ព្រះសហគមន៍កាតូលិកនៅកម្ពុជា បានរៀបចំពិធីបុណ្យរំលឹក ដល់ វិញ្ញាណក្ខន្ធ មរណសាក្សី របស់ខ្លួន កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ ពិធីនេះបានប្រព្រឹត្តទៅនៅ ព្រះសហគមន៍តាំងគោក ស្រុក តាំងគោក ខេត្ត កំពង់ធំ ក្រោម អធិបតីភាព របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អមដោយ លោកអភិបាល ព្រះសហគមន៍ ភូមិភាគបាត់ដំបង និង កំពង់ចាម ដែលមាន បូជាចារ្យចូលរួម ជិត ១០០នាក់ រួមនឹងបព្វជិត-ជិតា និង គ្រីស្តបរិស័ទ ជាង ២០០០នាក់ ដែលបានធ្វើដំណើរមកពីភូមិភាគទាំងបី។
ពិធីរំលឹកនេះ បានរៀបចំ ជារៀងរាល់ ឆ្នាំ មក ដល់ ពេលនេះ មានរយៈពេល ២៥ឆ្នាំ ហើយ បន្ទាប់ពីការចាប់ផ្តើមដំបូងកាលពីឆ្នាំ២០០០ នៅទឹកដីតាំងគោកនេះផ្ទាល់។ គោលបំណង គឺគោរពដល់មរណសាក្សីដែលបានពលីជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និង អស់ ប្រជាពលរដ្ឋខ្មែរ ដែល បាន ស្លាប់ និង ត្រូវ បាន សម្លាប់ ក្នុងរបបនេះ។
នៅក្នុងព្រះធម្មទេសនា លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល ព្រះសហគមន៍កាតូលិក ភូមិភាគ ភ្នំពេញ បានរំលឹកដល់ការចាប់ផ្តើមនៃឆ្នាំមហាករុណាទិគុណដំបូងកាលពី ២៥ឆ្នាំមុន និងការចូលមកដល់នៃឆ្នាំមហាករុណាទិគុណឆ្នាំ២០២៥ ដែលផ្តោតលើពាក្យគន្លឹះពីរគឺសេចក្តីសង្ឃឹម និងសុខសន្តិភាព។
លោកបានថ្លែងថា ព្រះសហគមន៍បាននឹករលឹកដល់វិញ្ញាណក្ខន្ធបងប្អូនទាំងអស់ ដែលបានទទួលមរណភាពក្នុងសម័យប៉ុលពត ជិត២លាននាក់ ក្នុងនោះមានគ្រីស្តបរិស័ទ ១២នាក់ដែល ជា តំណាងយ៉ាងពិសេស គឺលោកអភិបាល ឆ្មារ សាឡាស់ និងសហការីដែល នឹង ត្រូវ បញ្ជូន ឯកសារ ទៅទីក្រុង រ៉ូម ដើម្បី សុំ ការអនុញ្ញាត ឲ្យពួកគាត់ ក្លាយជា មរណសាក្សី សម្រាប់ ប្រទេស កម្ពុជា ។ លោកបានបញ្ជាក់អំពីការងារស្រាវជ្រាវរយៈពេល ១០ឆ្នាំនេះ មានឯកសារជាង ៣០០០ទំព័រ នឹង ត្រូវ បិទ បញ្ចប់ ក្នុងពេល ឆាប់ៗ ខាងមុខនេះ។
លោកអភិបាលបានអះអាងថា មរណសាក្សីទាំងនោះបានណែនាំឲ្យប្រទេសកម្ពុជាទាំងមូលរស់នៅក្នុងសេចក្តីសង្ឃឹម ដោយសារពួកគេបានតស៊ូដោយជំនឿ ទោះបីក្នុង «ជីវិតដ៏ខ្មៅបំផុត» ក៏ដោយ ដោយបន្តអធិដ្ឋាន ថ្វាយអភិបូជាដោយស្ងាត់ៗ និងរស់នៅជាគ្រីស្តបរិស័ទ ដោយលើកលែងទោស ដោយស្រឡាញ់ និងមានជំនឿនៅក្នុងខ្លួន។
នៅក្នុងឆ្នាំព្រះមហាករុណាទិគុណ លោក អភិបាល ណែនាំ ឲ្យ គ្រីស្តបរិស័ទ មាន សេចក្ដីសង្ឃឹម។ លោក ថា «សេចក្តីសង្ឃឹម គឺស្ថិតនៅក្នុងបូជនីយចររបស់យើង។… នៅក្បែរឈើឆ្កាងនៃមរណសាក្សីរបស់ប្រទេសកម្ពុជា យើងប្រកាសសាជាថ្មីថា យើងមានជំនឿលើព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ ហើយយើងថែរក្សា សេចក្ដីសង្ឃឹមជានិច្ច។»
លោកគង្វាល រូប នេះ បានបន្ថែមដោយដកស្រង់បន្ទូលរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដោយអញ្ជើញឲ្យគ្រីស្តបរិស័ទ ស្រឡាញ់អ្នកតូចតាច អ្នកអស់សង្ឃឹម និងបង្កើតពិភពលោកមួយដែលមានភាតរភាព។ លោកបានប្រៀបធៀបស្ថានភាពគ្រីស្តបរិស័ទកម្ពុជាសម័យខ្មែរក្រហម ដែលបានលួចថ្វាយអភិបូជាដោយស្ងាត់ៗ និងលួចអានគម្ពីរ ទៅនឹងស្ថានភាពគ្រីស្តបរិស័ទដើមដំបូង នៅទីក្រុងរ៉ូម និងនៅប្រទេសជប៉ុន ដែលបានរក្សាជំនឿទោះបីមានការហាមឃាត់ និងការគំរាមកំហែងដល់ជីវិតក៏ដោយ។
លោកបានកត់សម្គាល់ពីជម្លោះដែលកំពុងកើតឡើងនៅក្នុងពិភពលោក និងរវាង ប្រទេសកម្ពុជានិង ប្រទេសថៃ សព្វថ្ងៃនេះ ហើយ បាន អំពាវនាវ ឲ្យ គ្រីស្តបរិស័ទ ធ្វើ ជា ទូត នៃ សន្តិភាព។
«រសជាតិដែលឆ្ងាញ់ជាងគេពិតប្រាកដ គឺសុខសន្តិភាពពិតប្រាកដ… នៅក្បែរឈើឆ្កាងនៃមរណសាក្សីនៅតាំងគោក ខ្ញុំសូមអញ្ជើញយ៉ាងឱឡារិក ដល់ព្រះសហគមន៍កាតូលិកកម្ពុជា យកចិត្តទុកដាក់ធ្វើជា ទូតនៃសេចក្តីសុខសាន្ត ដើម្បីក្លាយទៅជា អ្នកកសាងសន្តិភាព។» លោកអភិបាល អូលីវីយ៉េ។
ក្នុងនោះ ដែរ លោកអភិបាលបានដាក់ចេញនូវចំណុចសំខាន់៥យ៉ាង សម្រាប់ការកសាងសុខសន្តិភាពនៅក្នុងជីវិតប្រចាំថ្ងៃ ដូចជា ត្រូវ ចេះ ពិភាក្សាគ្នា យល់ចិត្តគ្នា លើកលែងទោស បដិសេធការសងសឹក និងបដិសេធ អំពើហិង្សា។ លោកសង្ឃឹមថា ឈាមនៃមរណសាក្សីនឹងណែនាំឲ្យសេចក្តីសង្ឃឹមបានផុសឡើង ដូចស្រូវខៀវខ្ចីដែលមានផ្លែយ៉ាងច្រើន។
