អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា អំពាវនាវឲ្យគ្រីស្តបរិស័ទខិតខំជួយជនភៀសសឹកនិងអធិដ្ឋានសុំសន្តិភាព

ក្នុងសារខ្លីមួយ​ដែលចេញផ្សាយតាម​បណ្តាញសង្គម​ផ្ទាល់​របស់​លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ បាន​ជំរុញ​ឲ្យព្រះសហគមន៍​នីមួយៗ រៀបចំពិធីថ្វាយអភិបូជា និង​អធិដ្ឋានអង្វរ​សុំសន្តិភាព​ បន្ទាប់ពីមានផ្ទុះជម្លោះជាថ្មី​នៅតាមបណ្តោយព្រំដែន​កម្ពុជា​-ថៃ។

លោកអភិបាល​ព្រះសហគមន៍ភូមិភាគភ្នំពេញ​បាន​សរសេរថា ស្ថិត​ក្នុងស្ថានការណ៍ដ៏តានតឹងនេះ យើងនៅតែបន្តអធិដ្ឋានអង្វរ​សុំឲ្យមាន​សន្តិភាពកាន់​ឆាប់ៗឡើង «ខ្ញុំសូមអញ្ជើញ​ព្រះសហគមន៍តាម​តំបន់​នានា រៀបចំ​ពិធី​ថ្វាយអភិបូជា ពិធីអធិដ្ឋាន​​សម្រាប់សន្តិភាព ជាពិសេសក្នុងរដូវរង់ចាំ​នេះ ដែលយើងកំពុងរង់ចាំព្រះយេស៊ូជាព្រះអម្ចាស់នៃសន្តិភាពយាងមក»។

លោក​បាន​ប្រាប់ទៀតថា ក្រុម​លោកអភិបាល​ព្រះសហគមន៍កាតូលិក​កម្ពុជា​និងថៃ បានរៀបចំសារអំពាវនាវរួមមួយ​ ដើម្បី​សុំឲ្យ​មាន​បទ​ឈប់បាញ់បន្ទាន់ ប៉ុន្តែ​សារនេះ​ត្រូវ​​រង់ចាំការអនុញ្ញាតចុងក្រោយពីលោក​អភិបាលនៃប្រទេស​ថៃ ដើម្បីផ្ញើ​សេចក្តីអំពាវនាវនេះចេញទៅ។

ជាមួយគ្នានេះ លោកគង្វាលព្រះសហគមន៍កាតូលិក​បាន​សំណូមពរ​ឲ្យគ្រីស្តបរិស័ទ​ ព្យាយាមឱ្យ​អស់ពីសមត្ថភាព ដើម្បីរួមចំណែកក្នុងកិច្ចខិតខំ និង​គំនិតផ្តួចផ្តើមផ្សេងៗ​សម្រាប់ការគាំទ្រដល់​បងប្អូន​​ជនភៀសសឹកនៅតាម​ព្រំដែន។

នៅពេលនេះ​លោក​កំពុង​ធ្វើដំណើរ​នៅក្នុង​ខេត្ត​សៀមរាប​ ហើយ​បានទៅ​វត្ត​រាជបូណ៌ និង​បាន​​ប្រគេន​ថវិកាមួយចំនួន​ ថ្វាយ​សម្តេចព្រះព្រហ្ម​រតនមុនី​ ពិន សែម សិរីសុវណ្ណោ ព្រះចៅអធិការវត្តរាជបូណ៌ក្នុង​នាម​ព្រះសហគមន៍កាតូលិកកម្ពុជា​សម្រាប់​ជួយដល់​ជន​ភៀសសឹកផងដែរ។

ចាប់តាំង​ពី​ថ្ងៃទី​៧ ខែធ្នូ​ រហូត​មក​ដល់​ពេលនេះ​ នៅតាម​បណ្តោយព្រំដែន​កម្ពុជា​និងថៃ ប្រវែង​ប្រមាណ​ជាង​៥០០គីឡូម៉ែត្រ ត្រូវ​ទទួល​រងនូវ​ការ​បាញ់ប្រហារដោយ​អាវុធធន់ធ្ងន់ជាច្រើនសា​ជាថ្មី​ ដែលបណ្តាលឲ្យប្រជាជន​ស៊ីវិលកម្ពុជា​ ​ ត្រូវភៀសខ្លួន​ទៅកាន់ទីតាំងសុវត្ថិភាព។

រហូតមកដល់​ពេលនេះ នៅខាងកម្ពុជា​មាន​ជនស៊ីវិល​ស្លាប់​ចំនួន​១០នាក់ ក្នុងនោះមានទារកម្នាក់ ​មាន​អ្នករបួស​៦០នាក់ និងមានជនភៀសសឹកចំនួន​៥៥៧៤៣គ្រួសារ ស្មើនឹង១៩២១៧៣នាក់។ នេះបើតាម​ទិន្នន័យ​របស់​ក្រសួង​ការពារជាតិនាថ្ងៃទី​១១ ខែធ្នូនេះ៕

Facebook
Twitter
LinkedIn