ធម្មទេសនារបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ក្នុងពិធីប្រសិទ្ធពរលើប្រេង ២៤ មីនា ២០២៦ នៅមជ្ឈមណ្ឌលភ្នំពេញថ្មី

«យើងជា​បូជាចារ្យ ជា​អ្នកកសាងសន្តិភាព»

ប៉ុន្មានថ្ងៃមុន យើងបានបិទស៊ើបអង្កេតមរណសាក្សី​សម្រាប់​ប្រទេសកម្ពុជា​។ ពេលយើងពិចារណាអំពីឆ្មារសាឡាស់ និង​សហការីទាំង១១នាក់ យើងឃើញមានលោកអភិបាល បូជាចារ្យ បងស្រី គ្រីស្តបរិស័ទធម្មតា។ យើងមានជនជាតិខ្មែរ ជនជាតិបារាំង និងជនជាតិវៀតណាម។ នេះជាព្រះសហគមន៍ ដែល​ជា​ប្រជារាស្ត្ររបស់​ព្រះជាម្ចាស់។

នៅថ្ងៃនេះ ខ្ញុំអរព្រះគុណព្រះជាម្ចាស់សម្រាប់វត្តមានលោកពុក​ បងប្រុស បងស្រី និង​គ្រីស្តបរិស័ទជា​ច្រើនដែល​បាន​មក​ចូលរួម​។ នេះបង្ហាញថា យើង​គឺជាប្រជារាស្ត្រ​របស់ព្រះជាម្ចាស់ដែល​មក​ ពីគ្រប់ទីកន្លែង នៅក្នុងភូមិភាគ​ ភ្នំពេញ បាត់ដំបង និងកំពង់ចាម។ យើងជាតំណាងព្រះសហគមន៍របស់យើង បីដូចជាមរណសាក្សី ជាតំណាងព្រះសហគមន៍របស់យើង ដើម្បីចូលរួមអធិស្ឋាន លើកតម្កើងព្រះជាម្ចាស់ សម្រាប់ព្រះអំណោយទានដែលយើងទទួលបានយ៉ាងពិសេសពីព្រះអង្គ គឺជីវិត។

ថ្ងៃនេះជាថ្ងៃលើកទី១៧ ដែលខ្ញុំបានផ្ញើ​សារទៅ​លោកឪពុក។ ថ្ងៃនេះយើងចង់និយាយអំពីសន្តិភាព អំពីរបៀបដែលយើងជាបូជាចារ្យ ជាអ្នកបម្រើព្រះសហគមន៍ យើងគឺជាទូត​យ៉ាងពិសេសបំផុតសម្រាប់សន្តិភាព។ ប៉ុន្តែខ្ញុំសូមអានអត្ថបទទីមួយដែលយើងស្តាប់អំបាញ់មិញម្តងទៀត៖

«អ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឱ្យគេលាបប្រេង សម្ដែងអំណរ សប្បាយ ជំនួសភាពក្រៀមក្រំ និងកាន់ទុក្ខ ឱ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់    ​រហែក។» (អស៦១,៣)

ពេលយើងនិយាយអំពីទីក្រុងស៊ីយ៉ូន តាមពិតយើងនិយាយអំពីទីក្រុងយេរូសាឡឹម។ ពេល នេះ​ យើងមើលឃើញគ្រាប់ធ្លាក់ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្បែរទីក្រុងយេរូសាឡឹមតែម្ដង។ អត្ថបទនេះ ពោរពេញដោយអត្ថន័យ។    ព្យាការី​អេសាយ  បានមើលឃើញទុក្ខលំបាករបស់ទីក្រុងយេរូសាឡឹម​ពី​ដើម។ ហើយលោកអេសាយបានទទួល​ព្រះបន្ទូល​សន្យា​ តាមរយៈព្រះជាម្ចាស់ថា​​ បន្តិច​ទៀត​គេនឹង​ទទួលប្រេងនៃអំណរសប្បាយ នឹងទទួលមកុដពាក់នៅ​លើក្បាល​ដែ​ល​មិន​មែន​ជា​ផេះ​​ដែលកំពុងមើលឃើញទុក្ខលំបាករាល់ថ្ងៃទេ គេនឹងទទួលអាវថ្មី​ដើម្បីរស់នៅក្នុងសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់។ នេះគឺជាព្រះបន្ទូល​នៃ​សេចក្តីសង្ឃឹម និង​ជាព្រះបន្ទូល​សម្រាប់​សុខសន្តិភាព។

