ធម្មទេសនា លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ក្នុងពិធីត្រាស់ហៅបេក្ខជនជំហានទី២ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល (ភ្នំពេញថ្មី)

បងប្អូនជាទីស្រឡាញ់ បងប្អូននៅទីនេះ ដើម្បីត្រៀមរៀបចំខ្លួនទទួលជីវិតថ្មី។ ព្រឹកមិញខ្ញុំបាននិយាយខ្លះៗ អំពីព្រះជាម្ចាស់ដែលបានបង្កើតយើង។ អំបាញ់មិញនៅក្នុងគម្ពីរអត្ថបទទីមួយដែលជាកំណើតពិភពលោក យើងបានស្ដាប់ម្ដងទៀត។ ព្រះជាម្ចាស់បានរៀបចំសួន សួនអេដែនដ៏ស្អាតបំផុត ដែលមានដើមឈើ ដែលមានផ្លែហូប ដែលមានសុខដុមរមនា។ នៅក្នុងអេដែនដ៏ស្អាតនេះ ព្រះជាម្ចាស់បានដាក់អដាំ និងអេវ៉ាដែលជាមនុស្សដំបូង។

ប៉ុន្តែនៅពេលហ្នឹង ព្រះជាម្ចាស់ចង់ឱ្យមនុស្សយើង ពិតមែនមានសុខសន្តិភាព មានសេចក្ដីស្រឡាញ់ដ៏ពេញលេញ មានសុខដុមរមនាពិតមែន ប៉ុន្តែព្រះជាម្ចាស់មានព្រះបន្ទូលថា «ប្រយ័ត្ន! ប្រយ័ត្នដើមឈើហ្នឹង កុំញ៉ាំផ្លែវាឱ្យសោះ ជាដើមដែលណែនាំឱ្យយើងដឹងអំពីអំពើល្អ និងអំពើអាក្រក់»

សត្វពស់… យើងស្គាល់សត្វពស់ហើយអត់? ខ្មែរយើងមានសត្វពស់ច្រើនណាស់។ សត្វពស់ដែលមានល្បិចច្រើន ចាប់ផ្ដើមទៅសួរ… ទៅសួរអេវ៉ាថា «ម៉េចដើមឈើនេះ មើលទៅវាផ្អែមឆ្ងាញ់ឈ្ងុយ ភ្លក្សទៅ»។ ប៉ុន្តែអេវ៉ាគាត់ដឹង គាត់ប្រាប់ប្ដី (ឆ្លាតដែរណាស្រីៗ) ប្រាប់ប្ដីថា «ហឹម… ទៅភ្លក្សទៅមើល វាឆ្ងាញ់អត់»

អដាំចាញ់ប្រពន្ធណាស់! ធ្វើតាមប្រពន្ធ… ដោយសារប្រពន្ធមេគ្រួសារ ប្ដីត្រូវតែធ្វើតាមប្រពន្ធមែនអត់? នៅញ៉ាំផ្លែហ្នឹង ពីពេលនេះទៅទៅ គេភ្ញាក់… ព្រោះព្រះជាម្ចាស់ក៏មានព្រះវិញ្ញាណ មានរឿងច្រើនកើតឡើង ដោយសារគេដឹងអ្វីដែលល្អ គេដឹងអ្វីដែលមិនល្អ គេដឹងអ្វីដែលត្រូវ គេដឹងអ្វីដែលមិនត្រូវ គេដឹងអំពីអំពើសុចរិត និងអំពើទុច្ចរិត។ មិនអាក្រក់ទេ យើងត្រូវតែដឹង!

ក៏ប៉ុន្តែបញ្ហាគឺអី? ព្រះជាម្ចាស់បានបង្កើតយើងឱ្យមានសេរីភាព… ព្រះជាម្ចាស់បានបង្កើតយើងឱ្យមានសេរីភាព! ហេតុនេះហើយ គ្រប់ពេលវេលា យើងត្រូវការសម្រេចចិត្ត តើយើងធ្វើអំពើល្អ ឬអំពើអាក្រក់? យើងម្នាក់ៗក៏ដូចគ្នាដែរ។

