ធម្មទេសនាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ពិធីបិទការស៊ើបអង្កេតមរណសាក្សីនៅកម្ពុជា

«ចូរត្រេកអរ សប្បាយ ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរឡើង ត្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជាជនព្រះអង្គ។»

បងប្អូនជាទីស្រឡាញ់ នេះ​ជាអារម្មណ៍របស់យើង ប៉ុន្តែអ្វីដែលជាប្លែក គឺថ្ងៃនេះយើងបានបិទស៊ើបអង្កេតអំពីបេក្ខជននៃមរណសាក្សីដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ នេះជាអំណរសប្បាយ​សម្រាប់ព្រះសហគមន៍របស់យើង ប៉ុន្តែថ្ងៃស្អែក ខ្ញុំមានពិធីបិទមួយទៀត។ ថ្ងៃស្អែក ខ្ញុំទៅអភិបូជាចុងក្រោយនៅអារាមការមែល បងស្រីសម្ងាត់ ហើយនេះជាសញ្ញាមួយដែលនាំឱ្យយើងព្រួយចិត្ត និងនាំឱ្យយើងសោកស្ដាយ ប៉ុន្តែនេះជាជីវិតរបស់យើង ដោយដឹងថា ព្រះជាម្ចាស់មានសញ្ញានីមួយៗ ព្រះជាម្ចាស់មានព្រះបន្ទូលនីមួយៗ ខុសៗគ្នា ដើម្បីនាំឱ្យយើងទៅមុខជានិច្ច ដោយទទួលព្រះបន្ទូលដែលយើងស្ដាប់ថ្ងៃនេះ ព្រះអម្ចាស់សម្រាលទុក្ខប្រជាជនព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ ដែលរងទុក្ខវេទនាជានិច្ច។

ដោយសារនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ពេលយើងនិយាយអំពីមរណសាក្សី មានន័យថាជាសាក្សីដែលបានស្លាប់ក្នុងនាមជំនឿ សាក្សីដែលគេបានសុខចិត្តលះបង់ចោលអ្វីៗទាំងអស់ ដើម្បីរួមរស់ជាមួយប្រជាជនផ្ទាល់ខ្លួន នៅក្នុងព្រះសហគមន៍ផ្ទាល់ខ្លួន នៅលើទឹកដីផ្ទាល់ខ្លួន រហូតដល់បាត់បង់ជីវិត។ ក្នុងការបាត់បង់ជីវិតនេះ ក្នុងការរងទុក្ខលំបាកវេទនាដែលគេបានទទួល យើងបានមើលឃើញផ្លែ​សម្រាប់ព្រះសហគមន៍យើងសព្វថ្ងៃ។ និងផ្លែ​នេះ ជាសក្ខីភាពដ៏ពិសេសសម្រាប់ជំនាន់នេះ ដោយសារបងប្អូនជាទីស្រឡាញ់ ពេលយើងនិយាយអំពីមរណសាក្សីដែលយើងមានឯកសារពេញនៅក្នុងកេះ​របស់យើងដែលយើងផ្ញើទៅរ៉ូម យើងកំពុងនិយាយអំពីប្រវត្តិសាស្ត្រថ្មីៗ តែ ៥០ ឆ្នាំមុន ថ្មីៗមែនទែន។

និងសព្វថ្ងៃ ព្រះសហគមន៍របស់យើងដែលបានរងទុក្ខលំបាកពីឆ្នាំ ៧០ អាចនិយាយ​ថា​ពី​ឆ្នាំ ៩០ គឺឆ្នាំ ៩០ ដែលលោកអេមីល លោកអ៊ីវ បានត្រឡប់មកវិញដើម្បីចាប់ផ្ដើមប្រមូលគ្រីស្តបរិស័ទដែលនៅសល់ និងគ្រីស្តបរិស័ទមួយចំនួនថ្មីៗដែលបានទទួលពិធីជ្រមុជទឹកនៅក្នុងជំរំនៅសម័យ ប៉ុលពត យើងមើលឃើញព្រះសហគមន៍របស់យើងជាព្រះសហគមន៍ម្យ៉ាង​ក្មេងខ្ចី។ តាមពិត ថ្ងៃនេះខ្ញុំបានអញ្ជើញគ្រីស្តបរិស័ទដែលធ្លាប់ស្គាល់មរណសាក្សីពីបាត់ដំបង និងពីកំពង់ចាម។ ពីភ្នំពេញអត់សូវមានទេ យើងមានអំណរសប្បាយ​ដោយសារយើងមានប្អូន​ស្រី​បង្កើត​​របស់លោកអភិបាលឆ្មារសាឡាស់ និងបងស្រីម្នាក់ទៀតដែលថ្ងៃនេះសុខភាពមិនសូវស្រួលមកអត់បានទេ គឺ​ប្រាកដ និងប្រកប។ នេះជារឿងយ៉ាងពិសេស។

