អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ​ទី១៦ ឆ្នាំ២០២៥ អាទិត្យទី០៣ រដូវអបអរសាទរ ពណ៌ស្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យកើតជាថ្មី យើងខ្ញុំក៏រួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំ សូមជួយយើងខ្ញុំឱ្យជៀសផុតពីសៅហ្មងទាំងឡាយដែលមិនសមនឹងឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គ។ សូមឱ្យយើងខ្ញុំកាន់កិរិយាថ្លៃថ្នូរ ដើម្បីរៀបចំផ្លូវរបស់ព្រះបុត្រាដែលកំពុងមក។ ព្រះអង្គមានព្រះជន្មគង់នៅ ហើយសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសេផានី សផ ៣,១-២.៩-១៣

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យេរូសាឡឹមត្រូវវេទនាពុំខាន ព្រោះអ្នកក្រុងនេះជាជនបះបោរ ប្រព្រឹត្តអំពើពុករលួ​យ ជិះជាន់សង្កត់សង្កិនគ្នា។ ពួកគេមិនស្តាប់ព្រះ សូរសៀងរបស់ព្រះអម្ចាស់ ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។ ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់ ពួកគេមិនចូលចិត្តមកជិតព្រះរបស់ខ្លួនទេ។
ពេលនោះ យើងនឹងជម្រះបបូរមាត់ជាតិសាសន៍នានាឱ្យបានបរិសុទ្ធ ដើម្បីឱ្យពួកគេទាំងអស់គ្នាអង្វររកនាមយើងជាព្រះអម្ចាស់ ហើយព្រមព្រៀងគ្នាគោរពបម្រើយើង។ អ្នកថ្វាយបង្គំយើងដែលខ្ចាត់ខ្ចាយទៅនៅខាងនាយទន្លេស្រុកអេត្យូពីនឹងនាំគ្នាយកតង្វាយមកឱ្យយើង។ នៅថ្ងៃនោះ អ្នកនឹងលែងអាម៉ាស់ ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នកបានប្រព្រឹត្ត គឺអំពើបាបប្រឆាំងនឹងយើង ដ្បិតយើងដកមនុស្សព្រហើនអួតអាងចេញពីចំណោមអ្នក ហើយអ្នកក៏លែងវាយឬកខ្ពស់នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរ។ យើងនឹងទុកតែប្រជាជនមួយចំនួនដែលទុគ៌ត ហើយទន់ទាបឱ្យនៅសេសសល់ក្នុងអ្នកដែលនៅសេសសល់ លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោតទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្តគ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។

ទំនុកតម្កើងលេខ ៣៤,២-៣.៦-៧.១៦.១៨-១៩.២៣ បទកាកគតិ

២. ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
ឈប់ឈរសោះឡើយ។
៣. ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្គ្រោះ ខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាប ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ
អំណរខ្លាំងក្លា ។
៦. អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
មិនខកចិត្តឡើយ ។
៧. អស់អ្នកកម្សត់ និងមនុស្សទុគ៌ត គេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច ។
១៦. ព្រះម្ចាស់តែងតែ រំពៃមើលថែ អស់មនុស្សសុចរិត
ទ្រង់យកព្រះទ័យ ទុកដាក់ពិតៗ ថែទាំនៅជិត
រាល់ទិនទិវា ។
១៨. ពេលអ្នកទៀងត្រង់ ស្រែករកព្រះអង្គ ទ្រង់មិនកន្តើយ
ព្រះអង្គសណ្តាប់ ពាក្យគេរួចហើយ រំដោះគេឱ្យ
ផុតគ្រោះទាំងឡាយ ។
១៩. ព្រះម្ចាស់គង់ស្ថិត ក្បែរអ្នកគ្រាំចិត្ត មានទុក្ខខ្វល់ខ្វាយ
ព្រះអង្គសង្គ្រោះ អស់អ្នកទាំងឡាយ បានសុខសប្បាយ
ផុតទុក្ខរីងរៃ ។
២៣. ព្រះម្ចាស់សង្គ្រោះ ជីវិតទាំងអស់ ដល់អ្នកដែលបាន
បម្រើព្រះអង្គ ពឹងផ្អែកផ្ញើប្រាណ តែងទទួលបាន
សុខផុតទុក្ខទោស ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមយាងមក! សូមកុំបង្អង់ឡើយ! សូមយាងមករំដោះប្រជាជនព្រះអង្គឱ្យបានរួចពីបាបផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,២៨-៣២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យថា៖«អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា“កូនអើយ! ថ្ងៃនេះចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។ កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!” ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ បន្ទាប់មកឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថា “បាទកូនទៅ! “ប៉ុន្តែ បែរជាមិនទៅវិញ។ ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖«កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់មុនអ្នករាល់គ្នា ដ្បិតលោកយ៉ូហានមកណែនាំអ្នករាល់គ្នា ឱ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្តគំនិត ហើយជឿលោកដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកសង្គ្រោះអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ យើងខ្ញុំគ្មានអ្វីមកថ្វាយតបស្នងសងព្រះគុណព្រះអង្គ ក្រៅពីផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណារបស់ព្រះអង្គទេ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម ដើម្បីសង្គ្រោះមនុស្សលោកផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍ ដោយមិនគិតពីកុសលផលបុណ្យរបស់គេឡើយ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលបានទទួលព្រះកាយព្រះគ្រីស្តក្នុងអភិបូជានេះ ចេះបង្ហាញធម៌មេត្តាដ៏អស្ចារ្យនេះឱ្យមនុស្សសម័យឥឡូវឃើញ។

Facebook
Twitter
LinkedIn