ជាមូលហេតុនៅក្នុងពិភពលោក មានការឈ្លោះគ្នា មានសង្គ្រាម មានបញ្ហាក្នុងគ្រួសារ ដោយសារដូចយើងស្ដាប់នៅក្នុងកាល្បួងរបស់ព្រះយេស៊ូ មារសាតាំងឆ្លាតណាស់។ មារសាតាំងចង់ឱ្យព្រះយេស៊ូមានអំណាច គ្រប់គ្រងទាំងលើពិភពលោកទាំងមូល។ មារសាតាំងចង់ឱ្យព្រះយេស៊ូមានទ្រព្យសម្បត្តិទាំងមូល។ មារសាតាំងចង់​ឲ្យ​យើង​លោភលន់ អំណាចណែនាំឱ្យយើងច្រណែន ទ្រព្យសម្បត្តិណែនាំឱ្យយើងលោភលន់។

បងប្អូនជាទីស្រឡាញ់ យើងកំពុងនិយាយអំពីរឿងពីដើម ប៉ុន្តែជីវិតយើងគឺហ្នឹង។ ជួនកាលយើងច្រណែន ជួនកាលយើងលោភលន់ ជួនកាលយើងស្អប់គេ ជួនកាលយើងបង្កើតល្បិចដើម្បីធ្វើឱ្យគេពិបាក។ ប៉ុន្តែនៅថ្ងៃនេះ ព្រះជាម្ចាស់ត្រាស់ហៅយើង ដើម្បីធ្វើពិធីយ៉ាងអធិកអធម ទទួលត្រាស់ហៅពីព្រះអង្គ ដើម្បីចូលបន្តិចម្ដងៗនៅក្នុងជីវិតថ្មី រួមជាមួយព្រះយេស៊ូគ្រីស្ត រួមជាមួយគ្រីស្តបរិស័ទ រួមជាមួយព្រះសហគមន៍របស់យើង។

បន្តិចទៀតខ្ញុំសួរដល់ឪពុកម្ដាយធម៌ ខ្ញុំសួរដល់គ្រូអប់រំជំនឿ ខ្ញុំសួរដល់លោកពុកដែលបានធ្វើដំណើរជាមួយបងប្អូនពីយូរយារណាស់មកហើយ តើបងប្អូនអធិដ្ឋាន? តើបងប្អូនស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើបងប្អូនមានចិត្តស្រឡាញ់សម្រាប់ព្រះជាម្ចាស់ និងបងប្អូនឯទៀតៗ? តើបងប្អូនយកចិត្តទុកដាក់ ដើម្បីបម្រើព្រះសហគមន៍? ហើយនៅពេលហ្នឹង គេឆ្លើយថា «មាន… ពិតមែន… ខិតខំ… យកចិត្តទុកដាក់»

កុំឱ្យការ​ឆ្លើយ​នេះ គ្រាន់តែ​សម្រាប់ពេលវេលានេះ។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងចូលក្នុងជីវិតថ្មី ជាមួយព្រះយេស៊ូគ្រីស្ត យើងត្រូវតែថែរក្សាចំណុចបីដ៏សំខាន់បំផុត៖

  • ទីមួយ៖ ឱ្យយើងយកចិត្តទុកដាក់អធិដ្ឋាន… អធិដ្ឋានជានិច្ច។
  • ទីពីរ៖ អធិដ្ឋានដើម្បីបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់។
  • ទីបី៖ អធិដ្ឋានដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្ដាប់អ្វីដែលព្រះជាម្ចាស់មានសម្រាប់ខ្ញុំផ្ទាល់ សម្រាប់ជីវិតខ្ញុំផ្ទាល់។

ពេលយើងត្រូវការសម្រេចចិត្ត អំពីរឿងណាមួយ ពេលយើងស្ដាប់ព្រះបន្ទូល យើងអាចសម្រេចចិត្តយ៉ាងល្អ នៅក្នុងសេរីភាពរបស់យើងមែន ប៉ុន្តែដោយទទួលពន្លឺពីព្រះជាម្ចាស់ផ្ទាល់។ អធិដ្ឋាន… យកពេលស្ងប់ស្ងាត់។ ព្រឹកមិញយើងសប្បាយចិត្តណាស់ ព្រឹកមិញនៅពេលយើងស្ងប់ស្ងាត់មួយរយៈ យើងមានអារម្មណ៍ថា ព្រះជាម្ចាស់គង់នៅជាមួយយើង ព្រះជាម្ចាស់ណែនាំយើង កក់ក្ដៅ សុខដុមរមនានៅក្នុងចិត្តរបស់យើងផ្ទាល់។