ប៉ុន្តែបងប្អូន ថ្ងៃនេះយើងមានសាក្សីដែលស្គាល់មរណសាក្សីរបស់យើងដែលមកពីព្រះសហគមន៍បាត់ដំបង ដែលមកពីកំពង់ធំ អត់ដឹងមកពីក្តុលលើខ្លះ ជាមួយលោករ៉ាបាំងដែលបានទទួលមរណភាពនៅក្តុលលើតែម្ដង។ និងប្រសិនបើយើងមើលភ្នំពេញ ភ្នំពេញសុទ្ធតែអ្នកថ្មីៗមក។ ភ្នំពេញ ព្រះសហគមន៍យើង មើលកំពត មើលតាកែវ សុទ្ធតែក្រោយឆ្នាំ ២០០០។ វត្តមានរបស់លោកឪពុកក្នុងពេលនេះ បាននាំមកនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ខណៈដែលយើងកំពុងស្ថិតក្នុងកាលៈទេសៈប្រវត្តិសាស្ត្រដ៏វិសេសវិសាលមួយ។ ព្រឹត្តិការណ៍បែបនេះ កម្រនឹងកើតមានណាស់ក្នុងមួយសតវត្ស ឬច្រើនសតវត្សម្តង ហើយក្នុងមួយជីវិតរបស់យើង​ម្នាក់ៗ ក៏ប្រហែលជាមានឱកាសជួបប្រទះតែម្តងគត់។ យើងពិតជាមានសំណាងដែលបានស្ថិតក្នុងឱកាសដ៏កម្រ និងមានតម្លៃជាប្រវត្តិសាស្ត្រនេះ។

