ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ត

អភិបូជា​នៅ​ព្រះសហគមន៍​សន្ត​សន្តី​តេរេសា ស្រែ​អំបិល

កំពង់សោម ថ្ងៃ​ទី០៤ ខែ​កក្កដា ឆ្នាំ​២០២៦

“ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ត”

អត្ថបទ​ទី​១៖ អម៉ូល ៩,១១-១៥យើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់‌បែក ហើយ​សង់​ខ្ទម​នោះ​ឲ្យ​បាន​ល្អ​ដូច​ដើម​វិញ។ អម ៩,១១ដំណឹងល្អ៖ ម៉ាថាយ ៩,១៤-១៧ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ​ទេ!។ មថ ៩,១៥

បង​ប្អូន​ជា​ទី​ស្រឡាញ់!

សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​មិន​ត្រូវ​វង្វេង​តាម​របៀប​លោកីយ៍​ដូច​យើង​ស្តាប់​ក្នុង​គម្ពីរ​ថ្ងៃ​នេះ។ ពេល​យើង​ដើរ​តាម​ព្រះយេស៊ូ​យើង​អត់​វង្វេង​ទេ យើង​មាន​ពន្លឺ​មួយ​ដ៏​ពិសេស​ដែល​ណែនាំ​ឲ្យ​យើង​ទៅ​តាម​ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូ​បាន​រៀប​ចំ។ នៅ​ពេល​យើង​ដើរ​តាម​ព្រះយេស៊ូ ទោះ​បី​មាន​ផ្លូវ​យ៉ាង​ច្រើន​ដែល​ណែនាំ​ឲ្យ​យើង​ទៅ​ខាង​ស្តាំ ខាង​ឆ្វេង ណែនាំ​ឲ្យ​យើង​ភ្លេច​ខ្លួន ណែនាំ​ឲ្យ​យើង​វង្វេង ប៉ុន្តែ​យើង​ដឹង​ថា​នៅ​ពេល​យើង​ដើរ​តាម​ផ្លូវ​ដែល​ព្រះអង្គ​បាន​រៀប​ចំ​យើង​អត់​វង្វេង​ទេ។

ផ្លូវ​ដែល​ព្រះយេស៊ូ​បាន​រៀបចំ ជា​ផ្លូវ​មិន​ស្រួល​ទេ ដោយសារ​ពេល​យើង​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា ”សូមស្រឡាញ់គ្នាទៅវិញទៅមក”។ ប៉ុន្តែ មិន​មែន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ធម្មតា​ទេ គឺ​ស្រឡាញ់​តាម​របៀប​ព្រះយេស៊ូ​ស្រឡាញ់​យើង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូមស្រឡាញ់ត្រូវ” មាន​ន័យ​ថា​មនុស្ស​ដែល​យើង​ស្អប់​បំផុត ព្រះយេស៊ូ​ឲ្យ​យើង​ស្រឡាញ់​ដែរ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូមលើកលែងទោស” ប៉ុន្តែ​មិន​មែន​លើក​លែង​ទោស​ល្មមៗ​ទេ គឺ​លើក​លែង​ទោស​ដ៏​ពេញ​លក្ខណៈ (៧​គុណ​៧០​ដង)។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “យើង​ជា​អំបិល យើង​ជា​ពន្លឺ​សម្រាប់​ពិភព​លោក​ទាំង​មូល” យើង​បាន​ធ្វើ​ជា​ពន្លឺ​ខ្លះៗ​ដែរ ជា​មួយ​កូន​មត្តេយ្យ ជា​មួយ​យុវជន​អក្ខរ​កម្ម​ដែរ។ ទោះបី​យើង​មា​នអារម្មណ៍​ថា​យើង​នៅ​ឆ្ងាយ ប៉ុន្តែ​ដោយសារ​យើង​មាន​កម្មវិធី​សិក្សា យើង​បង្រៀន​ភាសា​អង់គ្លេស​ខ្លះៗ បង្រៀន​ក្មេងៗ​មត្តេយ្យ យើង​មាន​ឱកាស​ដើម្បី​មាន​ទំនាក់​ទំនង។ ពេល​ឪពុក​ម្តាយ​ជូន​កូន​មក​សាលា​រៀនយើង យើង​មាន​ឱកាស​ដើម្បី​ផ្ដល់​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន។

