ការីតាសកម្ពុជា ផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក

នៅព្រឹកនេះថ្ងៃអង្គារ ទី១៦ ខែធ្នូ អង្គការការីតាសកម្ពុជា បាន​ផ្តល់​ជូននូវអង្ករ​ចំនួន​២៧តោន ជូនដល់ក្រុមគ្រួសារភៀសសឹកចំនួន ១,១០៥ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ស្រុកបវេល ខេត្តបាត់ដំបង ក្រោម​កិច្ច​សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្ត​បាត់ដំបង។

លោកអេនរីគេ ហ្វីការេដូ ប្រធាន​ក្រុម​ប្រឹក្សា​អង្គការការីតាសកម្ពុជា និង​ជា​អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគបាត់ដំបង​ បានមានប្រសាសន៍ទៅកាន់​ជន​ភៀសសឹក​ទាំងអស់​ថា «សូមបងប្អូនកុំមានអារម្មណ៍ឯកា ឬអស់សង្ឃឹមឡើយ! រាជរដ្ឋាភិបាល អង្គការការីតាសកម្ពុជា និងបណ្តាដៃគូអង្គការនានា នឹងឈរជាមួយបងប្អូនគ្រប់កាលៈទេសៈទាំងអស់»។

អង្គការការីតាសកម្ពុជា ជា​សេនាធិកា​រ​មួយរបស់​ព្រះសហគមន៍កាតូលិក ក្នុងកិច្ច​ការមនុស្ស​ធម៌ ហើយ​កន្លង​មក​អង្គការនេះ បាន​ចូលរួម​យ៉ាង​ច្រើន​ជួយ​ដល់​ជនភៀសសឹក​កន្លងមក​នៅតាមព្រំដែន​កម្ពុជា​-ថៃ​ក្នុងពេល​មាន​ជម្លោះ។

លោក គឹម រតនា នាយកអង្គការ​ការីតាសកម្ពុជា បានលើកឡើងថា  អង្គការការីតាសកម្ពុជា ជាអង្គការមនុស្សធម៌ និងអភិវឌ្ឍន៍នៃព្រះសហគមន៍កាតូលិកកម្ពុជា ដែលមានបេសសកម្មរួមជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍន៍ និងឆ្លើយតបបន្ទាន់ចំពោះ​ជន​រងគ្រោះ។

លោក​បាន​​បញ្ជាក់ថា អង្គការការីតាសសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ​ចំពោះ​តម្រូវការ​មូលដ្ឋាន​របស់​ប្រជាជន​ភៀសសឹក ជាពិសេស​ ជម្រកបណ្តោះអាសន្ន ស្បៀងអាហារ ទឹកស្អាតប្រើប្រាស់ ជាពិសេសគឺសុខសុវត្ថិភាព នៅតាមមណ្ឌលសុវត្ថិភាព។

លោក​នាយកប្រតិបត្តិ​​រូប​នេះ បាន​អំពាវនាវ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​សន្តិភាព និង​សូម​ឲ្យ​«អន្តរជាតិជួយអន្តរាគមន៍ និងផ្តល់យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា»។

នៅ​ក្នុងជំរំ​ជន​ភៀសសឹក អង្គការការីតាសកម្ពុជា នឹងតម្លើងធុងចម្រោះទឹកស្អាតសម្រាប់​ប្រើប្រាស់ និងរៀបចំតង់​ថ្នាក់រៀននិងបណ្ណាល័យចល័តបណ្តោះអាសន្ន ដើម្បីឱ្យកុមារនិងយុវជននៅទីនេះ មានកន្លែងរៀនបន្ត។  ក្នុងនោះដែរ​អង្គការ​នេះ​ បានសហការណ៍ជាមួយក្រសួងសុខាភិបាលដើម្បីផ្តល់សេវាកម្មសុខភាពផ្លូវចិត្តទាំងកុមារ និងមនុស្សពេញវ័យ ដើម្បី​ជួយ​ស្មារតី​និង​សុខភាព​ផ្លូវចិត្ត​ក្នុងពេលមាន​សង្គ្រាម​នេះ។

លោក យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ អរគុណដល់អង្គការ​ការីតាសកម្ពុជា ដែលបានជួយដល់ជនភៀសសឹក។

លោក​បន្ត​ថា «ខ្ញុំគិតថាពេលនេះ ជាពេលដ៏លំបាក ហើយដែលត្រូវជួយពួកគាត់ ព្រោះថាការរត់គេចគ្រាប់ ជារឿងមួយលំបាក ហើយឥឡូវពួកគាត់ក៏ខ្វះខាតស្បៀងអាហារថែមទៀត»។ លោក​បន្ថែម​ថា សកម្មភាព​របស់​ អង្គការ​ការីតាសនៅ​ពេល​នេះ ធ្វើ​ឲ្យគាត់​ «​រំភើបសប្បាយរីករាយជាខ្លាំង»។

យោងតាមទិន្នន័យពីក្រសួងការពារជាតិកម្ពុជា ស្ថានភាពជម្លោះនៅតាមបណ្ដោយព្រំដែនដែលបានផ្ទុះឡើងវិញតាំងពីថ្ងៃទី៧ ខែធ្នូ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ​មាន​ ជនស៊ីវិលបាត់បង់ជីវិត ប្រមាណជាង ១០នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។  ជនភៀសសឹក មានចំនួនជិតកន្លះលាននាក់ កំពុងខ្វះខាតជម្រក និងស្បៀងអាហារ៕

ដោយ សេង មួយ

 

Facebook
Twitter
LinkedIn