ទី​១ លោកឪពុកជាទីស្រឡាញ់ ខ្ញុំគិតថាសម្រាប់យើងដែលជាបូជាចារ្យ ក្នុងឆ្នាំ២០២៥ និង ឆ្នាំ​២២២០២៦ នេះ យើងទទួលការត្រាស់ហៅ​មួយ​ថែមទៀតដ៏ច្បាស់លាស់ គឺទៅជាអ្នកសាងសន្តិភាព ឱ្យយើងទៅជាអ្នកដែលរស់នៅ​ ធ្វើការងារ​និង​ដើររួម​គ្នាជាធ្លុងតែមួយ ជាអង្គតែមួយ (Communion) ដើម្បីធ្វើដំណើរជាមួយគ្នាក្នុងព្រះសហគមន៍ ក្នុងសង្គម​ និង​ពិភពលោករបស់យើង ដែលបែកបាក់គ្នា ដែលរងទុក្ខលំបាកនាបច្ចុប្បន្ននេះ ដែល​សុខសន្តិភាពកំពុង​ត្រូវ​បាន​បំផ្លាញ។ ពិតមែន ​បេសកកម្ម​របស់​យើង គឺ​ប្រទានជីវិត ប្រកាសអំពីសេចក្តីសង្ឃឹម និងសន្តិភាព ជាបេសកកម្មដ៏ពេញលក្ខណៈដែលយើងត្រូវតែបំពេញ។ នៅពេលដែលយើងបានទទួលតែងតាំងជាបូជាចារ្យ ហើយបន្តិច​ទៀត​យើងនឹងប្រកាសពាក្យ​សច្ចារ​របស់យើងសារជាថ្មីនៅមុខព្រះជាម្ចាស់និងព្រះសហគមន៍របស់យើង នៅពេលដែលយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ពេលនោះពិតមែន យើងបានទទួលអភិសេកដូចព្រះយេស៊ូមានព្រះបន្ទូលថា «ខ្ញុំបានទទួលអភិសេក» នេះ​គឺដើម្បីប្រកាសដំណឹងល្អដល់ជនក្រីក្រ គឺណែនាំឱ្យមនុស្សខ្វាក់​មើលឃើញ មនុស្សដែលជាប់មន្ទីរឃុំឃាំងមានសេរីភាព។ ជីវិតរបស់យើងផ្ទាល់ គឺធ្វើដូចម្តេចដើម្បីឱ្យបងប្អូនរបស់យើងទទួលបានជីវិត។ ​បន្តិច​ទៀត​នៅ​ក្នុង​យប់នៃបុណ្យចម្លង​ តាមរយៈពិធីជ្រមុជទឹក​នៅទូទាំង​ប្រទេស​​ ដែល​មាន​បេក្ខជន​រាប់រយ ដែលបានរៀបចំខ្លួនយូរឆ្នាំពី​​ភ្នំពេញ បាត់ដំបង និងកំពង់ចាម  នៅយប់នោះ ពួកគេ​ទទួលអាវថ្មី ដែល​ជាអាវនៃអំណរសប្បាយ និងណែនាំឱ្យគេទទួលជីវិតដ៏វិសេស​នៅ​ក្នុង​យប់​ដ៏​ពិសេស​ខាង​មុខនេះ។

