ឯកសារដែលមានប្រមាណ៦០០០ទំព័រ បានដាក់ដោយឡែកៗចំនួន៦កេះ ដែលទាក់ទងនឹងសំណុំរឿងស៊ើបអង្កេតសម្រាប់មរណសាក្សីនៅកម្ពុជា ត្រូវបានបិទជាស្ថាពរកាលពីពេលថ្មីៗនេះ ដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដែលមានលោកអភិបាល លោកបូចារ្យ និងគ្រីស្តបរិស័មកពីភូមិភាគទាំងបីរបស់ព្រះសហគមន៍កាតូលិកជិត៣០០នាក់ចូលរួម។
លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រកាសយ៉ាងឱឡារិកកាលពីថ្ងៃទី១៨ ខែមីនានេះថា «ការស៊ើបអង្កេតអំពីអ្នកបម្រើរបស់ព្រះជាម្ចាស់…..បានបិទហើយ»។
លោកឲ្យដឹងថា អ្នកបម្រើរបស់ព្រះជាម្ចាស់ទាំងនេះ ជាគំរូនៃជំនឿនិងជាក្តីសង្ឃឹមសម្រាប់ព្រះសហគមន៍ជំនាន់នេះ និងជំនាន់ក្រោយៗ ដោយពួកគាត់បានផ្តល់សក្ខីកម្មយ៉ាងជាក់ស្តែង នាំឲ្យយើងមានជំនឿ បន្តអធិដ្ឋាន និងបន្តយកចិត្តទុកដាក់បង្ហាញមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះគ្នាទៅវិញទៅមក និងចំពោះអ្នកដទៃ។
អ្នកបម្រើរបស់ព្រះជាម្ចាស់មានចំនួន១២រូបរួមមាន៖ លោកអភិបាលយ៉ូសែបឆ្មារសាឡាស់ លោកបូជាចារ្យយ៉ូសែបឆ្មារសាឡឹម លោកបូជាចារ្យម៉ាសែលទ្រឿងសាងសំរើន លោកបូជាចារ្យសិលារ៉ាប៉ាំង បងប្រុសដាមីយ៉ាំង លោកបូជាចារ្យសាល់បាដ្រេ បងស្រីហ្សាកឺលីនសួន បងស្រីលីឌីនូសាវ៉ាន់ លោកយ៉ូសែបសំគីមសាន លោកយ៉ូសែបថុង លោកសិលាឈុំសំចៃ និងលោកសិលារស់អេន។
លោកអភិបាលអូលីវីយ៉េ ជាអភិបាលគ្រប់គ្រងដំណើរការតុលាការស៊ើបអង្កេតមរណសាក្សីនេះមានប្រសាសន៍ថា ការស៊ើបអង្កេតនេះ ចាបផ្តើមតាំងពីឆ្នាំ២០១៥មក ក្រោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានចេញលិខិតអនុញ្ញាតឲ្យព្រះសហគមន៍កម្ពុជាអាចប្រមូលឯកសារនិងស៊ើបអង្កេតចំពោះអ្នកដែលបានបូជាជីវិតក្នុងពេលមានសង្គ្រាមនៅកម្ពុជា។
ក្នុងរយៈពេលនេះ តុលាការបានបើកសំណុំរឿងធំៗចំនួន២២ដង និងបានជួបសាក្សីជាច្រើន។ លោកអភិបាលសង្ឃឹមថា «នៅពេលអនាគត យើងមានដំណឹងល្អ និងព្រះសហគមន៍ទាំងមូល ហើយគោរពសាក្សីរបស់យើង និងទទួលកម្លាំងថែមទៀត និងជាពិសេសសម្រាប់ព្រះសហគមន៍កាតូលិកកម្ពុជារបស់យើងជំនាន់ថ្មីៗ ដែលអត់បានស្គាល់ ប៉ុល ពត ដែលអត់បានស្គាល់ទុក្ខលំបាក ដែលស្គាល់សន្តិភាពសព្វថ្ងៃ ឱ្យយើងបន្តថែរក្សាសន្តិភាពនេះ និងបន្តតស៊ូក្នុងជំនឿរបស់យើង ដើម្បីទៅជាសាក្សីតៗទៅទៀត។»