អធិដ្ឋានដោយចូលអភិបូជា អធិដ្ឋានដោយសូត្រ “ព្រះនាងម៉ារី” អធិដ្ឋានដោយគោរពព្រះកាយព្រះគ្រីស្ដ។ អធិដ្ឋានដោយស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិដ្ឋាននៅពេលដែលយើងនៅម្នាក់ឯង ព្រឹកឡើង ភ្ញាក់ពីដេក អរគុណព្រះជាម្ចាស់ដែលបានថែរក្សាយើងមួយយប់ ផ្ដល់ជីវិតសម្រាប់មួយថ្ងៃជាមួយព្រះជាម្ចាស់។

អធិដ្ឋាននៅពេលល្ងាច ដើម្បីនឹកឃើញថ្ងៃនេះខ្ញុំបានធ្វើនេះល្អ ថ្ងៃនេះខ្ញុំបានធ្វើនេះអាក្រក់ ថ្ងៃនេះខ្ញុំអរព្រះគុណព្រះជាម្ចាស់ ថ្ងៃនេះខ្ញុំសុំទោសព្រះអង្គ។ អធិដ្ឋានជារៀងរាល់ថ្ងៃ ដើម្បីនឹកឃើញព្រះជាម្ចាស់។

នៅក្នុងទីក្រុងរបស់យើង នៅក្នុងភូមិរបស់យើង អត់សូវមាន​ជួង។ ពីរបីបួនថ្ងៃមុន ខ្ញុំនៅចំប៉ា ខ្ញុំធ្វើព្រះពរ​លើជួងថ្មី ហើយជួងដែលវាយប៉ុន្មានដងក្នុងមួយថ្ងៃ ប្រហែល​បីបួនដង ល្អណាស់ ដើម្បីនឹកឃើញវត្តមានរបស់ព្រះជាម្ចាស់។ ប៉ុន្តែ​សព្វ​ថ្ងៃ យើង​អត់សូវមានទេ។ ពីព្រឹកមិញ ខ្ញុំឮទូរសព្ទមួយរោទ៍រហូត​ មិន​ដឹង​ទូរស័ព្ទ​អ្នកណា? អាចដាក់​សំឡេង​ទូរស័ព្ទ​យើង​ជាសំឡេង​ជួងទៅ ប៉ុន្តែដាក់ម៉ោងរោទ៍ ម៉ោង៦ព្រឹក ម៉ោង១២ ម៉ោង៨យប់ ឲ្យទូរសព្ទរោទ៍​ សំឡេងជួង ដើម្បី​នឹកឃើញព្រះជាម្ចាស់ ហើយនិយាយមួយម៉ាត់ “ឱព្រះជាម្ចាស់អើយ ខ្ញុំស្រឡាញ់ព្រះអង្គ ឱព្រះជាម្ចាស់អើយ ការពារខ្ញុំ! ឱព្រះជាម្ចាស់អើយ សុំទោស ថ្ងៃនេះខ្ញុំវង្វេងអស់ហើយ! ឱព្រះជាម្ចាស់អើយ សុំឲ្យកម្លាំង ថ្ងៃនេះខ្ញុំត្រូវការកម្លាំងពីព្រះអង្គ”។

ចំណុច​ទី​២​ បងប្អូនជាទីស្រឡាញ់ ស្រឡាញ់ជាអ្វីដែលយើងបានស្ដាប់ពេញមួយព្រឹក ស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើង ស្រឡាញ់ព្រះជាម្ចាស់អស់ពីដួងចិត្ត អស់ពីជំនឿ អស់ពីកម្លាំងកាយ កម្លាំងចិត្ត។ សេចក្ដីស្រឡាញ់ ជាអត្តសញ្ញាណរបស់គ្រីស្តបរិស័ទ ដោយសារព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាចំពោះយើង ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីស្រឡាញ់។