និងក្នុងចំណោមលោកឪពុកទាំងអស់ដែលមកទីនេះ តាមពិតសាសនទូតដែលធ្វើដំណើរដូចខ្ញុំនិយាយ នៅ​ជំនាន់​ជាមួយលោកអ៊ីវ ឬលោកអេមីល ឬលោកតាវិនណែរ លោកតាប៉ុងសូដ៍ ទទួលមរណភាពអស់ហើយ នៅទីនេះមានតែលោកអភិបាលលី ប៉ុន្តែលោកអភិបាលលី ប្រហែលបានជួប ឬ​មិន​បាន​ជួប​ស្គាល់លោកឆ្មារសាឡាស់ឬអត់ក៏​អត់ដឹងដែរ ព្រោះ​គាត់អាយុ​តែ ៣-៤ ឆ្នាំទេ លោកវិន័យ​ក៏ដូចគ្នា​ ហើយ​ប្រហែល​លោកសុនដែរ។ ប្រជាជនរបស់យើង ១០ ឆ្នាំជាង ដែលបានស្គាល់ប្រវត្តិសាស្ត្រ ដែលបានឆ្លងកាត់​និង​រងទុក្ខលំបាកនេះ​។ ហើយយើងទាំងអស់គ្នា ជាអ្នកថ្មីៗ ប៉ុន្តែយើងជាអ្នកថ្មីៗដែលចូលនៅក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃព្រះសហគមន៍កាតូលិកកម្ពុជា ដែលចូលនៅក្នុងជីវិតរបស់ប្រជាជនខ្មែរទាំងមូល។ ហើយកុំឲ្យយើងច្រឡំ បេក្ខភាព​របស់​យើង​មានតែ ១២ នាក់នេះ​ ប៉ុន្តែយើងដឹងថាមានរាប់លាននាក់ដែលបានទទួលមរណភាព ហើយក្នុងនេះមានពុទ្ធបរិស័ទ មានឥស្លាមបរិស័ទយ៉ាងច្រើន ក្នុងនេះមានគ្រីស្តបរិស័ទរបស់យើងយ៉ាងច្រើនដែរ។ និង ១២ នាក់ ជាតំណាងដើម្បីកុំឱ្យយើងភ្លេចដល់បងប្អូនផ្សេងៗដែលបានទទួលមរណភាពដែរ។ ពីព្រោះហេតុសព្វថ្ងៃពេលយើងទៅតាំងគោក យើងគោរពវិញ្ញាណក្ខន្ធរបស់បងប្អូនទាំងអស់ដែលបានរងទុក្ខលំបាក និងបាត់បង់ជីវិតនៅក្នុងសម័យប៉ុលពតនេះ។ នេះជាប្រវត្តិសាស្ត្ររបស់យើង។ នេះនៅក្នុងឈាមរបស់យើង នៅក្នុងហ្សែន​របស់យើង។ ប៉ុន្តែសព្វថ្ងៃ បងប្អូនជាទីស្រឡាញ់ យើងរស់នៅក្នុងសន្តិភាព។ ហើយថ្មីៗនេះ យើងបានឃើញសន្តិភាពជាទ្រព្យសម្បត្តិដែលយើងត្រូវតែថែរក្សា ហើយសព្វថ្ងៃយើងមើលឃើញទៀត សម្រាប់ពិភពលោកទាំងមូល សន្តិភាពជាទ្រព្យសម្បត្តិមួយដែលយើងត្រូវការថែរក្សា ជាវប្បធម៌មួយដែលយើងត្រូវការបង្កើតពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះថ្ងៃនេះយើងអរព្រះគុណព្រះជាម្ចាស់ សម្រាប់វត្តមានគ្រីស្តបរិស័ទ លោកឪពុក លោកអភិបាល បងស្រី មួយចំនួន ដែលបានសុខចិត្តលះបង់ដើម្បីនៅជាមួយប្រជាជនផ្ទាល់ មិនមែនតែនៅជាមួយគ្រីស្តបរិស័ទទេ ប៉ុន្តែនៅជាមួយបងប្អូនបង្កើតនៅលើទឹកដីផ្ទាល់។

ខ្ញុំមានសំបុត្រដែលលោក ឆ្មារ សាឡាស់ សរសេរនៅក្នុង ខែមករា នៅឆ្នាំ ១៩៧៥។ នៅពេលនោះគាត់នៅប្រទេសបារាំង គាត់សរសេរថា៖ «ដល់ពេលវេលាហើយ ដែលគាត់ត្រូវត្រឡប់មកកម្ពុជាវិញ ដោយសារ​លោក​អ៊ីវ កំពុង​ហៅគាត់មកវិញ។» ដោយដឹងថា គាត់សរសេរថា គាត់​ «មិនដឹងអ្វីដែលនឹងកើតឡើង ប៉ុន្តែខ្ញុំទៅ ដោយទុកចិត្តលើព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ នៅពេលគាត់ចេញពីផ្ទះរបស់គាត់ នៅផ្ទះគេហដ្ឋានលោកអភិបាលនៅមុនីវង្ស នៅថ្ងៃទី ១៨-១៩ ខែមេសានោះ គាត់អត់មានអីវ៉ាន់ច្រើនទេ មាន​តែ​កាបូបតូចមួយដាក់​សំភារៈ​គ្រឿងសក្ការៈ​ថ្វាយអភិបូជា ដើម្បីចេញធ្វើដំណើរទៅតាំងគោក ទោះបី​ខ្មែរក្រហមមិន​អនុញ្ញាតឱ្យយកអីវ៉ាន់អ្វីសោះ ដោយ​គេ​ថា​ទៅពីរបីថ្ងៃត្រូវត្រឡប់មកវិញ។

