អត្ថបទព្រះគម្ពីរ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ រដូវអបអរសាទរ ពណ៌ស្វាយ

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានសម្តែងសិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះអង្គ ដោយប្រោសប្រទានស្ត្រីព្រហ្មចារីម្នាក់អាចបង្កើតកូនបាន។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យមានជំនឿកាន់តែមាំមួនឡើងៗ និងសុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គដោយចិត្តស្រឡាញ់ផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរវីរបុរស វប ១៣,២-៧.២៤-២៥

នៅជំនាន់នោះក្នុងភូមិសូរេអាមានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងពូជអំបូរលោកដាន។ ភរិយារបស់គាត់ជាស្ត្រីអារមិនអាចបង្កើតកូនឡើយ។ ថ្ងៃមួយទេវទូតរបស់ព្រះអម្ចាស់បង្ហាញខ្លួនឱ្យស្ត្រីនោះឃើញ ហើយមានប្រសាសន៍ថា៖«អ្នកជាស្ត្រីអារ មិនអាចបង្កើតកូនបាន​ទេ! ក៏ប៉ុន្តែ បន្តិចទៀត អ្នកនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់។ តែ​ចូរប្រយ័ត្ន ចាប់តាំងពីពេលនេះទៅ កុំពិសាស្រាឬគ្រឿងស្រវឹងឡើយ! កុំបរិភោគអ្វីដែល​មិនបរិសុទ្ធឱ្យសោះ! ព្រោះអ្នកនឹងមានផ្ទៃពោះ ហើយនឹងបង្កើតបានកូនប្រុសម្នាក់។ កុំកោរ​ ឬកាត់សក់វាឡើយ ដ្បិតព្រះអម្ចាស់បានញែកកូននោះទុកសម្រាប់ព្រះអង្គតាំងពី​ក្នុងផ្ទៃម្តាយមកម្ល៉េះ គឺកូននោះហើយដែលនឹងសង្គ្រោះជនជាតិអ៊ីស្រាអែលឱ្យរួចពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន»។ ស្ត្រីនោះក៏ទៅជម្រាបប្តីថា៖«មានអ្នកបម្រើរបស់ព្រះជា​ម្ចាស់​​ម្នាក់មកជួបខ្ញុំ លោក​នោះមានទ្រង់ទ្រាយជាទេវទូតរបស់ព្រះជាម្ចាស់ គួរស្ញែងខ្លាចក្រៃ​លែង។ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឱ្យខ្ញុំស្គាល់​ដែរ។ តែលោកប្រាប់ខ្ញុំថា បន្តិចទៀតខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបាន​កូនប្រុសម្នាក់។ លោកហាមខ្ញុំមិន​ឱ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឱ្យបរិភោគ​អ្វីដែលមិន​បរិសុទ្ធដែរ! ដ្បិតព្រះជាមា្ចស់បានញែកកូននោះទុកសម្រាប់ព្រះ​អង្គតាំងពីរក្នុងផ្ទៃម្តាយ​រហូតអស់មួយជីវិត»។ ប៉ុន្មានខែក្រោយមក ស្រ្តីនោះបង្កើតបានកូនប្រុសម្នាក់ដែលគាត់​ដាក់ឈ្មោះថា​“សាំសុន”។ កូននោះមានវ័យចម្រើនធំឡើង ហើយព្រះអម្ចាស់​ប្រទាន​ពរ​ឱ្យគេ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ចាប់ផ្តើមណែនាំគេដែរ។

ទំនុកតម្កើងលេខ ៧១ (៧០) ,១-៣.៥-៦.១៦-១៧ បទពាក្យ ៧

បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក ក្រោមម្លប់ជម្រកនៃព្រះអង្គ
កុំឱ្យរូបខ្ញុំត្រូវបាត់បង់ ទាំងកេរ្តិ៍ឈ្មោះផងអាប់អាសារ
ដោយព្រះអង្គមានព្រះហឫទ័យ សុចរិតថ្លាថ្លៃសូមមេត្តា
ផ្ទៀងព្រះកាណ៍ស្តាប់ខ្ញុំវាចា សង្គ្រោះជីវ៉ាឱ្យបានរស់
សូមព្រះអង្គទៅជាថ្មដា លាក់ពួនអាត្មាខ្ញុំផុតគ្រោះ
ទ្រង់សព្វព្រះទ័យប្រណីប្រោស ជីវិតខ្ញុំរស់បានសុខសាន្ត
បពិត្រព្រះជាអម្ចាស់អើយ រូបខ្ញុំនេះហើយផ្ញើជីវី
ជីវិតលើទ្រង់គ្រប់នាទី សង្ឃឹមតាំងពីនៅក្មេងវ័យ
ខ្ញុំសូមពឹងផ្អែកលើព្រះអង្គ តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យ ដុតខាត់កែច្នៃខ្ញុំឥតឈប់
១៦ បពិត្រព្រះជាម្ចាស់ខ្ញុំអើយ ព្រោះព្រះអង្គហើយយកអាសា
ខ្ញុំថ្កើងរំឭកធម៌ករុណា សុចរិតថ្លៃថ្លារបស់ទ្រង់
១៧ បពិត្រព្រះជាម្ចាស់ខ្ញុំអើយ ទ្រង់អប់រំហើយគ្មានសៅហ្មង
តាំងពីក្មេងទល់គ្រានេះម្តង ចិត្តនៅចាំចងតែព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ខ្នែងដែលដុះចេញពីគល់របស់លោកយេសាយ ទុកសម្រាប់ប្រជាជនទាំងឡាយអើយ! សូមយាងមករំដោះយើងខ្ញុំ! សូមកុំបង្អង់ឡើយ!។​​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៥-២៥

