ច ដើម្បីជួយសង្គ្រោះមនុស្សលោក។ លោកជាគំរូអស់បូជាចារ្យដែលទទួលមុខងារណែនាំគ្រីស្តបរិស័ទ។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣០,១-២.១២-១៥.១៨-២២

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅនេះ៖«ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖“ចូរកត់ត្រានូវពាក្យទាំងប៉ុន្មានដែល​យើងបានប្រាប់អ្នកទុកក្នុងសៀវភៅមួយ”។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖“របួសរបស់​​អ្នកមើលមិនជាទេ ដំបៅអ្នកក៏មិនអាចសះបានដែរ។ គ្មាននរណាជួយឈឺឆ្អាលរុំរបួស​ឱ្យអ្នកទេ ហើយក៏គ្មានថ្នាំដ៏ស័ក្តិសិទ្ធិណាអាចផ្សះរបួសរបស់អ្នកបានដែរ។ សហាយ​ស្មន់ទាំងប៉ុន្មានរបស់អ្នកបានភ្លេចអ្នកហើយ គ្មាននរណានឹកនាដល់អ្នកទៀតទេ ដ្បិត​យើងបានវាយអ្នក ដូចខ្មាំងវាយអ្នក យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ ព្រោះតែ​អំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។ ហេតុដូច​ម្តេចបានជាអ្នកស្រែកថ្ងូរ ព្រោះមហន្តរាយកើតដល់អ្នកធ្វើឱ្យអ្នកឈឺចាប់ឥតល្ហែ? យើងធ្វើទោសអ្នកខ្លាំងដូច្នេះ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកប្រព្រឹត្ត»។ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«យើងនឹងស្តារ​ពូជ​ពង្សរបស់យ៉ាកុបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។ គេនឹង​សង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ ហើយសង់ដំណាក់នៅកន្លែងដើមវិញដែរ។ ការសរសើរតម្កើង និងសំណើចក្អាកក្អាយនឹងលាន់ឮឡើងពីកណ្តាលចំណោមពួកគេ យើងនឹងធ្វើឱ្យគេកើនចំនួនច្រើនឡើងៗ គឺគេមិនចុះថយឡើយ យើងនឹងលើកតម្កើងពួកគេ គឺគេមិនទន់ទាបទៀតទេ។ កូនចៅរបស់គេនឹងបានដូចពីដើម សហគមន៍របស់គេនឹងស្ថិតស្ថេរនៅចំពោះមុខយើង ហើយយើងនឹងដាក់ទោសអស់អ្នកដែលជិះជាន់​ពួកគេ។ មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោម​ពួកគេដែរ។ យើងនឹងឱ្យមេដឹកនាំនោះចូលមកជិតយើង (ដ្បិតគ្មាននរណាហ៊ានចូល​មកជិតយើងដោយចិត្តឯងឡើយ)។ អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា”។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។

ទំនុកតម្កើងលេខ ១០២ (១០១),១៦-១៨.១៩-២៣.២៩ បទពាក្យ ៧

១៦ សូមឱ្យមនុស្សគ្រប់សាសន៍ កោតខ្លាចព្រះកុំមានភ្លេច
សូមឱ្យអស់ទាំងស្តេច លើផែនដីកោតក្រែង
១៧ ពេលព្រះអម្ចាស់សង់ ស៊ីយ៉ូនក្រុងគួរស្ញប់ស្ញែង
ព្រះអង្គនឹងសម្តែង សិរីរុងរឿងទាំងអស់
១៨ ពេលនោះទ្រង់នឹងបែរ ព្រះភ័ក្ត្ររេទតមកមនុស្ស
លែងធ្វើជើយទ្រគោះ ពាក្យអង្វរគេទៀតហើយ
២០ ព្រះអម្ចាស់ទតពី សក្ការៈទីដ៏ត្រចង់
ស្ថានបរមសុខឥតមានហ្មង មិនរំលងសព្វផែនដី
២១ ដើម្បីស្តាប់សម្រែក ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ
អ្នកដែលត្រូវក្សិណក្ស័យ គេកាត់ក្តីមិនសុចរិត
២២ គេនឹងប្រកាសប្រាប់ ព្រះនាមគាប់ដ៏មានឫទ្ធិ
សរសើរតម្កើងពិត ពីក្រុងយេរូសាឡឹម
២៣ គឺពេលប្រជាជាតិ ទាំងឆ្ងាយជិតមកមូលផ្តុំ
នឹងនាំគ្នាមកជុំ គេគោរពបម្រើព្រះ
២៩ កូនចៅរបស់ខ្ញុំ នៅជួបជុំបម្រើស្រាប់
រស់ដោយសុខគួរគាប់ ទ្រង់នឹងថែកូនចៅគេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ជាទីសង្ឃឹមរបស់យើង! ចូរពឹងផ្អែកលើព្រះបន្ទូលព្រះអង្គចុះ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៥,១-២,១០-១៤

មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​បណ្ឌិត​ខាង​វិន័យ​ពី​ក្រុង​យេរូ‌សាឡឹម ចូល​មក​គាល់​ព្រះ‌យេស៊ូ​ហើយ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក មិន​គោរព​តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ គឺ​មិន​ធ្វើ​ពិធី​លាង​ដៃ​មុន​ពេល​បរិភោគ​ដូច្នេះ?»។ បន្ទាប់​មក ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​បណ្ដា‌ជន រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់ ហើយ​យល់​ឲ្យ​ច្បាស់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។ ពេល​នោះសាវ័ក នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី ​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះ‌គ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ នឹង​ដក​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ណា​ដែល​ព្រះ‌អង្គ​មិន​បាន​ដាំ។ កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​ជាមិន​ខាន»។

Facebook
Twitter
LinkedIn