លោកពុកជាទីស្រឡាញ់ នេះជាបេសកកម្មរបស់យើងប្រចាំថ្ងៃ។ ពិតមែន យើងជាបូជាចារ្យ យើងជាអ្នកបម្រើសុខសន្តិភាព ជាអ្នកបម្រើក្នុងធ្លុងតែមួយដោយ​ឯកភាពគ្នានៅក្នុងព្រះសហគមន៍។ ខ្ញុំមើលឃើញយ៉ាងច្បាស់ថា ថ្ងៃនេះរួមជាមួយលោកអភិបាល និងលោកឪពុកទាំងអស់ យើងយល់ថាពិតមែន យើងជាក្រុមបូជាចារ្យដែលជាបងប្អូនលើទឹកដីកម្ពុជា ដើម្បីបម្រើព្រះសហគមន៍កម្ពុជា។ យើងបានរស់នៅក្នុងបទពិសោធន៍នេះ ខណៈពេលហូបបាយ ពេលប្រជុំ និងពេលនិយាយលេងជាមួយគ្នា និងជាពិសេសពេលនេះដែល​កំពុងថ្វាយ​អភិបូជា​​រួម​ជាមួយ​លោកអភិបាល។ យើងយល់ថាយើងជាគ្រួសារតែមួយ យើងជាបងប្អូនបង្កើតតែមួយនៅក្នុងអង្គព្រះគ្រីស្ត ដើម្បីបម្រើព្រះសហគមន៍។ លើសពីនេះទៀត ជាអ្វីដែលយើងទទួលនៅក្នុងជីវិតរបស់យើង នៅក្នុងដួងចិត្តរបស់យើង ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ យើងធ្វើដូចម្តេចដើម្បីចែករំលែកជាមួយបងប្អូន ជាមួយក្រុមគ្រួសារបព្វជិត​ បព្វជិតា ជាមួយ គ្រីស្តបរិស័ទដែលយើងទទួលខុសត្រូវ ដោយធ្វើដំណើរជាមួយគ្នា ដោយស្តាប់គ្នាទៅវិញទៅមក ដោយចែករំលែកគ្នាទៅវិញទៅមក ដោយយល់ចិត្តគ្នាទៅវិញទៅមក និង​ដោយ​ខិតខំ​អធិស្ឋានជាមួយគ្នា។ នេះ មិនមែនជាអ្វីដែលយើងចង់ធ្វើឬ​មិន​ចង់​ធ្វើទេ តែជា​កិច្ច​ការ​ចាំបាច់ដែល​យើង​ត្រូ​វធ្វើ​មិនត្រឹម​តែ​ជា​មួយគ្រួសារបូជាចារ្យរបស់​យើង​ទេ ប៉ុន្តែជាមួយ​ប្រជារាស្ត្រ​ដែល​យើង​បាន​ទទួល​និង​បម្រើពីមួយថ្ងៃទៅមួយថ្ងៃ នៅតាម​ព្រះសហគមន៍ នៅតាមសាលា កន្លែងធ្វើការ និងគ្រប់ទីកន្លែងនៅក្នុង២៥ខេត្តក្រុង​នៅកម្ពុជា​។

ទី២ លោកឪពុកជាទីស្រឡាញ់ យើងជាបូជាចារ្យដែលកសាងសុខសន្តិភាព និង​ជាអំណោយទាននៃសន្តិភាព។ តាមពិត នៅពេលដែលយើងថ្វាយអភិបូជា គ្រប់ពេលវេលា យើងទទួលសន្តិភាពពីព្រះយេស៊ូគ្រីស្ត និងយើងចែកសន្តិភាពនេះ។ នៅពេលដែលយើងបានសូត្រ«ឱព្រះបិតាយើងខ្ញុំ​»ចប់ហើយ យើងមានព្រះបន្ទូលរបស់ព្រះយេស៊ូមួយគឺ​ «ខ្ញុំឱ្យសុខសន្តិភាព គឺសន្តិភាពរបស់ខ្ញុំ» ហើយយើងសូមគ្រីស្តបរិស័ទចែកសន្តិភាពនេះរវាងគ្នានិងគ្នា ដោយមានសញ្ញាមួយយ៉ាងពិសេស។ នៅពេលយើងបញ្ចប់អភិបូជា យើងនិយាយដល់គ្រីស្តបរិស័ទរបស់យើងទាំងអស់ «សូមអញ្ជើញឱ្យបានសុខសាន្ត»។ អភិបូជាជាកំពូល ដើម្បីទទួលបានសន្តិភាពនៅក្នុងដួងចិត្ត។ អភិបូជា​ជាប្រភព ដើម្បីធ្វើដំណើរនៅក្នុងសង្គមបច្ចុប្បន្ន ដើម្បីផ្តល់សក្ដីភាពនៃសន្តិភាពដែលយើងបានទទួល ហើយសន្តិភាពនេះ គឺទទួលបានពីព្រះយេស៊ូផ្ទាល់ មិន​មែន​មក​ពី​លោកិយទេ។ យើងជាបូជាចារ្យ ដែលកសាងសុខសន្តិភាពតាមជីវិតរបស់យើងប្រចាំថ្ងៃ ជាពិសេសយើងជាអ្នកដែលសម្រុះសម្រួលគ្រប់ពេលវេលា។ ប៉ុន្តែមិនមែនសម្រុះសម្រួលតាមលោកិយនេះ ដោយ​គ្រាន់​អង្គុយជាមួយគ្នា និងនិយាយជាមួយគ្នាតិចតួច ប៉ុន្តែតាមរយៈអគ្គសញ្ញា និងប្រេងដែលយើងសូមឲ្យព្រះជាម្ចាស់ប្រសិទ្ធពរបន្តិចទៀត។​ ប្រេងនៃអគ្គសញ្ញា ជាប្រេងនៃជីវិត។ អគ្គសញ្ញាពិធីជ្រមុជទឹកនិងលាបថ្ងាស អគ្គសញ្ញាសម្រាប់​អ្នកជំងឺ អគ្គសញ្ញាដើម្បីតែងតាំង។ ហើយ​ខែក្រោយ​យើង​មាន​បូជាចារ្យ​ម្នាក់នឹងតែងតាំង​​អគ្គសញ្ញានៃជីវិត។ ប៉ុន្តែ ប្រេងដែលយើងប្រសិទ្ធពរបន្តិចទៀត គឺប្រេងនេះហៅយើង ដើម្បីឱ្យយើងកសាងសុខសន្តិភាពជាប្រចាំនៅក្នុងព្រះសហគមន៍របស់យើង ដោយនិយាយម្តង​ហើយ​ម្តងទៀត «សូមស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើង»។ សូមស្រឡាញ់ សូមអធិស្ឋានសម្រាប់​សត្រូវ​របស់​ខ្លួន​ ដើម្បីឱ្យយើងបង្ហាញថា ពិតមែន យើងជាប្រជាជនរបស់ព្រះជាម្ចាស់ ដែល​លែងមានសញ្ជាតិ​ គឺយើងជាគ្រួសារតែមួយនិង​ជាបងប្អូនគ្នានៅក្នុងអង្គព្រះគ្រីស្ត។ ដូច្នេះ ព្រះបន្ទូលរបស់ព្រះយេស៊ូមិនមែនជាព្រះបន្ទូលដែលយើងត្រូវ​ជ្រើសរើស បើ​ពេញចិត្តនឹងធ្វើតាម បើ​អន់ចិត្តនឹង​មិនស្តាប់នោះ​ទេ។ ព្រះយេស៊ូមានព្រះបន្ទូលថា សូមស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គបានស្រឡាញ់យើង និងព្រះអង្គថែមទៀត សូមស្រឡាញ់ សូមអធិស្ឋានសម្រាប់​សត្រូវ​ សូមទៅជាអ្នកកសាងសុខសន្តិភាព ដើម្បីទទួលបានសុភមង្គលដ៏ពិតប្រាកដ។