ទំនាក់​ទំនង​ដែល​យើង​បង្កើត​ជា​របៀប​មួយ ដើម្បី​ទៅ​ជា​ពន្លឺ ដើម្បី​ទៅ​ជា​អំបិល ដើម្បី​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ក្មេងៗ ជា​មួយ​យុវជន។ នេះ​យើង​បង្កើត​គ្រួសារ​មួយ ដែល​ព្រះយេស៊ូ​ចង់​ឲ្យ​យើង​មាន។ ដូច្នេះ លើ​ទឹក​ដី​ស្រែ​អំបិល​នេះ​យើង​លែង​វង្វេង​ហើយ ដោយសារ​ទឹកដី​នេះ​ជា​ពន្លឺ​មួយ ដែល​យើង​ដឹង​ថា​មាន​វត្តមាន​របស់​ព្រះយេស៊ូ។ អ្វី​ដែល​សំខាន់ គឺ​កុំ​ឲ្យ​យើង​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន យើង​ភ្លេច​ព្រះយេស៊ូ យើង​ភ្លេច​ព្រះបន្ទូល យើង​ភ្លេច​ព្រះជាម្ចាស់​ដែល​ណែនាំ​ឲ្យ​យើង​រស់​នៅ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ព្រះយេស៊ូ​សោយ​ទិវង្គត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ ប៉ុន្តែ​ព្រះយេស៊ូ​ឲ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ឲ្យ​សេចក្ដី​ស្រឡាញ់ ឲ្យ​កម្លាំង​របស់​ព្រះជាម្ចាស់​ពិសេស ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​អំណរ​ដែល​យើង​ទទួល​ពី​ព្រះអង្គ។ លោក​ឪពុក​ដែល​មក​ថ្មី សូម​ជួយ​ប្រមូល​គ្រីស្ត​បរិស័ទ​ដែល​វង្វេង​ផ្លូវ ឱ្យ​ជួយ​នៅ​កោះកុង​ដែរ ដើម្បី​ប្រមូល​កូន​ក្មេង​ឲ្យ​មាន​ច្រើន​ដូច​នៅ​ទី​នេះ។ នេះ​ជា​របៀប​មួយ​ដើម្បី​ឲ្យ​យើង​អនុវត្ត យើង​នៅ​ក្នុង​លោកីយ៍ យើង​មាន​សកម្មភាព យើង​ជួយ យើង​លើក​ទឹក​ចិត្ត យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដោយ​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ។

ថ្ងៃ​នេះ ព្រះយេស៊ូ​ណែនាំ​ឲ្យ​យើង​មាន​កម្លាំង​ជានិច្ច ពេល​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ព្រះយេស៊ូ​គង់​នៅ ពេល​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម​ព្រះយេស៊ូ​គង់​នៅ។ យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ ព្រះយេស៊ូ​ផ្ដល់​កម្លាំង​ដើម្បី​ឱ្យ​យើង​ទៅ​មុខ​បន្ត​ទៀត ដើម្បី​យើង​រស់​នៅ​ក្នុង​ព្រះពន្លឺ​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។ ណែនាំ​ឲ្យ​សេចក្ដី​ស្រឡាញ់​ដែល​យើង​ស្ដាប់ ដែល​យើង​អធិដ្ឋាន​នៅ​ក្នុង​ព្រះកាយ​ព្រះគ្រីស្ត យើង​ដឹង​ថា​ពិត​មែន​សេចក្ដី​ស្រឡាញ់ គឺ​សេចក្ដី​ស្រឡាញ់​រវាង​គ្នា​នឹង​គ្នា ជា​មួយ​គ្រីស្ត​បរិស័ទ ជា​មួយ​បង​ប្អូន​នៅ​តាម​ភូមិ នៅ​កន្លែង​ដែល​យើង​ធ្វើ​ការ កន្លែង​ដែល​យើង​រក​ស៊ី។ កោះកុង-ស្រែ អំបិល ពិសេស​ដោយសារ​យើង​មាន​និស្សិត​ទេវៈ នេះ​ជា​ផ្លែ​មួយ​ដ៏​អស្ចារ្យ យើង​មាន​ពីរ​នាក់​នៅ​ក្នុង​មណ្ឌល​សកម្មភាព​កំពង់សោម​យើង។ នេះ​ជា​អំណោយ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន យើង​មើល​ឃើញ​ព្រះជាម្ចាស់​ស្រឡាញ់​យើង។ទោះ​បី​យើង​នៅ​កន្លែង​តូច ព្រះជាម្ចាស់​ស្រឡាញ់​យើង។