លោកបន្តថា ឯកសារដែលបានបញ្ចប់នេះ នឹងដាក់ទៅកាន់ទីក្រុងរ៉ូមដើម្បីឲ្យក្រសួងសម្រាប់សន្តបុគ្គលត្រួតពិនិត្យ និងបញ្ជូនការសម្រេចថ្វាយទៅសម្តេចប៉ាបឡេអូទី១៤។
លោកបូជាចារ្យប៉ូល រឿងឆ័ត្រសិរី អ្នកប្រមូលសំណុំរឿង ឲ្យដឹងថាឯកសារដែលបានដាក់ទៅនោះ មាន២ផ្នែកសំខាន់ៗ គឺមានឯកសារអំពីតុលាការ និងឯកសារអំពីប្រវត្តិរបស់អ្នកបម្រើរបស់ព្រះជាម្ចាស់ទាំង១២រូបនោះ។
លោកបូជាចារ្យឆ័ត្រសិរី បន្តថាការស៊ើបអង្កេតនេះ មានសេចក្តីណែនាំពីក្រសួងសន្តបុគ្គលនិងអ្នកមានសុភមង្គលពីទីក្រុងរ៉ូម។ ក្រសួងនេះបានចេញឯកសារណែនាំ ដើម្បីឱ្យយើងបានដឹងរបៀបនៃការស៊ើបអង្កេត ដូច្នេះយើងព្យាយាមមែនទែន ដើម្បីដើរតាមផ្លូវនេះ ក៏ដូចជាការបង្កើតតុលាការ ការបង្កើតអ្នកដែលពាក់ព័ន្ធនៃទទួលខុសត្រូវ របៀបនៃការបើកតុលាការ ឬក៏របៀបនៃការប្រមូលឯកសារ ហើយរៀបចំឯកសារទាំងអស់ ដើម្បីបន្តការស៊ើបអង្កេត។
លោកបូជាចារ្យវ៉ាំងសង់ ច្រេចទៀន អ្នកប្រមូលឯកសារផ្នែកប្រវត្តិសាស្ត្រនិយាយថា ឯកសារប្រវត្តិរបស់មរណសាក្សីនីមួយៗ ត្រូវការពេលវេលាជាច្រើនដើម្បីចងក្រង ហើយខ្លះអាចដល់ទៅ៦ខែដើម្បីទទួលបានឯកសារមួយពេញលេញ។ ប្រភពឯកសារទាំងនោះត្រូវបានយកមកពីប្រទេសជាច្រើនដូចជា បារាំង ទីក្រុងរ៉ូម ម៉ាឡេស៊ី វៀតណាម ចំណែកឯកសារនៅក្នុងប្រទេសកម្ពុជាយើងពិបាករកដោយសារសម័យប៉ុលពត បានបំផ្លាញអស់គ្មានសល់។
លោកវ៉ាំងសង់បន្តថា «បច្ចុប្បន្ន យើងត្រូវថែរក្សាការពារឯកសារទាំងនោះឱ្យបានហ្មត់ចត់បំផុត។ ក្នុងនាមជាសមាជិកតុលាការរៀបចំឯកសារ យើងបានបោះលេខរៀងលើគ្រប់ទំព័រ ហើយលោកពុកយ៉ាំងលូកា បានចុះហត្ថលេខាលើគ្រប់ឯកសារទាំងអស់។ បន្ទាប់មក លោកអភិបាល អូលីវីយ៉េ នឹងបោះត្រាបញ្ជាក់ ដើម្បីធានាថាគ្មាននរណាម្នាក់អាចបន្ថែមបន្ថយ ឬកែប្រែខ្លឹមសារបានឡើយ។ ការធ្វើបែបនេះ គឺដើម្បីប្រកាសជាផ្លូវការមុននឹងបញ្ជូនទៅទីក្រុងរ៉ូមថា ឯកសារយើងស្អាតស្អំ និងគ្មានការភូតកុហក។»
កញ្ញាក្លារ៉ា ម៉ៅ សាវេត ជាគ្រីស្តបរិស័ទមកពីខេត្តកំពង់ធំនិយាយថា ថ្ងៃនេះគឺមានអត្ថន័យមែនទែនសម្រាប់ជីវិតរបស់នាង «គឺធ្វើឱ្យខ្ញុំមានជំនឿរឹងមាំ» ព្រោះបងប្អូនទាំងនោះគឺជាគំរូដ៏ល្អសម្រាប់នាងដើម្បីបន្តដំណើរជីវិតជាគ្រីស្ដបរិស័ទ។ ស្ត្រីរូបនេះ មានក្តីសេចក្ដីសង្ឃឹមថា សម្ដេចប៉ាប ឬអ្នកដែលមានទំនាក់ទំនងក្នុងការស៊ើបអង្កេតរឿងនេះ នឹងអាចផ្ដល់នូវសេចក្ដីសង្ឃឹមមួយសម្រាប់គ្រីស្ដបរិស័ទប្រទេសកម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាជាផ្លូវការ។