ទី​៣ លោកឪពុកជាទីស្រឡាញ់ ឱ្យយើងបន្តធ្វើដំណើររួមជាមួយគ្នា ដោយលាបប្រេងក្រអូបលើដួងចិត្តរបស់យើង ដោយយកចិត្តទុកដាក់ យល់ចិត្តគ្នាទៅវិញទៅមក ដោយអធិស្ឋានទៅព្រះជាម្ចាស់ ដោយដឹងថា នៅពេលយើងទូលអង្វរ ព្រះអង្គឆ្លើយតបនៅថ្ងៃណាមួយ។ នៅកន្លែងណាមានការស្អប់គ្នា មានអំពើហិង្សា យើងត្រូវ​បង្កើតសុខសន្តិភាព និងបង្កើតភាព​សុភាពរាបសារ។ ប្រេងដែលយើងនឹងប្រសិទ្ធពរ មិនមែននិមិត្តរូបទេ ប៉ុន្តែខ្ញុំហ៊ាននិយាយថា វាជាអគ្គសញ្ញានៃសន្តិភាព សម្រាប់ដួងចិត្តយើង សម្រាប់ពិភពលោកយើង ដោយសារប្រេងនេះ ណែនាំឱ្យយើងទទួលសន្តិភាពពីព្រះជាម្ចាស់ដ៏ពិតប្រាកដ។ នៅពេលយើងលាបប្រេង វាមិន​ត្រឹម​តែ​ជា​សញ្ញាមួយទេ ពេលយើងដាក់ប្រេងនៅលើថ្ងាសរបស់បងប្អូន យើងដឹងថា ប្រេងនេះ រួម​ជាមួយព្រះបន្ទូលរបស់ព្រះយេស៊ូ ធ្វើ​ឲ្យ​មានសមត្ថភាព មានកម្លាំង មានឥទ្ធិពលយ៉ាងជាក់​ស្តែង ដើម្បីប្រទានជីវិតនិងសេចក្ដីសុខសាន្តដ៏ពេញលក្ខណៈ ដោយសារជីវិតនិង​សេចក្តីសុខសាន្ត​គឺមកពីព្រះជាម្ចាស់ផ្ទាល់។ នៅពេលនេះយើងមិន​និយាយថា លែងមានទុក្ខព្រួយ លែងមានទុក្ខលំបាក ប៉ុន្តែយើង​មានតែសេចក្ដីសង្ឃឹម និងសុខសន្តិភាព។

Facebook
Twitter
LinkedIn