ខ្យល់ជំនោរលាយឡំនឹងក្លិនទឹកសមុទ្រដ៏បរិសុទ្ធនៃក្រុងព្រះសីហនុ ក្នុងអំឡុងចុងខែមិថុនា ដល់ដើមខែកក្កដា ឆ្នាំ២០២៦ នេះ មិនត្រឹមតែនាំមកនូវភាពត្រជាក់ត្រជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវសូរសំឡេងនៃការអធិស្ឋាន ទំនុកតម្កើង និងភាពស្ងប់ស្ងាត់ដ៏វិសុទ្ធផងដែរ។ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៦ នេះ លោកអភិបាលទាំង ៣ អង្គ និងលោកបូជាចារ្យជាង ៦០ អង្គ ដែលមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានសម្រេចចិត្តទុកកិច្ចការដ៏មមាញឹកនៅតាមព្រះសហគមន៍នានា ទាំងនៅទីក្រុងភ្នំពេញ ព្រះសហគមន៍តាមខេត្ត បណ្តាភូមិដាច់ស្រយាល និងតាមបណ្តោយទន្លេមេគង្គ ដើម្បីមកជួបជុំគ្នានៅតំបន់ឆ្នេរ។ អស់លោកមិនមែនមកដើម្បីសម្រាកលំហែកាយនោះទេ ប៉ុន្តែគឺដើម្បីមកស្វែងរកអ្វីមួយដែលជ្រាលជ្រៅជាងនេះ៖ «កម្មវិធីសំណាក់ធម៌បូជាចារ្យប្រចាំឆ្នាំ ២០២៦»។ បរិយាកាសនៃកម្មវិធីសំណាក់ធម៌ឆ្នាំនេះ ពោរពេញដោយក្តីគោរពស្រឡាញ់ និងសាមគ្គីភាពយ៉ាងក្រៃលែង ក្រោមការណែនាំ និងចែករំលែកដោយផ្ទាល់ពី លោកអគ្គអភិបាល ស៊ីមន សិលា ភូ ហ៊ុន សេង (Archbishop Simon Peter Poh Hoon Seng) ដែលជាអភិបាលព្រះសហគមន៍កាតូលិកនៃអគ្គភូមិភាគឃូឈីង ប្រទេសម៉ាឡេស៊ី។ តាមរយៈកម្មវិធីនេះ ក្រុមបូជាចារ្យមកពីតំបន់ផ្សេងៗគ្នា និងសាសនទូតទាំងអស់ បានរកឃើញកម្លាំងចិត្តរួមគ្នានៅក្នុងបេសកកម្មតែមួយ គឺ ប្រកាសដំណឹងល្អ អំពីព្រះយេស៊ូគ្រីស្ត បម្រើព្រះសហគមន៍ និងប្រជាជននៅកម្ពុជា។ នៅពេលកម្មវិធីសំណាក់ធម៌បានបញ្ចប់ទៅនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៦ គេអាចកត់សម្គាល់ឃើញនូវការផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ភាពនឿយហត់ទាំងឡាយដែលកើតមានពីកិច្ចការបម្រើព្រះសហគមន៍បានរលាយបាត់ទៅវិញ ហើយត្រូវបានជំនួសមកវិញដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ដ៏ខ្លាំងក្លាដែលមកពីព្រះជាម្ចាស់។ នៅពេលលោកអភិបាល និងលោកបូជាចារ្យត្រឡប់ទៅកាន់ព្រះសហគមន៍រៀងៗខ្លួនវិញ ពួកលោកបាននាំយកទៅជាមួយនូវផលផ្លែខាងវិញ្ញាណ និងកម្លាំងថ្មីមួយ ដែលត្រូវបានដុតបញ្ឆេះឡើងវិញដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈភាពស្ងប់ស្ងាត់នៅក្រុងព្រះសីហនុ។ កម្មវិធីសំណាក់ធម៌បានបញ្ចប់ទៅមែន ប៉ុន្តែបេសកកម្មនៅតែបន្ត។ សូមបងប្អូនរួមចិត្តគំនិតជាមួយព្រះសហគមន៍ទាំងមូល ដើម្បីអធិស្ឋានសម្រាប់លោកអភិបាលទាំងបីអង្គ និងលោកបូជាចារ្យទាំងជាង ៦០ អង្គ សូមឲ្យព្រះអំណោយទានដែលពួកលោកបានទទួលក្នុងអំឡុងពេលដ៏វិសុទ្ធនេះ ជួយណែនាំ គាំទ្រអស់លោកជានិច្ច។ សូមឲ្យអស់លោកដឹកនាំព្រះសហគមន៍កាតូលិកនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនក្នុងជំនឿ សេចក្តីស្រឡាញ់ និងការថ្វាយខ្លួនលើព្រះអម្ចាស់យេស៊ូគ្រីស្តជានិច្ច។