ជាមួយគ្នានេះ លោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគ បាត់ដំបង មាន ប្រសាសន៍ ថា ជីវិតមរណសាក្សី ជាព្រះអំណោយទាន របស់ ព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍។
លោកអភិបាល អេនរីគេ បានថ្លែងថា ជីវិតរបស់មរណសាក្សីមាន បី ចំណុច សំខាន់ៗ គឺ ជំនឿមានតម្លៃលើអ្វីៗទាំងអស់ដែលណែនាំ ឲ្យយើង ចេះ លះបង់និង ថែរក្សា សេចក្តីសង្ឃឹមដ៏ពិតប្រាកដដែលនាំឲ្យមានមាគ៌ាទៅមុខ និងសេចក្តីស្រឡាញ់ដែលនាំឲ្យយើងចេះការពារព្រះសហគមន៍។
លោកបានបញ្ជាក់ថា មរណសាក្សីមានឥទ្ធិពលច្រើន ជាគំរូមួយ នាំឲ្យព្រះសហគមន៍មានជីវិត និងមានជំនឿមាំមួនជានិច្ច។ ព្រះសហគមន៍កាតូលិក មាន វត្ត មាន នៅ ក្នុងប្រទេស កម្ពុជា ក្នុង ឆ្នាំ ១៥៥៥ ដោយ មាន លោក ហ្គាស្ប៉ាដាគ្រូស ជា បព្វជាតិ ជាតិ ព័រទុយហ្គាល់ បាន ផ្សាយ ដំណឹងល្អមក ដល់ ទឹកដីនេះ ហើយព្រះសហគមន៍រីកចម្រើន បន្តិចម្តងៗ ដោយ រស់នៅ និង មានទំនាក់ទំនង ជាមួយ សាសនាឯទៀត។ ប៉ុន្តែ ជា អកុសលក្នុងឆ្នាំ ១៩៧៥ របប ប្រល័យពូជសាសន៍ប៉ុលពត បាន បំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ និង ធនធាន មនុស្ស ស្ទើរគ្មានសល់នៅក្នុងប្រទេសកម្ពុជាដែល គ្រប់ គ្នា បាន ស្គាល់ថា «កម្ពុជា ឆ្នាំ សូន្យ» ហើយ ព្រះសហគមន៍ ដែលជា ផ្នែក តូច មួយ នៅក្នុង សង្គមនេះ ក៏ រងគ្រោះ យ៉ាងដំណំដែរ។ លោកអភិបាលជាតិ ខ្មែរដំបូង យ៉ូសែប ឆ្មារសាឡាស និង សហការី រួម និង បព្វជិត-ជិតា ជាច្រើន ត្រូវ បាន ស្លាប់ ដោយ អត់អាហារ ធ្វើការងារ ហួសកម្លាំង និងត្រូវ បាន យក ទៅ សម្លាប់ដោយ អង្គការ ខ្មែរក្រហម។
ក្រោយរបបនេះ ដួលរលំ គ្រីស្តបរិស័ទ ដែល រស់រានមានជីវិត បាន ខិតខំ កសាងព្រះសហគមន៍ឡើងវិញ រួ មជាមួយសាសនទូត ក្រៅប្រទេស។ បច្ចុប្បន្ន ព្រះសហគមន៍កាតូលិកនៅកម្ពុជា មាន បីភូមិភាគ មាន គ្រីស្តបរិស័ទ ប្រមាណ ២ម៉ឺននាក់ និង មាន ព្រះសហគមន៍និង សហគមន៍ ចំនួន ១០៤ មានអ្នកបួសជាតិ ខ្មែរ ដូចជា បូជាចារ្យ ភូមិភាគ ចំនួន ១៣នាក់ និង បព្វ ជិត ចំនួនម្នាក់ រួមនឹងដូនជី ជិត ២០នាក់ ដែលកំពុង បម្រើការងារ ក្នុងភូមិភាគ ទាំងបី៕





