អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦

ពាក្យលំនាំ

(អ្នកអានពាក្យលំនាំនេះគឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
ព្រះជាម្ចាស់បានតើនព្រះយេស៊ូឱ្យភ្ញាក់ឡើងពីចំណោមមនុស្សស្លាប់ហើយ! គឺលោកយេស៊ូដែលជាមនុស្សដូចយើង ជាមនុស្សដែលស្លាប់យ៉ាងសែនអាម៉ាសដូចចោរឧក្រិដ្ឋ លោកទទួលព្រះជន្មថ្មីហើយ គឺលោកទទួលព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ គ្រីស្តបរិស័ទដើមដំបូងតែងពន្យល់សេចក្តីនេះ ដោយថ្លែងថា ព្រះជាម្ចាស់បានលើកព្រះយេស៊ូឡើង ព្រះអង្គប្រទានសេចក្តីរុងរឿងឱ្យលោកយេស៊ូ ឱ្យលោកគង់ខាងស្តាំព្រះអង្គ ព្រះជាម្ចាស់តែងតាំងលោកជាព្រះគ្រីស្ត និងជាព្រះអម្ចាស់។ ពាក្យទាំងនេះមានអត្ថន័យតែមួយ។ លោកលូកាប្រកាសជំនឿរបស់ព្រះសហគមន៍តែមួយនេះ ដោយរៀបរាប់រឿងមួយជានិមិត្តរូប គឺថា ព្រះជាម្ចាស់លើកព្រះយេស៊ូឡើងលើមេឃឱ្យចូលក្នុងពពក ជាវត្តមានរបស់ព្រះជាម្ចាស់។ លោកចែងដូចជាព្រឹត្តិការណ៍មួយដែលកើតឡើង ៤០ថ្ងៃក្រោយព្រះអង្គទទួលព្រះជន្មថ្មីដ៏ពេញលេញ បានសេចក្តីថា ក្រោយពីព្រះអង្គអប់រំក្រុមសាវ័កអំពីវត្តមានថ្មីរបស់ព្រះអង្គជាមួយគេ។ សព្វថ្ងៃ យើងក៏ដូចក្រុមសាវ័កដែរ គឺយើងលែងឃើញព្រះយេស៊ូទៀតហើយ តែយើងជឿជាក់ថា ព្រះអង្គជាព្រះអម្ចាស់ ទ្រង់គង់នៅជាមួយយើងជានិច្ច ទ្រង់កំពុងតែយាងមកក្នុងលោកនេះជារៀងរាល់ថ្ងៃ។

បពិត្រព្រះជាម្ចាស់! នៅថ្ងៃនេះ ព្រះអង្គលើកតម្កើងព្រះគ្រីស្តឱ្យបានខ្ពស់ជាងអ្វីៗទាំងអស់! ដោយព្រះ​អង្គ​លើក​​ព្រះយេស៊ូជាមនុស្សដូចយើងខ្ញុំឱ្យឡើងស្ថានបរមសុខ ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំជាមនុស្សបាន​ជ័យ​ជំ​នះ​​លើសេចក្តីស្លាប់ហើយ! ព្រះគ្រីស្តយាងចូលស្ថានបរមសុខមុនយើងខ្ញុំ ដើម្បីរៀបចំកន្លែងឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១,១-១១

សូមជម្រាបមកឯកឧត្តមថេអូភីល សូមជ្រាប!។ ក្នុងសៀវភៅទីមួយ ខ្ញុំបានរៀបរាប់អំពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះយេស៊ូបានធ្វើ និងអំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានបង្រៀន តាំងពីដើមរៀងមក រហូតដល់​ថ្ងៃ​ព្រះ​ជាម្ចាស់​លើកព្រះអង្គឡើងទៅ គឺបន្ទាប់ពីព្រះអង្គបាន​ផ្តែផ្តាំដល់ក្រុមគ្រីស្តទូតដែលព្រះអង្គបានជ្រើសរើស ដោយ​ព្រះ​​វិញ្ញាណដ៏វិសុទ្ធ។ ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គតាមរបៀប​ផ្សេងៗឱ្យ​គ្រីស្ត​ទូត​ទាំងនោះឃើញថា ព្រះអង្គមានព្រះជន្មគង់នៅ។ ព្រះអង្គបានឱ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំង​មាន​​ព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមគ្រីស្តទូត ទ្រង់បានហាមគេមិនឱ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណតាម​ព្រះបន្ទូល​សន្យា​របស់​ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា លោកយ៉ូហានបានធ្វើពិធីជ្រមុជក្នុងទឹក ប៉ុន្តែ នៅប៉ុន្មា​ន​ថ្ងៃ​ទៀត​ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ។ ពេលនោះ ក្រុមគ្រីស្តទូតនៅជុំគ្នា គេទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គនឹង​តែងតាំង​ព្រះ​រាជ្យ​​សម្រាប់អ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញ​ថា៖ «ត្រង់ឯពេលវេលា និងពេលកំណត់ដែលព្រះបិតាបានកំណត់ទុកដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏​វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ ដូច្នេះ អ្នក​រាល់​​គ្នានឹងធ្វើជាសាក្សីរបស់ខ្ញុំនៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុក​សាម៉ារី និងរហូត​ដល់​ស្រុក​ដាច់ស្រយាលនៃផែនដី»។ លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមគ្រីស្តទូតកំពុងតែមើលព្រះអង្គនោះ ព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។ កាលពួក​គេ​កំ​ពុង​តែសម្លឹងមើលទៅលើមេឃ នៅពេលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេពោលថា៖ «អ្នកស្រុកាលីឡេអើយ! ហេតុដូចម្តេចបានជាអ្នករាល់គ្នានៅតែឈរ​សម្លឹង​មើល​ទៅ​លើ​មេឃដូច្នេះ?។ ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្តាលចំណោមអ្នករាល់គ្នាឡើងទៅមេឃ ហើយ​ព្រះអង្គ​នឹង​យាងមកតាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅដែរ»។

ទំនុកតម្កើងលេខ ៤៧ (៤៦),​ ២.៣.៦-៩ បទកាកគិ

ឱ!ជនទាំងឡាយ ចូរអរសប្បាយ ទះដៃអបអរ
ច្រៀងលើកតម្កើង ព្រះម្ចាស់បវរ ទទួលអំណរ
ដោយចិត្តរីករាយ
ដ្បិតព្រះអម្ចាស់ ព្រះខ្ពង់ខ្ពស់ណាស់ គួរស្ញប់ស្ញែងក្រៃ
ព្រោះតែព្រះអង្គ ជាមហាក្សត្រថ្លៃ ឧត្តមប្រពៃ
លើដីទាំងអស់
ព្រះអម្ចាស់យាង ឡើងក្រោមសូរសៀង ខ្ញៀវខ្ញាអនេក
ទ្រង់យាងទៅខ្ពស់ ឥតមានរារែក អមដោយសម្រែក
សូរត្រែតន្ដ្រី
ចូរយើងនាំគ្នា រូតរះម្នីម្នា ថ្វាយពរសិរី
ព្រះជាអម្ចាស់ រុងរឿងពេកក្រៃ ស្មូតលាយតន្រ្តី
ថ្វាយព្រះនៃយើង
ដ្បិតព្រះអង្គជា ព្រះមហាក្សត្រា វិសេសថ្កុំថ្កើង
នៅលើផែនដី ជាព្រះនៃយើង ចូរនាំគ្នាថ្កើង
ស្មូតកំណាព្យថ្វាយ
ព្រះម្ចាស់គ្រងរាជ្យ ពេញដោយអំណាច លើជាតិជិតឆ្ងាយ
គង់លើបល្ល័ង្ក ឥតបីនឿយណាយ វិសុទ្ធពេកក្រៃ
រាស្រ្តបានសុខសាន្ត

