ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បរិច្ចាគថវិកា ២,០០០ ដុល្លារ ជូន មូលនិធិវត្តឧណ្ណាលោម ជួយសង្គ្រោះជនភៀសសឹកនៅតាមព្រំដែន

ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពជាតិ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានចូលរួមវិភាគទានសប្បុរសធម៌ជាថវិកាចំនួន ២,០០០ ដុល្លារអាមេរិក ក្នុងមូលនិធិវត្តឧណ្ណាលោមដើម្បីទិញគ្រឿងឧបភោគបរិភោគ ជួយដល់បងប្អូនជនភៀសសឹកកម្ពុជា ដែលកំពុងរងគ្រោះ និងប្រឈមមុខនឹងការលំបាកខ្លាំង នៃជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។ ថវិកាឧបត្ថម្ភនេះ ត្រូវបានប្រគល់ជូន សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះអធិការវត្តឧណ្ណាលោម ដើម្បីចាត់ចែងបែងចែកទៅតាមតម្រូវការចាំបាច់ជាក់ស្តែងរបស់ជនភៀសសឹក។ សកម្មភាពនេះបានកើតឡើងបន្ទាប់ពីជំនួបពិភាក្សាអំពី «សន្តិភាព» កាលពីថ្ងៃម្សិលមិញ នៅវត្តឧណ្ណាឡោម រវាងលោកអភិបាលព្រះសហគមន៍កាតូលិក និងសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត។ ក្នុងរយៈពេលដ៏លំបាក និងត្រូវរួបរួមសាមគ្គីក្នុងកិច្ចការមនុស្សធម៌ ជួយប្រជាជនភៀសសឹក លោកអភិបាលអូលីវីយ៉េ កន្លងមក តាមរយៈសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ចំនួន ២០០០ ដុល្លា តាមរយៈក្រសួងធម្មការ និងសាសនា ចំនួន១៥០០ ដុល្លា តាមរយៈនាយកដ្ឋានអភិវឌ្ឍក្រសួងការពារជាតិ ចំនួន ៦លានរៀល និងតាមរយៈមូលនិធិសាធារណៈផ្សេងៗទៀតផងដែរ។ ជាងនេះទៅទៀត លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ក្នុងធម្មទេសនា ដោយលើកទឹកចិត្តដល់គ្រីស្តបរិស័ទទាំងអស់ឱ្យ៖ • សាមគ្គីភាព៖ រួបរួមគ្នាជាធ្លុងមួយជាមួយបងប្អូនរួមជាតិ ដើម្បីជួយដល់ជនភៀសសឹក ជាពិសេសកុមារ ចាស់ជរា និងជនមានពិការភាព។ • អធិដ្ឋាន៖ ប្រើប្រាស់អំណាចនៃការអធិដ្ឋានសុំឱ្យសន្តិភាពកើតមានឡើងនៅថ្ងៃនេះ ដើម្បី «បិទសំឡេងអាវុធ»។ លោកអភិបាល អូលីវីយ៉េ បញ្ជាក់យ៉ាងនេះថា «យើងជាគ្រីស្តបរិស័ទ យើងមានអំណាចមួយពិសេសគឺអធិដ្ឋាន។ អធិដ្ឋានដើម្បីឱ្យសុខសន្តិភាពយាងមក មិនមែនថ្ងៃស្អែក តែគឺថ្ងៃនេះ។» យោងតាមទិន្នន័យពីក្រសួងការពារជាតិកម្ពុជា ស្ថានភាពជម្លោះនៅតាមបណ្ដោយព្រំដែនដែលបានផ្ទុះឡើងវិញតាំងពីថ្ងៃទី៧ ខែធ្នូ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៖ • ជនស៊ីវិលបាត់បង់ជីវិត៖ ប្រមាណជាង ១០នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។ • ជនភៀសសឹក៖ មានចំនួនជិតកន្លះលាននាក់ កំពុងខ្វះខាតជម្រក និងស្បៀងអាហារ។ ក្នុងកាលៈទេសៈដ៏តានតឹងនេះ លោកអភិបាលនៃព្រះសហគមន៍កាតូលិកកម្ពុជា ទាំងបីភូមិភាគក្នុងប្រទេសកម្ពុជា ក៏បានចេញសារអំពាវនាវរួមគ្នា សុំឱ្យមានការឈប់បាញ់ និងស្វែងរកដំណោះស្រាយសន្តិភាពជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋស្លូតត្រង់៕

Facebook
Twitter
LinkedIn