គ្រួសារដូនជីនមស្ការព្រះកាយព្រះគ្រីស្តទទួលសមាជិកថ្មី

នៅព្រះវិហារ​ក្សត្រី​នៃ​សន្តិភាព អរិយក្សត្រ ដូនជីម៉ារីយ៉ា ង្វៀន ធិ គីម ហៀវ (Maria Nguyen Thi Kim Hue) បាន​ថ្វាយពាក្យសច្ចារនិរន្តរ៍នៅ​ចំពោះ​មុខ​លោកអភិបាល​ព្រះសហគមន៍ អូលីវី​យ៉េ ជ្មីតហស្លេ នៃ​ភូមិភាគ​ភ្នំពេញ រួម​និង​​ដូនជី​ប្រធាន​នៃ​ក្រុម​គ្រួសារ​នមស្ការ​​ព្រះកាយព្រះគ្រីស្ត​ (Sisters of Adorers) កាលពីថ្ងៃទី​​១៣ ខែ​កញ្ញា​ ដោយ​មាន លោក​បូជាចារ្យ និង​គ្រីស្តបរិស័ទពីទីកន្លែង​ផ្សេង​​ចូលរួម​ជា​សក្ខី​ជាង​៤០០នាក់។​

លោកអភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍ក្នុង​ធម្មទេសនា​ថា ថ្ងៃនេះ​យើង​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​បងស្រី​ដែល​ថ្វាយពាក្យសច្ចានិរន្តរ៍ និង​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ព្រះសហគមន៍របស់​យើង​ ជា​ពិសេស​សម្រាប់​ព្រះជាម្ចាស់​ដែល​ស្រឡាញ់​យើង។

ក្នុង​ពេលនោះ​ដែរ លោក​អភិបាល​បាន​រំលឹកដល់​យុវតី​ឲ្យ​ភ្ញាក់ស្មារតី​ ថ្វាយខ្លួន​ទៅ​ព្រះជាម្ចាស់​ក្នុង​ឋានៈជា​អ្នក​បួស​ដូច​ដូនជី​ម៉ារីយ៉ា លោកអភិបាល​បញ្ជាក់ថា «នៅ​ក្នុងភូមិភាគ​ភ្នំពេញ​ ក៏ដូចជា​ព្រះសហគមន៍នៅកម្ពុជា​ ឥឡូវនេះ​យើង​មាន​យុវនារីតិច​ណាស់​ដែល​បើក​ភ្នែក បើក​ត្រចៀកស្តាប់​ព្រះបន្ទូលរបស់​ព្រះជាម្ចាស់ និង​ឆ្លើយតប។»

លោកអភិបាល​បាន​ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ចេះ​ដាក់​ខ្លួន​ជាអ្នក​បម្រើ​ និង​ចេះ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដូច​កុមារ​សាមូអែលនៅ​ក្នុងគម្ពីរ «សូម​មាន​ព្រះបន្ទូលមក​ចុះ ទូលបង្គំជាអ្នកបម្រើ​រង់​ចាំ​ស្តាប់​»។ លោក​អភិបាល​ បន្តថា នេះ​ជាឥរិយាបទ​ដែល​​យើង​​ត្រូវ​ត្រៀម​ខ្លួន​ស្តាប់​ព្រះបន្ទូលរបស់​ព្រះជាម្ចាស់​។

សង្គម​របស់​យើង​បច្ចុប្បន្ននេះ មិន​ចូលចិត្ត​ស្ងៀមស្ងាត់ តែ​ចូលចិត្ត​សំលេងឮៗ ប៉ុន្តែ​ព្រះជាម្ចាស់​មាន​ព្រះ​បន្ទូល​ក្នុងភាព​ស្ងៀម​ស្ងាត់។​  លោក​បន្ថែម​ថា «ពេ​លខ្លះ​យើង​ធ្វើ​ជា​ស្តាប់​មិន​ឮ ធ្វើ​ជា​​មិនដឹង ធ្វើ​ជា​មិន​យល់… យើង​ត្រូវ​ទុក​ឲ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជា​អាទិភាព​សំខាន់​បំផុតសម្រាប់​ជីវិត​របស់យើង​ផ្ទាល់»។

លោក​អភិបាល​បន្តថា បងស្រី​នមស្ការ​ព្រះកាយព្រះគ្រីស្ត​ជា​បងស្រី​ដែល​បម្រើ​សង្គម តាមរយៈកូនក្មេង និង​ស្ត្រីៗ​ដែល​មាន​បញ្ហា​ក្នុងជីវិត។ លោក​ថា «នៅ​ក្នុងផ្ទះ​បងស្រី ពួកគេ​អាច​រក​កន្លែង​មួយ​ដែល​កក់ក្ដៅ​ ដែល​ស្វាគមន៍ ស្រឡាញ់ ដើម្បី​ឲ្យគេ​អាច​កសាង​ជីវិតសាជាថ្មី ដើម្បី​ឲ្យក្មេង​មាន​អនាគត ឲ្យម៉ែ​មាន​កម្លាំង​សារជាថ្មី​ ដើម្បី​បន្ត​ដំណើរ​ជាមួយកូន»។

កិច្ច​ការរបស់​ក្រុម​ដូនជី​ រក​ឃើញ​នៅ​ក្នុង​​ការ​គោរព​ព្រះកាយព្រះគ្រីស្ត ដោយ​រក​ឃើញ​កម្លាំង​នៃសេចក្តី​ស្រឡាញ់ ដើម្បីកសាងជីវិត សេចក្តីសុខសាន្ត បន្ត​ជីវិត​ទៅ​មុខ​ទៀត។ លោកគង្វាលព្រះសហគមន៍​បាន​បញ្ជាក់។ ​

នៅ​ក្នុងពិធី​សច្ចាប្រណិធាននេះ ដូនជី​ម៉ារីយ៉ា បាន​ចុះ​ហត្ថលេខា​ចូលក្នុង​ក្រុម​គ្រួសារ​អ្នក​បួស​ ដើម្បី​បម្រើ​ព្រះសហគមន៍​អស់​មួយជីវិត​ ដោយ​សច្ចា​រស់នៅ​ជា​ព្រហ្មចារិនី ស្តាប់​បង្គាប់ និង​រស់នៅ​ជា​អ្នក​ក្រីក្រ​អស់មួយជីវិត បន្ទាប់​មក​លោកអភិបាល​អូលីវីយ៉េ បាន​ប្រគល់​ចិញ្ចៀន​ជូនគាត់​ ជា​សក្ខីកម្ម​បញ្ជាក់ថា ដូនជី​ជា​កម្មសិទ្ធិរបស់​ព្រះគ្រីស្ត​ ជាភរិយា​របស់​ព្រះអង្គ​អស់​មួយជីវិត​។

ដូនជីម៉ារីយ៉ា​ ង្វៀន ធិ គីម ហៀវ កើតនៅឆ្នាំ១៩៨៤ នៅខេត្តបួងម៉េធួក (Buon Me Thuoc) ប្រទេសវៀតណាម ជាកូនទី៤ ក្នុងចំណោម​បងប្អូន​ប្រុសស្រី​១១នាក់។

ការត្រាស់ហៅ​របស់​គាត់​កើត​ឡើង​ពី​សំណួរ​របស់​ប្អូន​ប្រុស​បង្កើត​របស់​គាត់​ «តើ​បងចង់​ក្លាយជា​ដូនជី​ឬទេ?»។ ក្រោយមក​​យុវតី​នេះ​បាន​ឈ្វេងយល់​អំពី​ការត្រាស់ហៅ​របស់​ខ្លួន ដោយ​ចូលរួម​ជាមួយ​ក្រុម​គ្រួសារ​អ្នក​បួស​បងស្រី​នមស្ការព្រះកាយព្រះគ្រីស្ត ហើយ​បាន​ថ្វាយ​ពាក្យ​សច្ចាលើកដំបូង នៅថ្ងៃទី២១ ខែ ១១ ឆ្នាំ១០១៨។

