បេក្ខជន១២នាក់ទទួលលាបថ្ងាស និងជ្រមុជទឹកនៅព្រះវិហារសន្តមីកាអែលព្រះសីហនុ

ព្រះសីហនុ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ សហគមន៍​និយាយភាសាអង់គ្លេសនៅព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ បានរៀបចំប្រារព្ធពិធី​អគ្គសញ្ញាជ្រមុជទឹក និងលាបថ្ងាស ជូនដល់បេក្ខជនខ្មែរ​និងបរទេសចំនួន ១២ រូប ដែលកំពុងរស់នៅ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា នាតំបន់មណ្ឌលសកម្មភាពកំពង់សោម។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈភូមិភាគភ្នំពេញ ដោយមានការចូលរួម​ពីសំណាក់លោកបូជាចារ្យ ដូនជី ឧបដ្ឋាក ព្រមទាំងគ្រីស្តបរិស័ទទាំងជាតិ និងអន្តរជាតិយ៉ាងច្រើន។

នៅក្នុងពិធីអភិបូជានោះដែរ លោកបូជាចារ្យ គង់ វៀល បានថ្លែងធម្មទេសនាជាភាសាអង់គ្លេស ដោយបានអបអរសាទរ និងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅដល់បេក្ខជនទាំង ១២ រូប ចំពោះការសម្រេចចិត្តដ៏អស្ចារ្យក្នុងដំណើរជីវិតជំនឿរបស់ពួកគេ។

លោកបូជាចារ្យបានមានប្រសាសន៍ទៅកាន់បេក្ខជនថា«នេះវាជាដំណើរដ៏អស្ចារ្យសម្រាប់បងប្អូន ដែល​មកទីនេះក្នុងប្រទេសកម្ពុជា ហើយបានជួបព្រះគ្រីស្តជាព្រះសង្គ្រោះរបស់បងប្អូន នៅក្នុងទីក្រុងដែលមនុស្សភាគច្រើនរកឃើញតែការបាត់បង់ និងសេចក្តីអស់សង្ឃឹម។»

លោកបូជាចារ្យក៏បានដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីជាកម្លាំងចិត្ត និងជាទីពឹងសម្រាប់ដួងចិត្តដែលកំពុងនឿយហត់ក្នុងជីវិតរស់នៅ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «នៅក្នុងដំណឹងល្អ ព្រះយេស៊ូទ្រង់បន្លឺព្រះសូរសៀង ហើយមានបន្ទូលថា៖ “ចូរមករកខ្ញុំ អ្នករាល់គ្នាដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ ខ្ញុំនឹងឲ្យអ្នករាល់គ្នាសម្រាក។ ដ្បិតនឹមរបស់​ខ្ញុំស្រួល ហើយបន្ទុកខ្ញុំក៏ស្រាល”។»

លោកបូជាចារ្យរូបនេះ​បញ្ជាក់ថា ព្រះយេស៊ូ​យាងចូលក្នុងជីវិតរបស់ពួកគេ មិនមែនដើម្បីគ្រប់គ្រងពួកគេទេ ប៉ុន្តែដើម្បីដោះលែងពួកគេ​ឱ្យមានសេរីភាព។

បន្ថែមពីលើសនេះ លោកបូជាចារ្យបានរំលឹកបេក្ខជនអំពីតម្លៃនៃអំណោយទានទាំងប្រាំពីររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ មានដូចជា ប្រាជ្ញា សេចក្តីយល់ដឹង ដំបូន្មាន ភាពក្លាហាន ចំណេះដឹង ភក្តីភាព និងសេចក្តីកោតខ្លាចព្រះជាម្ចាស់។ ហើយ​អ្វី​ដែលពួកគេទទួលបានក្នុងថ្ងៃនោះ លោកបានសង្កត់ធ្ងន់ថា «ទាំងនេះមិនមែនជាគ្រឿងលម្អទេ។ ពួកវាជាអាវុធសម្រាប់បំភ្លឺទីក្រុងដែលត្រូវការពន្លឺ​នៅក្នុងថ្ងៃនេះ។»

លោក​បន្ថែម​ថា ចាប់ពីពេលនេះ​ទៅ ពួកគេ​មិនមែនរស់នៅ​ក្នុង​នាមជាជនរងគ្រោះទេ ប៉ុន្តែក្នុងនាមជាសាក្សីផ្ទាល់អំពី​ព្រះជាម្ចាស់​។ លោកបាន​ជំរុញ​ឲ្យ​ពួកគេ ចេញទៅ​ដោយ​​នាំយកសន្តិភាពរបស់ព្រះយេស៊ូ​ទោះ​បី​ត្រូវធ្វើការនៅក្នុងបរិយាកាសដ៏លំបាកដ៏ដោយ។ លោក​បាន​បញ្ជាក់ថា ក្នុងគ្រាលំបាក​ ព្រះវិញ្ញាណមិនបាន​យក​យើងចេញពីសមរភូមិនោះទេ «ប៉ុន្តែ​​ទ្រង់ផ្តល់កម្លាំងឱ្យយើងប្រយុទ្ធតាមរបៀបខុសគ្នា ដោយសេចក្តីពិត ដោយសេចក្តីមេត្តាករុណា និងដោយសេចក្តីស្រឡាញ់ដ៏អត់ធ្មត់។»

លោក​ដូមីនិក សាវីយ៉ូ ង៉ែត តូនីប បេក្ខជន​ទទួល​អគ្គសញ្ញាលាបថ្ងាសបាន​ឡើងថ្លែងអំណរគុណលោកអភិបាល​និង​បូជាចារ្យ​ដែល​បាន​រៀបចំ​កម្មវិធីនេះ ឲ្យពួកគាត់​ក្លាយជាគ្រីស្តបរិស័ទ​ពេញលេញ និង​អាច​ទទួល​ព្រះពរ​ពីព្រះជាម្ចាស់​តាមរយៈព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដើម្បីហ៊ាន​ចេញទៅប្រកាសដូច​ក្រុមគ្រីស្តទូតពីដើម។

តូនីប​បាន​ថ្លែងថា «អគ្គសញ្ញាដ៏វិសុទ្ធនេះ​នឹងជួយ​យើងខ្ញុំ​មានភាព​រឹងមាំក្នុងជំនឿ ក្លាហានក្នុងការប្រកាសដំណឹងល្អ និង​រស់នៅជាសាក្សីរបស់ព្រះគ្រីស្ត​តាមរយៈការ​ស្រឡាញ់ ការបម្រើ និង​ការចែករំលែកដល់អ្នកដទៃ»។ លោក​ក៏​បាន​អរគុណ​ដល់​លោកអភិបាល ដែលបាន​យកចិត្ត​ទុកដាក់​អប់រំណែនាំ និង​បងប្អូនគ្រីស្តបរិស័ទ​ដែល​បាន​អធិដ្ឋាន​សម្រាប់​ពួកគាត់​។

គាត់​បាន​ប្តេជ្ញារស់នៅ​តាមរបៀបការបង្រៀន​របស់​ព្រះសហគមន៍​និង​ចូលរួមគ្រប់សកម្មភាព​របស់ព្រះសហគមន៍។

ពិធីបុណ្យនេះបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងពោរពេញដោយព្រះពរ ដែលនេះជាសញ្ញាដ៏រស់រវើកបង្ហាញពីការរីកចម្រើន និងភាពជា​​គ្រួសារតែមួយ​ក្នុង​ព្រះសហគមន៍កាតូលិកនៅក្នុងក្រុងព្រះសីហនុ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា៕

ដោយ កែវ កញ្ញា

 

Facebook
Twitter
LinkedIn