ក្នុងនាមជាគ្រូអប់រំជំនឿ សាវ៉េតបានប្រាប់ថា នាងនឹងយកគំរូរបស់អ្នកបម្រើព្រះជាម្ចាស់មកអនុវត្តក្នុងជីវិតរស់នៅសព្វថ្ងៃ និងអធិដ្ឋានសម្រាប់អ្នកឈ្វេងយល់ជំនឿ និងអ្នកដែលកំពុងស្វែងរកព្រះជាម្ចាស់សូមព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់បងប្អូនទាំងនោះ ដើម្បីឱ្យមានចិត្តក្លាហានក្នុងការបន្តជំនឿ ឱ្យមានភាពរឹងមាំក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះបងប្អូននៅក្នុងពិភពលោកទាំងមូលផងដែរ។
អ្នកស្រីយូរ ឆ្មារ ប្រាកដ ជាសាក្សីរស់ដែលជាប្អូនស្រីបង្កើតរបស់លោកអភិបាលឆ្មារសាឡាស់ បានឲ្យដឹងថា គាត់មានចិត្តរំភើប និងដឹងគុណព្រះជាម្ចាស់យ៉ាងខ្លាំង ដែលបានផ្ដល់សំណាងឱ្យគាត់និងយុវជនជំនាន់ក្រោយ បានទទួលនូវផ្លែផ្កានៃជំនឿដែលកើតចេញពីការលះបង់ និងសក្ខីភាពជីវិតរបស់គ្រីស្តបរិស័ទកាលពី ៥០ ឆ្នាំមុន។
អ្នកស្រីបន្តថា «ពួកគាត់ ជាគំរូឲ្យយើងមានកម្លាំងដើម្បីឲ្យយើងបន្តប្រកាសដំណឹងល្អ ហើយឲ្យយើងមានអំណរនឹងជំនឿរបស់យើង។»
អ្នកស្រីបញ្ជាក់ថា «ដូច្នេះ ជាគំរូនៅក្នុងសម័យហ្នឹងដែលធ្វើឲ្យយើងដឹងថា យើងត្រូវការប្រែចិត្តគំនិត យើងត្រូវចេះរស់នៅដោយស្រឡាញ់គេដូចព្រះជាម្ចាស់ស្រឡាញ់យើង។»
អ្នកស្រីបានលើកទឹកចិត្តដល់គ្រីស្តបរិស័ទជំនាន់ក្រោយ ឲ្យចេះយកគំរូតាមអស់លោក អំពីការបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់អ្នកដទៃ។
កាលពី៥០ឆ្នាំមុនប្រទេសកម្ពុជាបានធ្លាក់ក្នុងភ្លើងសង្គ្រាមដែលត្រូវបានចាត់ទុកថាជាឆ្នាំសូន្យ ដែលគ្មានការអនុញ្ញាតគោរពប្រណិប័តន៍សាសនា និងរស់នៅដោយរងទុក្ខវេទនា ភ័យខ្លាច អត់អាហារ និងធ្វើការងារលើសកម្លាំង។ លោកអភិបាលជាតិខ្មែរ និងសហការីរបស់លោកបានតស៊ូរួមជាមួយជំនឿ ហើយត្រូវបានស្លាប់និងត្រូវសម្លាប់ ដូចប្រជាជនខ្មែរជិត២លាននាក់ដែរ។
ក្រោយឆ្នាំ១៩៩០ព្រះសហគមន៍ចាប់ផ្តើមរស់រានឡើងវិញ ក្រោមការណែនាំរបស់សាសនទូត និងបានរីកចម្រើនរហូតមកដល់ពេលនេះ។ បច្ចុប្បន្នមានគ្រីស្តបរិស័ទចំនួន២ម៉ឺននាក់ បូជាចារ្យខ្មែរចំនួន១៣អង្គ និងបព្វជិត២អង្គ បព្វជិតាជិត២០នាក់ ដែលកំពុងបម្រើការងារក្នុងចំណោមសាសនទូតប្រមាណ១៥០នាក់ដែលមកពីប្រទេសជាច្រើន៕