នៅពេលយើងស្ទើរសេចក្ដីស្រឡាញ់ យើងដឹងថា ទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់ស្ទើរហើយ។ ចិត្តមេត្តា អាណិត សម្រាប់បងប្អូនឯទៀតៗ កុំភ្លេចណា រៀងៗខ្លួន ជាគណៈកម្មការសង្គហៈ​ដ៏តូចមួយ មិនមែនតែគណៈកម្មការធំទេ។ រៀងៗខ្លួន យើងមានតួនាទី ស្ដាប់ មើល ដាក់ចិត្តដល់បងប្អូនឯទៀតៗដែលកំពុងរងទុក្ខលំបាក ដែលបាត់បង់សេចក្ដីសង្ឃឹមក្នុងជីវិត ដល់អ្នកជំងឺ ដល់យាយ ដល់បងប្អូនដែលអត់មានទីពឹងសោះ។ សេចក្ដីស្រឡាញ់ជាអត្តសញ្ញាណដ៏ពិសេសបំផុតរបស់យើងជាគ្រីស្តបរិស័ទ។

ចាំការ​ពន្យល់​ពីព្រឹកមិញ? បេះដូងជាកែវ! កែវមួយដែលយើងចាក់ មិនមែនទឹកទេ ប៉ុន្តែ​សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែ​សេចក្តីស្រឡាញ់​នេះ​អត់មានព្រំដែនទេ វាហៀរ វាចូល​ហើយ វាហៀរទៀត ហៀរទៀតសម្រាប់បងប្អូនឯទៀតៗ។

ទី​​បីគឺ​បម្រើ! ​ អធិដ្ឋាន និងស្រឡាញ់ ស្រឡាញ់ដោយបម្រើ។ អត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទ គឺបម្រើដែរ។ យើងជាអ្នកបម្រើ មិនមែនគេប្រើយើងទេ យើងជាអ្នកបម្រើពិតប្រាកដ យើងជាអ្នកបម្រើអស់ពីដួងចិត្ត យើងជាអ្នកដែលជួយបងប្អូនឯទៀតៗដោយអំណរសប្បាយ។ ព្រះសហគមន៍របស់យើងជាគ្រួសារមួយ ដែលចេះជួយគ្នាទៅវិញទៅមក ដូចប៉ុន្មានអាទិត្យខាងមុខនេះ យើងរៀបចំចូលឆ្នាំ ហើយពេលយើងរៀបចំចូលឆ្នាំតាមផ្ទះរៀងៗខ្លួន ជាសមាជិកនៅក្នុងគ្រួសារ យកចិត្តទុកដាក់ ដើម្បីរៀប ដើម្បីស្វាគមន៍ភ្ញៀវ ស្វាគមន៍បងប្អូន ដើម្បីសប្បាយរួមគ្នា សម្អាតផង ធ្វើម្ហូបផង ទៅផ្សារផង រៀបចំច្រៀងផង រៀបចំសប្បាយ លេងល្បែងតាមប្រពៃណីផង យើងខំរៀប បម្រើគ្នាទៅវិញទៅមក អត់គិតអំពីប្រាក់ខែ អត់គិតអំពីរង្វាន់ អត់គិតអំពីបានសរសើរ។ បម្រើដូចជាអ្នកបម្រើធម្មតា នេះជាឥរិយាបថរបស់យើងជាគ្រីស្តបរិស័ទ។

ដូច្នេះបងប្អូនជាទីស្រឡាញ់ អធិដ្ឋាន ជាអត្តសញ្ញាណរបស់យើង បង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដើម្បីវត្តមានរបស់ព្រះអង្គជំរុញយើងឲ្យទៅមុខតទៅទៀត ស្រឡាញ់ព្រះជាម្ចាស់ និងបងប្អូនឯទៀតៗ និងបម្រើក្នុងជីវិតរបស់យើងប្រចាំថ្ងៃ មិនមែនតែថាយើងបោសសំរាមនៅក្នុងវិហាររបស់យើងទេ បម្រើ… បម្រើគឺអ្វីដែលត្រូវតែធ្វើ យើងជួយក្នុងផ្ទះ ជួយនៅសាលា ជួយគ្រប់ទីកន្លែងដែលយើងនៅ ដើម្បីឲ្យព្រះសហគមន៍យើង សង្គមយើង ភូមិយើង គ្រួសារយើង មានសេចក្ដីសុខ។ បើប្រសិនយើងចាំលើគេ អត់មានអីកើតឡើងទេ។