បន្តិច​ទៀត​លោក​ឪពុក​ជួយ​កែ​កន្លែង​យើង ដើម្បី​ឲ្យ​យើង​ស្វាគមន៍​ថែម​ទៀត ដើម្បី​ឲ្យ​យើង​កក់​ក្ដៅ​ថែម​ទៀត ដើម្បី​ឲ្យ​សាលា​មត្តេយ្យ​យើង​ល្អ​ជាង​មុន​ទៀត ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​អនុវត្ត​អ្វី​ដែល​យើង​បាន​ស្ដាប់​នៅ​ក្នុង​ព្រះគម្ពីរ។ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “បពិត្រព្រះបិតាជាម្ចាស់នៃស្ថានបរមសុខ និងជាម្ចាស់នៃផែនដី ទូលបង្គំសូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្ដែងធម៌មេត្តាករុណា ការអាថ៌​កំបាំងនៃព្រះរាជ សេចក្ដីស្រឡាញ់ឲ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ”។ ព្រះបន្ទូល​សម្រាប់​មនុស្ស​ទាំង​អស់ ព្រះបន្ទូល​ដែល​យើង​បាន​ទទួល ព្រះបន្ទូល​ដែល​យើង​បន្ត​ចែក​រំលែក នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​មាន។ នេះ​ជា​ព្រះសហគមន៍​របស់​យើង​ដែល​មាន​ជីវិត យើង​មក​ពី​កន្លែង​តូច យើង​មក​ពី​កន្លែង​ធំ​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់ គឺ​យើង​មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ អំណរ​សប្បាយ​តែ​មួយ​ដែល​មក​ពី​ព្រះជាម្ចាស់។

យើង​បន្ត​អធិដ្ឋាន អរ​ព្រះគុណ​ព្រះជាម្ចាស់ យើង​នឹក​ដល់​លោក​អភិបាល អ៊ីវ ដែល​បាន​ស្រឡាញ់​យើង​ណាស់ បាន​ជួយ​ច្រើន​ដើម្បី​ឲ្យ​ព្រះសហគមន៍​នៅ​តំបន់​នេះ​មាន​ជីវិត។ យើង​នឹក​ឃើញ​ដល់​លោក​តា វើណេ ដែល​ធ្វើ​ឲ្យ​គ្រីស្ត​បរិស័ទ​ដែល​អស់​គ្រូ​គង្វាល អស់​រយៈពេល​យូរ​ឆ្នាំ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៩៣-១៩៩៤ បាន​ត្រឡប់​មក​វិញ​ដើម្បី​ជួយ​នៅ​កំពង់សោម កោះកុង។ យើង​មើល​ឃើញ សេចក្ដី​ស្រឡាញ់​ដែល​គេ​មាន​មក​ពី​ព្រះជាម្ចាស់ ហើយ​ណែនាំ​ឲ្យ​ជីវិត​របស់​យើង​ទៅ​មុខ​បន្ត​ទៀត។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ យើង​សូម​ស្វាគមន៍​លោក​ឪពុក​ថ្មី​របស់​យើង​ដោយ​អំណរ​សប្បាយ ដើម្បី​ឲ្យ​យើង​ទាំង​អស់​បន្ត​រស់​នៅ​ក្នុង​ព្រះពន្លឺ​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ នៅ​ក្នុង​វិញ្ញាណ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​ប្រទាន ដើម្បី​កសាង​គ្រួសារ​មួយ​ដែល​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ទូល​អង្វរ​លោក​តា អ៊ីវ លោក​តា វើណេ ដែល​នៅ​ស្ថាន​បរមសុខ ដើម្បី​ជួយ​ថែរក្សា​យើង​ថែម​ទៀត។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn