អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរនាងរូថ រថ ២,១-៣.៨-១១; ៤,១៣-១៧

នាងណូអេមីមានសាច់ញាតិខាងប្តីម្នាក់ ឈ្មោះបូអូស ជាអ្នកមានស្តុកស្តម្ភ។ នាងរូថជាជាតិម៉ូអាប់និយាយនឹងម្តាយក្មេកថា៖ «សូមអ្នកម្តាយឱ្យកូនទៅសន្សំស្រូវនៅឯស្រែ! គង់តែមានគេអនុញ្ញាតឱ្យកូនសន្សំស្រូវពុំខាន!»។ នាងណូអេមីឆ្លើយតបថា៖ «ទៅចុះកូន!»។ នាងរូថក៏ចេញទៅសន្សំស្រូវក្នុងស្រែតាមក្រោយពួកអ្នកច្រូត។ នាងមានភ័ព្វសំណាង ដោយទៅសន្សំស្រូវក្នុងស្រែរបស់លោកបូអូស។ ពេលនោះ លោកបូអូសនិយាយទៅកាន់នាងរូថថា៖ «នាង! ចូរស្តាប់ខ្ញុំ ចូរនាងកុំទៅសន្សំស្រូវក្នុង​​ស្រែណាផ្សេងទៀតឱ្យសោះ! កុំចេញទៅណាឆ្ងាយពីស្រែនេះឡើយ ចូរនៅជាមួយ​អ្នកបម្រើទាំងនេះចុះ! នាងត្រូវនៅជាប់នឹងអ្នកបម្រើខ្ញុំរហូត។ បើឃើញគេទៅកន្លែង​ណា ចូរនាងដើតាមគេទៅ ខ្ញុំហាមប្រុសៗមិនឱ្យប៉ះពាល់នាងឡើយ។ បើនាងស្រេកទឹក ចូរពិសាទឹកក្នុងក្អមដែលអ្នកបម្រើខ្ញុំដងចុះ!»។ ពេលនោះ នាងរ៉ូថក៏ក្រាបមុខដល់ដី ហើយនិយាយតបទៅលោកបូអូសថា៖ «ហេតុអ្វីក៏លោកមេត្តានាងខ្ញុំ​ដូច្នេះ? ហេតុអ្វីក៏លោកអាណិតអាសូរនាងខ្ញុំដែលជាជនជាតិបរទេសដូច្នេះ?»។ លោកបូអូសឆ្លើយតបថា៖ «គេប្រាប់ខ្ញុំច្បាស់អំពីការទាំងប៉ុន្មានដែលនាងបានប្រព្រឹត្តចំពោះម្តាយក្មេកក្រោយពេលប្តីស្លាប់ចោល គឺនាងសុខចិត្តលះបង់ចោលឪពុកម្តាយ និងស្រុកកំណើត មករស់នៅជាមួយប្រជាជនដែលនាងមិនធ្លាប់ស្គាល់ពីមុន»។ ក្រោយមក លោកបូអូសយកនាងរូថធ្វើជាភរិយា។ ព្រះអម្ចាស់ប្រោសប្រទានឱ្យនាងមានផ្ទៃពោះ ហើយនាងសម្រាលបានកូនប្រុសមួយ។ ពេលនោះ ស្រីៗនៅភូមិ​បេថ្លេហឹមនាំគ្នាប្រាប់នាងណូអេមីថា៖ «សូមអរព្រះ​គុណព្រះអម្ចាស់! ដ្បិតព្រះអង្គបានប្រោសប្រទានឱ្យមានម្នាក់ថែរក្សាអ្នកតទៅទៀត! សូមឱ្យចៅរបស់អ្នកមានឈ្មោះល្បីក្នុងស្រុកអ៊ីស្រាអែល! ចៅនេះនឹងទៅជាពន្លឺជីវិតរបស់អ្នក ហើយនឹងចិញ្ចឹមអ្នកក្នុងពេលអ្នកមានវ័យចាស់ផង ដ្បិតក្មេងនេះបានកើតពីកូនប្រសារអ្នកដែលស្រឡាញ់អ្នកដោយចិត្តស្មោះ នាងនេះប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត!»។ នាងណូអេមីក៏យកចៅមកបី ហើយចិញ្ចឹមបីបាច់តរៀងទៅ។ ស្រ្តីៗដែលនៅជិតខាងនាំគ្នានិយាយថា៖ «នាងណូអេមីមានកូនប្រុសមួយ!»។ ពួកគេហៅកូននោះថា “អូបេដ” (ឈ្មោះនេះមានន័យថា “អ្នកបម្រើព្រះអម្ចាស់”)។ ក្រោយមក លោកអូបេដបង្កើត​លោកយេសាយដែលជាព្រះបិតារបស់ព្រះបាទដាវីឌ។

ទំនុកតម្កើងលេខ ១២៨ (១២៧),១-៥ បទកាកគតិ

១ អ្នកណាកោតខ្លាច គោរពអំណាច ព្រះជាអម្ចាស់
ដើរតាមគន្លង មាគ៌ានៃព្រះ អ្នកនោះឥតទាស់
ពោរពេញមង្គល ។
២ អ្នកនឹងទទួល បានឥតប្រែប្រួល យកនូវភោគផល
ចេញពីកិច្ចការ គ្រប់ពេលរៀងរាល់ នឹងមានមង្គល
ចម្រើនពេកក្រៃ ។
៣ ឯភរិយាអ្នក ដែលនៅក្នុងផ្ទះ ដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែ ស្រគាលទុំខ្ចី កូនប្រុសរញ៉ី
ដូចដើមឈើតូច ។
៤ នេះជាអំណោយ ទ្រង់ប្រទានឱ្យ គេបានសម្រេច
ដល់អ្នកកោតខ្លាច ឫទ្ធីអំណាច ផលច្រើនពន់ពេក
មិនពិបាករក ។
៥ សូមទ្រង់ប្រសិទ្ធិ ពរជ័យវិចិត្រ ពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃ កុំបាច់លៃលក ដើរតត្រុករក
ក្នុងជីវិតអ្នក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៣,៩.១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នករាល់គ្នាមានព្រះបិតាតែមួយព្រះអង្គគត់ គឺព្រះបិតាដែលគង់នៅស្ថានបរមសុខ។ អ្នករាល់គ្នាក៏មានព្រះបរមគ្រូតែមួយគត់ គឺព្រះគ្រីស្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,១-១២

ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងក្រុមសាវ័កថា៖ «ពួក​ធម្មចារ្យ និងពួកខាងគណៈផារីស៊ីមានភារកិច្ចបង្រៀនធម្មវិន័យរបស់លោកម៉ូសេ។ អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្តាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្តីដែលគេ​បង្រៀននោះទេ។ អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្តិចក៏មិនជួយផង។ គេធ្វើកិច្ចផ្សេងៗ ដើម្បីឱ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់កាន់តែធំឡើងៗ និងធ្វើខ្សែរំយោលនៅជាយអាវកាន់តែវែងឡើងៗដែរ។ ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងធម្មសាលា។ ពួកនេះចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ និងឱ្យគេហៅខ្លួនថា “លោកគ្រូ”។ រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេ​ឱ្យហៅខ្លួនថា “លោកគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះបរមគ្រូ”តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “លោកឪពុក” ឱ្យសោះ ដ្បិតអ្នករាល់គ្នាមាន “ឪពុក” តែមួយ​គត់ គឺព្រះបិតាដែលគង់​នៅស្ថានបរមសុខ។ កុំឱ្យគេហៅអ្នករាល់គ្នាថា “អ្នកណែនាំ” ឡើយ ដ្បិតមានព្រះគ្រីស្តតែមួយព្រះអង្គប៉ុណ្ណោះ ដែលណែនាំអ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា អ្នក​ណាមានឋានៈធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។

Facebook
Twitter
LinkedIn