ព្រហ – បៃតង – ថ្ងៃធម្មតា
ឬសន្ដយ៉ូហាន លេអូណាឌី ជាបូជាចារ្យ ឬសន្តដឺនីស ជាអភិបាល
និងសហជី វិន ជាមរណសាក្សី
លោកយ៉ូហានលេអូណាឌី (១៥៤១-១៦០៩) បង្កើតក្រុមគ្រួសារបព្វជិតមួយដើម្បីការពារជំនឿនៅប្រទេសអ៊ីតាលី។ លោកក៏បានបង្កើតទេវវិទ្យាល័យដើម្បីអប់រំបូជាចារ្យសម្រាប់ប្រទេសដែលមិនទាន់មានព្រះសហគមន៍ពេញលេញនៅឡើយ។ លោកទទួលមរណភាពពេលព្យាបាលអ្នកមានអាសន្នរោគដោយជំងឺឆ្លង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី មគ ៣,១៣-២០
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាតែងពោលពាក្យព្រហើនដាក់យើង ហើយអ្នករាល់គ្នាពោលថា ”តើយើងខ្ញុំពោលពាក្យទាស់នឹងព្រះអង្គដូចម្ដេចខ្លះ?”។ អ្នករាល់គ្នាតែងពោលថា «ពួកយើងខំបម្រើព្រះជាម្ចាស់ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គ ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី? ពួកយើងសង្កេតឃើញថា ឥឡូវនេះ មានតែមនុស្សព្រហើនទេដែលមានសុភមង្គល ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់បែរជាបានចម្រុងចម្រើនទៅវិញ។ ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដី ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច»។ រីឯអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ពិភាក្សាគ្នាទៅវិញទៅមក ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យសម្ដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយ ទុកជាទីរឭកនៅចំពោះព្រះភក្រ្តព្រះអង្គ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នកទាំងនោះនឹងទៅជាប្រជារាស្រ្ដរបស់យើង ពួកគេនឹងទៅជាប្រជារាស្រ្ដដែលជាចំណែកមត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។ ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា មនុស្សសុចរិត និងមនុស្សអាក្រក់ខុសប្លែកពីគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើព្រះជាម្ចាស់ និងអ្នកមិនគោរពបម្រើក៏ខុសប្លែកគ្នាយ៉ាងណាដែរ ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យជិតមកដល់ហើយ ថ្ងៃនោះប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន និងមនុស្សប្រព្រឹត្ដអំពើអាក្រក់ ប្រៀបបីដូចជាចំបើង។ ថ្ងៃនោះ នឹងឆេះកម្ទេចពួកគេឥតទុកឱ្យនៅសេសសល់អ្វីឡើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមកដូចព្រះអាទិត្យរះលើអ្នករាល់គ្នាទាំងប្រោសអ្នករាល់គ្នាឱ្យបានជាសះស្បើយផង»។
ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ
| ១ | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្ដាប់ទូន្មាន |
| ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | |
| មង្គលពេកក្រៃ | ។ | ||
| ២ | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
| របស់ព្រះម្ចាស់ | ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | |
| ឥតមានភ្លេចភ្លឹក | ។ | ||
| ៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
| មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | |
| តាមកាលរដូវ | ។ | ||
| ៤ | រីមនុស្សអាក្រក់ | មានចិត្តគម្រក់ | កេរិ៍្ដឈ្មោះអាស្រូវ |
| ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | |
| បាចសាចខ្ចាត់ខ្ចាយ | ។ | ||
| ៥ | ថ្ងៃព្រះអម្ចាស់ | វិនិច្ឆ័យទោស | ជនពាលទាំងឡាយ |
| ព្រមទាំងមនុស្សបាប | មិនស្ថិតស្ថេរឡើយ | ត្រូវតែឃ្លាតឆ្ងាយ | |
| ពីអ្នកសុចរិត | ។ | ||
| ៦ | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
| នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | |
| នាំខ្លួនអន្ដរាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំខិតខំស្វែងរកព្រះបន្ទូលព្រះអង្គដោយចិត្តស្រឡាញ់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៥-១៣
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្តសម្លាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោលថា៖ «សម្លាញ់អើយ! ឱ្យគ្នាខ្ចីនំប័ុងបីដុំសិនមក ព្រោះមានមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ»។ អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា៖ «កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ផង គ្នាមិនអាចក្រោកទៅយកនំប័ុងឱ្យសម្លាញ់ឯងបានទេ»។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំប័ុង ព្រមទាំងអ្វីៗដែលមិត្តសម្លាញ់របស់គាត់ត្រូវការជាមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្តសម្លាញ់ទេ គឺមកពីមិត្ដសម្លាញ់នោះចេះតែរំខានមិនឈប់។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសុំ គង់តែព្រះជាម្ចាស់នឹងប្រទានឱ្យ ចូរស្វែងរកគង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គគង់តែនឹងបើកឱ្យអ្នករាល់គ្នាជាពុំខាន ដ្បិតអ្នកណាដែលសុំ រមែងតែងតែទទួល អ្នកណាស្វែងរករមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារឱ្យអ្នកដែលគោះ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រី មិនដែលមានឪពុកណាយកពស់ឱ្យវាទេ បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណាយកខ្យាដំរីឱ្យវាដែរ។ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឱ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យអស់អ្នកដែលទូលសុំពីព្រះអង្គយ៉ាងណាទៅទៀត!»។
ក្រហម – ឬសន្ដដឺនីស ជាអភិបាល និងសហជីវិន ជាមរណសាក្សី
បុណ្យរម្លឹកដោយជ្រើសរើស
ប្រហែលនៅឆ្នាំ ២៥៨ លោកឌឺនិស ជាអភិបាលព្រះសហគមន៍មុនគេនៅក្រុងប៉ារីស (ប្រទេសបារាំង) ត្រូវអាជ្ញាធរប្រហារជិវិតរួមជាមួយលោកបូជាចារ្យអេលើថែរ និងលោកឧបដ្ឋាករូស្ទីក។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យចាត់សន្តដឹនីស និងសហការីរបស់លោកឱ្យប្រកាសដំណឹងល្អដល់ប្រជាជនដែលមិនស្គាល់ព្រះអង្គ។ ព្រះអង្គក៏បានប្រោសឱ្យសន្តបុគ្គលទាំងនោះមានជំនឿ និងចិត្តអង់អាច សុខចិត្តបូជាជិវិតថ្វាយព្រះអង្គផង។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យលែងជាប់ចិត្តនឹងកិត្តិយសនៃលោកីយ៍នេះ ហើយមិនខ្លាចញញើតអ្នកប្រឆាំងឡើយ។
សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្ដទូត កក ១៧,២២-៣៤
លោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំនៅទួលអារ៉ែស ហើយមានប្រសាសន៍ថា៖«អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថា អស់លោកនិយមសាសនាខ្លាំងណាស់ ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។ ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារដែលមនុស្សសង់នោះឡើយ ហើយព្រះអង្គក៏មិនត្រូវការឱ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ ព្រះអង្គប្រទានឱ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឱ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឱ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឱ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ គេប្រហែលជានឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។ ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចរូបសំណាកធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើងតាមការនឹកឃើញរបស់មនុស្សនោះឡើយ។ ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងឱ្យគេកែប្រែចិត្តគំនិត ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះឱ្យរស់ឡើងវិញ ទុកជាភស្តុតាងសម្រាប់មនុស្សទាំងអស់»។កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឱ្យ អ្នកខ្លះទៀតពោលថា៖«ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។ លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។ ប៉ុន្តែ មានអ្នកខ្លះបានមកចូលរួមជាមួយលោក ហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកដឺនីស ជាសមាជិកសភាក្រុង នៅទួលអារ៉ែស និងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។
ទំនុកតម្កើងលេខ ១២៦ (១២៥),១-៦ បទព្រហ្មគីតិ
| ១ | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
| មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ | |
| ២ | យើងសើចហ៊ោរសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
| ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ | |
| ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា ៖ | ||
| «ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ» | ។ | |
| ៣ | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
| យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ | |
| ៤ | ឱ! ព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
| ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ | |
| ៥ | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
| ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ | |
| ៦ | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
| ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៣-១៦
«អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឱ្យប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅឱ្យមនុស្សដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ»។