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ១,១៧-២៣

បងប្អូនជាទីស្រឡាញ់!
សូមព្រះរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណឱ្យបងប្អូនមានប្រាជ្ញា និងសម្តែងឱ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ សូមព្រះ​បិតាបំភ្លឺចិត្ត​គំនិត​បង​ប្អូនឱ្យយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្តីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរ​លើសលប់យ៉ាងណាដែរ!។ សូមទ្រង់ប្រទានឱ្យបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសម្តែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿមានទំហំធំធេងយ៉ាងណា ស្របតាម​មហិទ្ធិឫទ្ធិ​នៃព្រះចេស្តា​ដ៏ខ្លាំងក្លាដែល​ទ្រង់​បាន​សម្តែងក្នុងអង្គព្រះគ្រីស្ត។ ព្រះអង្គបានសម្តែងមហិទ្ធិឫទ្ធិនេះ ដោយប្រោស​ព្រះគ្រីស្ត​ឱ្យមាន​ព្រះជន្មរស់​ឡើង​វិញ ​និងឱ្យគង់នៅខាងស្តាំព្រះអង្គនៅស្ថានបរមសុខ ខ្ពស់ជាងវត្ថុសក្តិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមាន​អំណាច ​មានឫទ្ធិ មានម្ចាស់ទឹកម្ចាស់ដីជាដើម និងខ្ពស់លើសអ្វីៗដែលមានឈ្មោះ មិនត្រឹមតែនៅលោកនេះទេ គឺនៅ​លោក​ខាង​​មុខទៀតផង។ ព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ដែលជាព្រះកាយរបស់ព្រះអង្គ។ ព្រះសហគមន៍​នេះ​បាន​ពោរពេញដោយគ្រប់លក្ខណៈសម្បត្តិរបស់ព្រះគ្រីស្ត ហើយព្រះគ្រីស្តផ្ទាល់ក៏បានពោរពេញ​ដោយ​គ្រប់​លក្ខណៈ​សម្បត្តិរបស់ព្រះជាម្ចាស់ដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យាងឡើង ប្រជាជនស្រែកជ័យឃោសន៍។ ព្រះអង្គយាង​ឡើង​ទៅទីដ៏​ខ្ពង់​ខ្ពស់​បំផុត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៨,១៦-២០

សាវ័កទាំងដប់មួយនាក់នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូ​បាន​ប្រាប់​គេ​ឱ្យ​ទៅ។ កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្តែ មានអ្នកខ្លះនៅសង្ស័យ។ ព្រះយេស៊ូយាង​ចូលមក​ជិត​គេ​ ហើ​យ​មានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។ ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និង​ព្រះ​វិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ ព្រះអង្គលើកតម្កើងព្រះបុត្រាឱ្យគង់នៅខាងស្តាំព្រះអង្គ។ ព្រះ​បុត្រា​​ក៏ជាតំណាងរបស់មនុស្សលោកទាំងអស់ និងអង្វរព្រះអង្គសម្រាប់យើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត យើ​ង​ខ្ញុំ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងត​រៀ​ង​ទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! នៅថ្ងៃនេះ យើងខ្ញុំ​សូម​អរព្រះ​គុណ​ និងសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត​ជាព្រះបុត្រាព្រះអង្គ​។ ព្រះអង្គ​បាន​លើក​ព្រះយេស៊ូជាមនុស្សដូចយើងខ្ញុំឡើង​ទៅស្ថាន​បរម​សុខ។ ព្រះអង្គប្រោសប្រ​ទាន​ឱ្យយើង​ខ្ញុំមាន​ឋានៈ​ជាបុត្រ​ធី​តា ហើយនៅជាមួយព្រះអង្គដែរ។ ព្រះអង្គមិនបោះបង់យើងខ្ញុំទេ គឺទ្រង់ប្រទានព្រះវិញ្ញាណឱ្យស្ថិតនៅជាមួយយើងខ្ញុំជានិច្ច រហូតដល់អវសានកាលនៃពិភពលោក។ ព្រះវិញ្ញាណប្រែចិត្តគំនិតយើងខ្ញុំ ហើយ​ផ្តល់​​សេចក្តី​សង្ឃឹមឱ្យយើងខ្ញុំផង។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បី​លើក​​​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! “

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រោសព្រះយេស៊ូជាអម្ចាស់ ឱ្យទទួលសិរីរុងរឿងយ៉ាងអស្ចារ្យនៅស្ថានបរមសុខ។ ព្រះបិតាប្រទានឱ្យយើងខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមោះមុតថា នឹងបានសិរីរុងរឿងដូចព្រះយេស៊ូដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំរស់នៅស្របតាម​ជំ​​នឿនេះផង។

Facebook
Twitter
LinkedIn