នៅជំនាន់ព្រះបាទហេរ៉ូដគ្រងរាជ្យនៅស្រុកយូដា មានបូជាចារ្យម្នាក់ឈ្មោះសាការីជាសមាជិតក្រុមបូជាចារ្យអប៊ីយ៉ា។ ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យអរ៉ុន។ ស្វាមីភរិយាទាំងពីរនាក់នេះជាមនុស្សសុចរិត ជាទីគាប់ព្រះ ហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមវិន័យ និងបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអម្ចាស់ឥតមានទាស់ត្រង់ណាឡើយ។ អ្នកទាំងពីរគ្មានកូនទេ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ ថ្ងៃមួយលោកសាការី បំពេញមុខងារជាបូជាចារ្យតាមវេនក្រុមរបស់លោក។ គេបានជ្រើសរើសលោកដោយចាប់ឆ្នោត តាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឱ្យលោកចូលទៅដុតគ្រឿងក្រអូបនៅ​​ក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់។ ពេលលោកដុតគ្រឿងក្រអូប មានប្រជាជនច្រើនកុះករ​នៅ​ខាងក្រៅកំពុងអធិដ្ឋាន។ រំពេចនោះ លោកសាការីឃើញទេវទូតរបស់ព្រះអម្ចាស់​មួយរូបឈរនៅខាងស្តាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ ទេវទូតក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអីលោកសា​ការី​អើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ! នាងអេលី​សាបិត​ជាភរិយារបស់លោកនឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន”។ កូននោះនឹងធ្វើឱ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនក៏អបអរសាទរនឹងកំណើតកុមានោះដែរ។ កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្តមនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណា​មួយឡើយ។ កូននោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធតាំងពីក្នុងផ្ទៃម្តាយមក។ កូននោះនឹងមក​មុន​ព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាពដូចដែលលោកអេលីបានទទួលដើម្បី​បង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឱ្យត្រឡប់មក​ជា​មនុស្ស​សុចរិត​វិញ ហើយនឹងរៀបចំប្រជារាស្ត្រមួយជាស្រេច ទុកសម្រាប់ទទួលព្រះអម្ចាស់»។
លោកសាការីសួរទៅទេវទូតថា៖ «តើធ្វើម្តេចឱ្យខ្ញុំដឹងថា ការនោះពិតជានឹងកើតមាន​ឡើងមែន? ព្រោះរូបខ្ញុំនេះចាស់ហើយ ឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ទេវទូតតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីអែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អនេះមកប្រាប់លោក។ ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជា​មនុស្សគនិយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេល​កំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយ៉ាងយូរដូច្នេះ។ កាលលោកចេញមកវិញ លោកពុំអាច​និយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឱ្យគេយល់ព្រោះ​​លោកនៅគ និយាយមិនកើត។ លុះលោកសាការីបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ក្រោយមកនាងអេលីសាបិតជាភរិយារបស់លោកក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ ​«ឥឡូវនេះ​​ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឱ្យខ្ញុំលែងខ្មាសមនុស្សលោក​​ទៀតហើយ!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានសង្គ្រោះប្រជារាស្ត្រព្រះអង្គយ៉ាងអស្ចារ្យ។ ក្រៅពីផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ យើងខ្ញុំគ្មានអ្វីមកតបស្នងសងគុណព្រះអង្គឡើយ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំអាចចូលរួមជាមួយព្រះយេស៊ូ ដែលអរព្រះគុណ ព្រះអង្គក្នុងអភិបូជានេះផង គឺព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសប្រទានអំណោយទានដ៏ច្រើនឥតគណនាឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់កាន់តែច្បាស់អំពីព្រះអំណោយទានដ៏អស្ចារ្យលើសលប់ ដែលព្រះអង្គបានប្រទានដល់មនុស្សលោក នៅពេលព្រះអង្គចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ។

Facebook
Twitter
LinkedIn