អារិយក្សត្រ៖ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះវិហារគ្សត្រីនៃសន្តិភាព អារិយក្សត្រ បានរៀបចំពិធីបុណ្យអរព្រះគុណព្រះជាម្ចាស់ យ៉ាងអធិកអធម ដើម្បីរំលឹកខួប ១៣ ឆ្នាំ នៃការស្រង់រូបសំណាកព្រះនាងម៉ារី នៃក្រុមគ្រួសារ ពីបាតទន្លេមេគង្គ ដោយអ្នកនេសាទម្នាក់។
ពិធីដ៏ពិសិដ្ឋនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល អូលីវីយ៉េ និងលោកអភិបាល សិលា សួន ហង្សលី ព្រមទាំងមានការចូលរួមពីសំណាក់លោកបូជាចារ្យ និងគ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។
ក្នុងឱកាសធម្មទេសនា លោកអភិបាលអូលីវីយ៉េ បានលើកទឹកចិត្តដល់គ្រីស្តបរិស័ទទាំងអស់ ឲ្យយកចិត្តទុកដាក់ មានវត្តមានគ្រប់កន្លែង សម្រាប់ព្រះជាម្ចាស់គ្រប់ពេលវេលា ដូចជាព្រះនាងម៉ារីដែរ។ ទន្ទឹមនឹងនេះ លោកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកសាងពិភពលោកថ្មីមួយ ដែលពោរពេញទៅដោយ សេចក្តីសង្ឃឹម ធម៌មេត្តាករុណា និងសេចក្តីសុខសាន្ត ដោយចាក់ឫសយ៉ាងជ្រៅលើ ការអធិដ្ឋាន ធម៌មេត្តាករុណា និងជំនឿ លើព្រះជាម្ចាស់ជានិច្ច។















