អត្ថបទព្រះគម្ពីរប្រចាំ ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦

មេត្តាជួយផងផុតពីស្លាប់
សំឡេងខ្ញុំឮដូចចម្រៀង សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់ រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
បពិត្រព្រះម្ចាស់ដ៏ឧត្តម បើព្រះអង្គចាំពីកំហុស
អំពើបាបកម្មជនស្រីប្រុស គ្មានម្នាក់ណាសោះរួចខ្លួនឡើយ
ប៉ុន្តែព្រះអង្គតែងអត់ទោស ប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយ គឺព្រះអង្គហើយខ្ញុំគោរព
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់
សង្ឃឹមលើព្រះបន្ទូលគាប់ មិនឈរមិនឈប់ទេព្រះអង្គ
ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ ជាងអ្នកយាមផ្ទះទៅទៀតផង
ពេលឃើញថ្ងៃរះស្រស់បំព្រង រួចផុតទុក្ខផងមួយរាត្រី
ឱ! អ៊ីស្រាអែលសូមទុកចិត្ត ព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណី ទ្រង់សព្វព្រះទ័យជួយជានិច្ច
ព្រះអង្គរំដោះអ៊ីស្រាអែល ពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ច ព្រះអង្គសម្រេចបានសុខសាន្ត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អគ ៣៣,១១

បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងមិនចង់ឱ្យមនុស្សបាបស្លាប់ទេ។ យើងចង់ឱ្យគេលែងប្រព្រឹត្តអំពើអក្រក់ និងចង់ឱ្យគេមានជីវិត»។
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,២០-២៦

នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេ​ថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរ​ជាងសេចក្តីសុចរិតរបស់ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែង​ប្រាប់បុព្វបុរសថា កុំសម្លាប់មនុស្ស។ អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្តន្ទា​ទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់​ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោសធ្លាក់ក្នុងភ្លើងនរក​អវីចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹងឃើញ​ថា បងប្អូនណាម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុន​សិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នក​វិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូរវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ចូនអ្នកទៅចៅក្រម ចៅក្រមបញ្ចូនអ្នកទៅនគរបាល​ ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា៖ “ដរាបណាអ្នកមិនបានបង់​ប្រាក់ពិន័យគ្រប់ចំនួនឥតខ្វះមួយសេននោះទេ អ្នកនឹងមិនរួចខ្លួនឡើយ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយក្នុងអភិបូជានេះ។ សូមទ្រង់អាណិតអាសូរប្រទានជីវិតថ្មីឱ្យយើងខ្ញុំផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំទទួលក្នុងពិធីជប់លៀងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តគំនិតថ្មី រួមរស់ជាមួយព្រះយេស៊ូជាព្រះសង្គ្រោះ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

Facebook
Twitter
LinkedIn