អត្ថបទព្រះគម្ពីរប្រចាំ ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២៦

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករឭកពីលោកអប្រាហាំ ជាបុព្វបុរសរបស់យើងខាងជំនឿ ព្រះជាម្ចាស់ត្រាស់ហៅយើងខ្ញុំដូចទ្រង់ត្រាស់ហៅលោកពីដើម។ ដោយព្រះអង្គមានព្រះបន្ទូលសន្យាមកលោកអប្រាហាំ ទ្រង់ក៏មានព្រះបន្ទូលសន្យាមកយើងផ្ទាល់ដែរ។ យើងក៏ត្រូវផ្ញើជីវិតទាំងស្រុងលើព្រះអង្គដែលយើងស្រឡាញ់លើសអ្វីៗទាំងអស់!
ថ្ងៃអាទិត្យនេះ យើងក៏នាំគ្នារំឭកអំពីព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ មុនពេលព្រះអង្គសោយទិវង្គតយ៉ាងសែនអាម៉ាស់។ ជំនឿធ្វើឱ្យយើងយល់អត្ថន័យអាថ៌កំបាំងនៃជីវិតរបស់ខ្លួន ជាពិសេសឱ្យយល់អំពីទុក្ខវេទនារបស់មនុស្ស។ យើងទទួលស្គាល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់មនុស្សគ្រប់ជាតិសាសន៍ ទាំងអ្នកមាន ទាំងអ្នកក្រ ដែលសុទ្ធតែជារូបតំណាងរបស់ព្រះជាម្ចាស់ក្នុងពិភពលោកនេះ។ យើងក៏យកចិត្តទុកដាក់បំបាត់មូលហេតុទាំងឡាយដែលបង្អាប់កិត្តិយសរបស់មនុស្សដែរ។

អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១២,១-៤ខ

នៅសម័យនោះ លោកអប្រាហាំរស់នៅក្នុងស្រុកកាល់ដេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ចូរអ្នកចាកចេញពីស្រុកកំណើត ឃ្លាតចេញពីញាតិសសន្តាន ពីក្រុមគ្រួសារ​​​ឪពុកអ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក។ យើងនឹងធ្វើឱ្យអ្នកបង្កើតបាន​ប្រជាជាតិមួយយ៉ាងធំ យើងក៏នឹងឱ្យពរអ្នកដែរ។ យើងនឹងធ្វើឱ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ អ្នកនឹងផ្តល់ពរដល់អ្នកដទៃ! យើងនឹង​ឱ្យពរដល់ជនទាំងឡាយដែលជូនពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់អ្នកដែលដាក់បណ្តាសាអ្នកដែរ។ មនុស្សគ្រប់ជាតិសាសន៍​នៅលើផែនដីនឹងទទួលពរដោយសាអ្នក»។
លោកអប្រាហាំចេញពីដំណើរទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលោក​ឡុតក៏ចេញទៅជាមួយដែរ។

ទំនុកតម្កើងលេខ ៣៣(៣២),៤-៥.១៨-២០.២២ បទព្រហ្មគីតិ

ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យ នឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែង ខំសម្តែងដោយអំណរ
ពីហប្ញទ័យបវរ ករុណាល្អព្រះជាម្ចាស់
១៨ ព្រះអង្គតាមរក្សា អស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ ដ៏សប្បុរសមានមេត្តា
១៩ ព្រះអង្គបានសង្គ្រោះ ឱ្យគេរស់មានសង្ខារ
ផុតពីក្តីមរណា នៅក្នុងគ្រាដែលអត់ឃ្លាន
២០ យើងសូមផ្ញើជីវិត លើព្រះពិតឥតខកខាន
ជាខែលដ៏ចំណាន សង្គ្រោះប្រាណផុតភិតភ័យ
២២ សូមព្រះជាអម្ចាស់ សម្តែងព្រះទ័យវិសុទ្ធ
មេត្តាខ្ពស់បំផុត កាយជីវិតផ្ញើព្រះអង្គ

អត្ថបទទី ២៖ សូមថ្លែងលិខិតទី២របស់សន្តប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ១,៨-១០

ប្អូនជាទីស្រឡាញ់!
ប្អូនត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំសម្រាប់ដំណឹងល្អដោយពឹងផ្អែកលើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ គឺព្រះអង្គហ្នឹងហើយដែលបានសង្គ្រោះយើង និងត្រាស់ហៅយើងឱ្យមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅ​យើង​ដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះហប្ញទ័យប្រណីសន្តោសដែលទ្រង់បានប្រទានមកយើង ក្នុងអង្គព្រះ​គ្រីស្តយេស៊ូតាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ ឥឡូវនេះ ព្រះអង្គបានសម្តែងឱ្យយើងស្គាល់ព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះអង្គ ដោយព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ។ ព្រះគ្រីស្តបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រម​ទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៧,៥

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។
មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ “អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!”។
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,១-៩

ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនឡើងទៅលើភ្នំដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបី​នាក់ គឺព្រះភក្រ្តរបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ត្ររបស់ព្រះអង្គ​ត្រឡប់ជាមានពណ៌សដូចពន្លឺ។ សាវ័កទាំងបីបានឃើញលោកម៉ូសេ និងព្យាការីអេលី​សន្ទនាជាមួយព្រះយេស៊ូ។ លោកសិលាទូលព្រះអង្គថា៖ «ព្រះអម្ចាស់! យើងខ្ញុំបាននៅ​ទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហប្ញទ័យ ទូលបង្គំនឹងសង់ពន្លាបី គឺមួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី» ។ កាលលោក​សិលាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់​តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់​របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!។ ក្រុមសាវ័កឮដូច្នោះ​ក៏នាំគ្នាក្រាបចុះ ដាក់មុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ ព្រះយេស៊ូយាងចូលទៅជិត​ដាក់ព្រះហស្តលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។ កាល​​ក្រុមសាវ័ក​ងើបមុខឡើង គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាន​នរណាឡើយ។ ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសាវ័កទាំងបីនាក់ ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណាអំពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះឱ្យសោះ ត្រូវចាំ​រហូតដល់បុត្រមនុស្សមានជីវិតថ្មីសិន»។

Facebook
Twitter
LinkedIn