គាត់​ត្រូវ​បានចាត់ឲ្យ​មកប្រទេសកម្ពុជា​ ដើម្បី​បម្រើព្រះសហគមន៍នេះ ជាមួយសមាជិក​ក្រុមដូនជី​នៅបឹងទំពន់។

ដូនជី​ ភីឡា កាសាស ណាវ៉ារ៉ូ (Sr. Pilar Casas Navarro) ប្រធាន​ធំនៃ​ក្រុម​គ្រួសារ​បងស្រី​នមស្ការ​ព្រះកាយព្រះគ្រីស្ត​​នៅ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​សប្បាយចិត្ត​ណាស់​ ដោយសារ​យើង​បាន​ទទួល​ដូនជី​ម្នាក់ទៀត​ចូលក្នុងគ្រួសាររបស់​យើង ហើយ​ជា​ឱកាស​ដែល​គ្រួសារ​យើង​អាច​ចែក​រំលែក​អំណរ​សប្បាយ​នេះ​​ជាមួយ​គ្រីស្តបរិស័ទ​ លោកអភិបាល​ និង​លោកបូជាចារ្យ​។

«នេះ​ចាំ​អំណោយពិសេស​​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​យើង។» ដូនជី​បញ្ជាក់។

ក្រុម​គ្រួសារ​បងស្រី នមស្ការ​ព្រះកាយព្រះគ្រីស្ត (The Handmaids of the Blessed Sacrament and of Charity_ Sisters Adorers)  មាន​ដើម​កំណើត​ពី​ប្រទេស​អេស្ប៉ាញ ក្នុង​ឆ្នាំ​១៨៥៦ បង្កើត​ឡើង​ដោយ​ សន្តី ម៉ារីយ៉ា​ មីកាអែលឡា ដេស្មៃស៊ែរ៉េស និង​សន្តី​លូប៉េស ដេ ឌីកាស្ទីយ៉ូ (St. Maria Micaela Desmaisières y López de Dicastillo) មាន​បេសកកម្ម​ចំនួន​២៣​ប្រទេស ដែលក្នុងនោះ​ក្នុងតំបន់​អាស៊ី​មាន​ចំនួន​​៥ប្រទេស​ គឺ​នៅ​ជប៉ុន ហ្វីលីពីន វៀតណាម ឥណ្ឌា​និង​កម្ពុជា។

«ពេលនេះ យើង​ជា​គ្រួសារ​ធំ​មួយ​នៅ​តំបន់​អាស៊ី។» ដូនជី​​ប្រធាន​ធំបញ្ជាក់ទៀ​ថា ក្រុម​គ្រួសារ​យើង គឺ​គោរព​ព្រះកាយព្រះគ្រីស្ត​ និង​ធ្វើ​​ការងារ​ផ្តោត​សំខាន់​លើ​ស្ត្រី​​ដែលមាន​វិបត្តិ ស្ត្រី​​ត្រូវ​បាន​គេ​ជួញដូរ ស្ត្រី​ពេស្យា​ និង​ស្ត្រី​រង​អំពើ​ហិង្សា​ជាដើម។

ដូនជី ភីឡា បន្តថា «យើង​ចង់​ធ្វើការងារ​ជាមួយ​អង្គការ​ដៃគូ និង​ព្រះសហគមន៍​របស់​យើង ព្រោះ​យើង​ជា​ព្រះសហគមន៍ ហើយ​ផ្លូវ​វិញ្ញាណ​របស់​យើង​គឺ​នៅជាមួយព្រះសហគមន៍។ គ្មាន​ព្រះសហគមន៍​ យើង​គ្មានអ្វីៗទាំងអស់»។

ក្រុម​គ្រួសារ​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០០៣ មានទីតាំងនៅ​សៀមរាប ភ្នំពេញ និង​ប៉ោយប៉ែត(ខេត្ត​បន្ទាយមានជ័យ) ដែលមាន​សមាជិក​ចំនួន​៥នាក់៕

 

 

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn