[ខេត្តតាកែវ]៖ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦ វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលស្ថិតក្នុងភូមិចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបចំពិធីយ៉ាងអធិកអធមមួយ គឺ “ពិធីផ្តល់ឱវាទ និងប្រោះព្រំសិរីសួស្តីឆ្នាំថ្មី” ជូនដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សទាំងអស់ ដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងទម្រង់ជាអន្តរសាសនា ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាសនាពីរធំៗគឺ៖ ព្រះតេជគុណ ចិរវឌ្ឍនោ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី បាននិមន្តសូត្រធម៌ពុទ្ធជ័យមង្គល និងប្រោះព្រំទឹកមន្តតាមបែបព្រះពុទ្ធសាសនា។ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញផ្តល់ឱវាទ និងប្រោះព្រះពរតាមបែបគ្រីស្តសាសនា។ នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោកអភិបាល អូលីវីយ៉េ បានថ្លែងសារអប់រំដ៏មានអត្ថន័យ ដោយលោកបានសង្កត់ធ្ងន់លើការ “ថែរក្សាអត្តសញ្ញាណខ្មែរ និងវប្បធម៌ដ៏រុងរឿង”។ លោកអភិបាលបានមានប្រសាសន៍រំលឹកដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សាទាំងអស់ ឲ្យរួមគ្នា “កសាងវប្បធម៌សន្តិភាព” ដែលផ្ដើមចេញពីការផ្ដល់តម្លៃ និងការគោរពគ្នាទៅវិញទៅមក។ លោកអភិបាលបានបន្ថែមថា៖ «សន្តិភាព និងសុខដុមរមនាពិតប្រាកដ កើតចេញពីការចេះអង្គុយតុរួមគ្នា ការចេះសម្រុះសម្រួល និងការយល់ចិត្តគ្នាទៅវិញទៅមក»។ ពិធីនេះមិនត្រឹមតែជាការទទួលសិរីសួស្តីសម្រាប់ឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព និងការរស់នៅជាមួយគ្នាដោយសុខដុមរមនានៅក្នុងសាលារៀន និងក្នុងសង្គមជាតិទាំងមូល។ កម្មវិធីបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងពោរពេញដោយក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ ខាងមុខនេះ៕