ការ​ត្រឡប់​មក​វិញ​របស់​គាត់​ គឺ​​លះបង់​ដើម្បីនៅ និងសុខចិត្តទទួលមុខងារ​ជាលោកអភិបាល ហើយនៅពេលគាត់ចេញ មានប៉ុន្មានដងគាត់បានធ្វើអភិបូជានៅលើគ្រែ នៅលើគ្រែដ៏មានជីវិត ទោះ​ដឹងថាគេ​ហាម​មិន​ឲ្យ​ថ្វាយ​អភិបូជា ប៉ុន្តែគាត់បានធ្វើ។ ហើយប៉ុន្មានដងយើងបានស្តាប់សាក្សីដែលជួបគាត់ គេ​ប្រាប់​ថា​គាត់​ញញឹមលើកទឹកចិត្ត​គេពេលគេកំពុងធ្វើស្រែ។ ហើយគាត់ចូលក្នុងក្រុមចល័តដើម្បីដើរ មិន​នៅកន្លែងតែមួយ ដើម្បីមើលប្រជារាស្ត្ររបស់គាត់ ក្នុង​នាម​គាត់គង្វាល។

ហើយ​នេះគឺជាកម្លាំងសម្រាប់ជំនាន់ថ្មីៗ ដែលយើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ ដើម្បីឱ្យព្រះសហគមន៍របស់យើងបន្តរស់នៅ លើមូលដ្ឋានគ្រឹះនៃក្រុមគ្រីស្តទូត​មែន ប៉ុន្តែលើមូលដ្ឋានគ្រឹះនៃជីវិតរបស់យើងនៅទីនេះ។ ហើយជីវិតរបស់យើងនៅទីនេះ មិនមែនធម្មតាទេ។

ពេលយើងមើល​ជីវិត​​បងស្រី លីឌី ដែលបានទទួលមរណភាពនៅស្រុកបារាយណ៍ មុនទៅដល់កំពង់ធំ។ គាត់មានតួនាទីមើលកូនក្មេង ដោយសារឪពុកម្តាយទៅធ្វើស្រែ។ ពេល​កូនក្មេងយំ គាត់ច្រៀងបទចម្រៀងពីឡាតាំងដែលគាត់ចាំ។ ហើយមានថ្ងៃណាមួយខ្មែរក្រហមគេឮ​ច្រៀងភាសាបរទេស ហើយក្រោយមកបាត់គាត់… ឱ្យទៅរៀនសូត… យើង​ដឹងហើយ​ពាក្យនេះ​មានន័យថា​ម៉េច។

នេះគឺជាកម្លាំងសម្រាប់ជំនាន់ថ្មីៗ។ សព្វថ្ងៃយើងមានគ្រីស្តបរិស័ទថ្មីៗយ៉ាងច្រើន ភូមិភាគ​ភ្នំពេញឆ្នាំនេះ មាន​១៥២ នាក់ ដែលកំពុងត្រៀមទទួលជីវិតពីអគ្គសញ្ញាជ្រមុជទឹក។ ហើយនេះជាកម្លាំងមួយដែលណែនាំឱ្យយើងចូលក្នុងការអស្ចារ្យ ដើម្បីលើកតម្កើងព្រះជាម្ចាស់ ដោយដឹងថា ទោះបីយើងរងទុក្ខលំបាក ទោះបីយើងវេទនាក៏យើងដឹងថា ព្រះជាម្ចាស់សម្រាលទុក្ខរបស់យើង។

បងប្អូនជាទីស្រឡាញ់! រួមជាមួយលោកឪពុក រួមជាមួយលោកអភិបាលថ្មីដែលជាកូនខ្មែរ រួមជាមួយបងប្រុសបងស្រីដែលបម្រើព្រះសហគមន៍របស់យើង រួមជាមួយគណៈកម្មការ ការិយាល័យនីមួយៗ រួមជាមួយគ្រីស្តបរិស័ទទាំងអស់ ឱ្យយើងបន្តធ្វើដំណើរនៅលើទឹកដីដ៏វិសេសរបស់យើង ដើម្បីផ្តល់សាក្ខីភាពដែលយើងបានទទួលពីមរណសាក្សី ពីគ្រីស្តបរិស័ទពីដើម ដើម្បីបន្តបង្ហាញថា «ពិតមែនព្រះជាម្ចាស់ស្រឡាញ់យើង ពិតមែនព្រះជាម្ចាស់ជាព្រះអម្ចាស់នៃសន្តិភាព ពិតមែនព្រះជាម្ចាស់គឺជាជីវិតអស់កល្បជានិច្ច»៕

Facebook
Twitter
LinkedIn