សរុបសេចក្ដី ឲ្យយើ​ងទទួលខស​ត្រូវ​ជាន់ខ្ពស់​ ដើម្បីបង្កើតសួនអេដែនសារជាថ្មី ដើម្បីឲ្យពិភពលោករបស់យើង ទៅជាសញ្ញាសម្គាល់នៃព្រះរាជ្យរបស់ព្រះជាម្ចាស់ដែលកំពុងយាងមក។ បងប្អូនជាទីស្រឡាញ់ បងប្អូនដែលបានចូលថ្ងៃពុធរោយផេះ ឬចូលថ្ងៃស្អែក នៅពេលលោកពុកគូសសញ្ញាឈើឆ្កាងជាមួយផេះនោះ លោកពុកមានប្រសាសន៍ថា តាមព្រះបន្ទូលរបស់ព្រះយេស៊ូ “ចូរកែប្រែចិត្តគំនិត និងជឿលើដំណឹងល្អចុះ” និងព្រះបន្ទូលដែល​ពេញ​លក្ខណៈ គឺ​ “ព្រះរាជ្យរបស់ព្រះជាម្ចាស់ជិតមកដល់ហើយ”។ ព្រះរាជ្យរបស់ព្រះជាម្ចាស់ គឺសួនអេដែនពីដើម ដែលយើងទន្ទឹងរង់ចាំមើលនៅស្ថានបរមសុខ ដែលយើងកំពុងសាងសង់នៅទីនេះ។ ពេលយើងសាងសង់សន្តិភាពដែល​យើង​បាន​និយាយ​ព្រឹកមិញ ពេលយើងសាងសង់ទំនាក់ទំនងដែលចេះស្រឡាញ់គ្នាទៅវិញទៅមក ពេលយើងចេះលើកលែងទោសឲ្យគ្នាទៅវិញទៅមក យើងកំពុងបង្កើតព្រះរាជ្យរបស់ព្រះជាម្ចាស់។

ព្រះរាជ្យរបស់ព្រះជាម្ចាស់ ជាសួនអេដែនថ្មីដែលយើងកំពុងបង្កើតលើផែនដី។

ដូច្នេះបងប្អូនជាទីស្រឡាញ់ នៅពេលយើងស្រឡាញ់ នៅពេលយើងអធិដ្ឋាន នៅពេលយើងបម្រើ យើងដឹងថា យើងជាគ្រីស្តបរិស័ទដ៏ពិតប្រាកដមែន ជាគ្រីស្តបរិស័ទសកម្ម ដែលនាំឲ្យព្រះជាម្ចាស់សប្បាយចិត្ត ដែលណែនាំឲ្យបងប្អូនឯទៀតៗមានកម្លាំង ដែលណែនាំឲ្យពិភពលោក​បើកភ្នែកធំៗ “មូលហេតុអីបានគេចេះស្រឡាញ់គ្នា? មូលហេតុអីបានគេចេះលើកលែងទោសឲ្យគ្នា?” គឺដោយសារព្រះយេស៊ូ។

អ៊ីចឹងបងប្អូនជាទីស្រឡាញ់ យើងអរព្រះគុណព្រះជាម្ចាស់ និងរួមជាមួយលោកពុក រួមជាមួយគ្រីស្តបរិស័ទ គ្រូអប់រំជំនឿ ឪពុកម្ដាយធម៌ដែលមានតួនាទីដ៏សំខាន់ដែរ យើងរួមគ្នាអរព្រះគុណព្រះជាម្ចាស់ និងបន្តធ្វើដំណើរជាមួយបងប្អូនដែលថ្ងៃនេះ ព្រះជាម្ចាស់ត្រាស់ហៅយ៉ាងឱឡារិក​ ដើម្បីខាងមុខនេះទទួលជីវិតថ្មីលើផែនដីនេះ ដើម្បីត្រៀមជីវិតថ្មី​នៅស្ថានបរមសុខ។ អាមែន៕

 

Facebook
Twitter
LinkedIn