អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥

 ផ្នែកទី ១៖ ពុធ – បៃតង – ថ្ងៃធម្មតា

លោកប៊ែរណា (១០៩០-១១៥៣) បានចូលបួសនៅអារាមស៊ីតូ (ប្រទេសបារាំង) ជាមួយអ្នកស្ម័គ្រចិត្តសាមសិបនាក់។ លោកធ្លាប់ស្មឹងស្មាធិ៍ នឹកសញ្ជឹងគិតយ៉ាងជ្រៅបំផុតអំពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់។  លោកនិពន្ធសៀវភៅជាច្រើនដើម្បីបកស្រាយទាំងទេវវិជ្ជាយ៉ាងជ្រៅដែរ។ លោកធ្វើអន្តរាគមន៍នៅគ្រប់កន្លែងដែលព្រះសហគមន៍ត្រូវការ ជាពិសេសជួយឃោសនាឱ្យស្តេចអឺរ៉ុបយាងទៅដណ្តើមស្រុកដែលមានថ្នូររបស់ព្រះគ្រីស្តមកត្រួតត្រាវិញ។ គេជ្រើសរើសលោកឱ្យធ្វើជាចៅអធិការអារាមនៅភូមិក្លែវ៉ូ (ប្រទេសលុចសំបួរ)។ លោកបានបង្កើតអារាមហុកសិបប្រាំទៀត ហើយលោកចេះតែធ្វើដំណើរទៅប្រកាសដំណឹងល្អដែរ។ លោកធ្វើជាទីប្រឹក្សាសម្តេចប៉ាប និងព្រះមហាក្សត្រជាច្រើនអង្គ ទាំងហ៊ានស្តីបន្ទោសស្តេចដែលប្រព្រឹត្តអំពើអយុត្តិធម៌ លោកមានឈ្មោះល្បីដោយបាននិពន្ធអត្ថបទជាច្រើនកោតសរសើរព្រះនាងម៉ារី។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរវីរបុរស វរ ៩,៦-១៥

អ្នកដែលមានមុខមានមាត់នៅស៊ីគែម ជួបជុំគ្នាត្រង់ដើមជ្រៃនៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីមេឡេក ជាកូនលោក​កេដូនធ្វើជាស្តេច។ ពេលលោកយ៉ូថាម​ទទួលដំណឹងនេះ គាត់ឡើងទៅលើកំពូលភ្នំការីស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ «អ្នកមានមុខមានមាត់នៅក្រុងស៊ីគែមអើយ! សូមស្តាប់ខ្ញុំ! សូមព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់អ្នករាល់គ្នាដែរ!។ ថ្ងៃមួយ ដើមឈើទាំងឡាយដើរផ្សងរកស្តេចឱ្យគ្រងរាជ្យលើគេ។ ពួកគេពោលទៅកាន់ដើមអូលីវថា “សូមគ្រងរាជ្យលើយើងខ្ញុំ!”។ ប៉ុន្តែ ដើមអូលីវឆ្លើយ​ថា “ព្រះ និងមនុស្សលោកពេញចិត្តនឹងប្រេងរបស់ខ្ញុំគ្រប់ៗគ្នា តើឱ្យខ្ញុំលះបង់ប្រេងរបស់ខ្ញុំ ដើម្បីទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្តេចកើត?”។ ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមមៀនថា “សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!”។ ប៉ុន្តែ​ ដើមមៀនឆ្លើយថា “តើឱ្យខ្ញុំលះបង់ផ្លែដ៏ផ្អែម និងឆ្ងាញ់ពិសា ដើម្បីទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្តេចកើត?”។ ពេលនោះ ដើមឈើទាំងឡាយពោលទៅ​កាន់ដើមទំពាំងបាយជូរថា “សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!”។ ប៉ុន្តែ ដើមទំពាំង​បាយជូរឆ្លើយថា “ស្រារបស់ខ្ញុំ ធើ្វឱ្យទាំងព្រះ ទាំងមនុស្សលោកសប្បាយចិត្តគ្រប់ៗគ្នា តើឱ្យខ្ញុំលះបង់ស្រារបស់ខ្ញុំ ដើម្បីទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្តេចកើត?”។ នៅទីបំផុត ដើមឈើទាំងឡាយពោលទៅកាន់គុម្ពបន្លាថា “សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!”។ គុម្ពបន្លាក៏ឆ្លើយទៅដើមឈើឯទៀតៗវិញថា “ប្រសិនបើអ្នករាល់គ្នាចង់អភិសេកខ្ញុំឱ្យធ្វើជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ! បើមិនធ្វើដូច្នោះទេ សូមឱ្យមានភ្លើងចេញពីគុម្ពបន្លា បញ្ឆេះដើមខ្ពស់ៗ នៅស្រុកលីបង់ថែមទៀតផង!” »។

ទំនុកតម្កើងលេខ ២១ (២០),២-៧ បទកាកគតិ

បពិត្រអម្ចាស់ រាជាអរណាស់ ព្រោះតែឫទ្ធា
នុភាពព្រះអង្គ ដែលជួយការពារ ឱ្យព្រះករុណា
មានជោគមានជ័យ
ព្រះអង្គប្រទាន​ ឱ្យរាជាបាន ទទួលអ្វីៗ
ទ្រង់មិនបដិសេធ ពាក្យអង្វរស្តី ទៅតាមព្រះទ័យ
របស់រាជា
ព្រះអង្គប្រទាន ពរជ័យឱ្យមាន ដល់ស្តេចគ្រប់គ្រា
ទ្រង់ពាក់មកុដមាស ពីលើសិរសា នៃព្រះករុណា
រុងរឿងប្រណីត
រាជាទូលសូម ព្រះអង្គក៏ព្រម ប្រទានជីវិត
ឱ្យព្រះករុណា ព្រះជន្មវែងពិត ដោយគ្មានកំរិត
អង្វែងឥតស្រាន្ត
ដោយព្រះអម្ចាស់ មានជ័យជម្នះ រាជាក៏បាន
ទទួលសិរី រុងរឿងថ្កើងថ្កាន អម្ចាស់ប្រទាន​​
ថ្លៃថ្លាឧត្តម
ព្រះអង្គតែងតាំង រាជាឱ្យនាំ ព្រះពរសក្តិសម
ទ្រង់គង់ជាមួយ រាជារឹងមាំ ហើយមានទាំងព្រម
អំណរបរិបូរណ៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៥,១៣.១៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលសុទ្ធតែពិតប្រាកដទាំងអស់ ព្រះអង្គប្រព្រឹត្តតាមសេចក្តីទៀងត្រង់ក្នុងគ្រប់ប្រការ។ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២០,១-១៦

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាដូចតទៅ៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករ​មកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ គាត់បានព្រមព្រៀងជាមួយពួក​កម្មករជាស្រេចថា នឹងឱ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឱ្យទៅធ្វើការក្នុងចម្ការ។ ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារ ឥតធ្វើអ្វីសោះ។ គាត់ក៏និយាយទៅកាន់គេថា៖ “ចូរអ្នករាល់គ្នា​ទៅធ្វើការនៅចម្ការខ្ញុំទៅ! ខ្ញុំនឹងឱ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ អ្នកទាំងនោះក៏នាំគ្នា​ទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោង​បីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ ប្រមាណជាម៉ោងប្រាំល្ងាច គាត់​ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតនៅតាមទីផ្សារ។ គាត់សួរគេថា៖ “ហេតុដូចម្តេចបានជាអ្នករាល់គ្នាឈរនៅទីនេះមួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?”។ ពួកគេឆ្លើយថា “មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏និយាយទៅកាន់អ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំទៅ”។ លុះដល់ល្ងាចម្ចាស់​ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា៖ “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឱ្យគេ គឺចាប់ផ្តើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ពួកអ្នកដែលបានចាប់ផ្តើមធ្វើការម៉ោងប្រាំល្ងាចមកដល់ទទួលប្រាក់ម្នាក់មួយ​ដួងៗ។ ពួកអ្នកដែលចាប់ផ្តើមធ្វើការមុនគេក៏មកដល់ដែរ ហើយនឹកគិតថា នឹងបានប្រាក់​ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចគ្នា។ គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការថា៖ “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃហាលក្តៅ ហើយលោកបែរជាបើកប្រាក់ឱ្យគេស្មើនឹងយើងខ្ញុំដែរ”។ ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា៖ “សំឡាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឱ្យខ្ញុំ​មួយដួងក្នុងមួយថ្ងៃ មែនឬមិនមែន?។ ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញ​ទៅចុះ!។ ខ្ញុំចង់ឱ្យអ្នកដែលមកដល់ក្រោយនេះទទួលប្រាក់ស្មើនឹងអ្នកដែរ។ តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែនមកពីឃើញខ្ញុំមានចិត្តសប្បុរស”។ ហេតុនេះ អ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅ​នៅខាងមុខ រីឯអ្នកដែលនៅខាងមុខ នឹងបែរជាទៅនៅខាងក្រោយវិញ»។

 ផ្នែកទី ២៖ ស – សន្ដប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកប៊ែរណា (១០៩០-១១៥៣) បានចូលបួសនៅអារាមស៊ីតូ (ប្រទេសបារាំង) ជាមួយអ្នកស្ម័គ្រចិត្តសាមសិបនាក់។ លោកធ្លាប់ស្មឹងស្មាធិ៍ នឹកសញ្ជឹងគិតយ៉ាងជ្រៅបំផុតអំពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់។  លោកនិពន្ធសៀវភៅជាច្រើនដើម្បីបកស្រាយទាំងទេវវិជ្ជាយ៉ាងជ្រៅដែរ។ លោកធ្វើអន្តរាគមន៍នៅគ្រប់កន្លែងដែលព្រះសហគមន៍ត្រូវការ ជាពិសេសជួយឃោសនាឱ្យស្តេចអឺរ៉ុបយាងទៅដណ្តើមស្រុកដែលមានថ្នូររបស់ព្រះគ្រីស្តមកត្រួតត្រាវិញ។ គេជ្រើសរើសលោកឱ្យធ្វើជាចៅអធិការអារាមនៅភូមិក្លែវ៉ូ (ប្រទេសលុចសំបួរ)។ លោកបានបង្កើតអារាមហុកសិបប្រាំទៀត ហើយលោកចេះតែធ្វើដំណើរទៅប្រកាសដំណឹងល្អដែរ។ លោកធ្វើជាទីប្រឹក្សាសម្តេចប៉ាប និងព្រះមហាក្សត្រជាច្រើនអង្គ ទាំងហ៊ានស្តីបន្ទោសស្តេចដែលប្រព្រឹត្តអំពើអយុត្តិធម៌ លោកមានឈ្មោះល្បីដោយបាននិពន្ធអត្ថបទជាច្រើនកោតសរសើរព្រះនាងម៉ារី។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា!​ ព្រះអង្គសព្វព្រះហឫទ័យប្រោសន្តប៊ែរណាឱ្យស្រឡាញ់ព្រះសហគមន៍យ៉ាងខ្លាំង ហើយទៅជាពន្លឺបំភ្លឺព្រះសហគមន៍នេះផង។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង ដូចសន្តប៊ែរណា និងប្រព្រឹត្តអ្វីៗទាំងអស់ក្នុងឋានៈជាបុត្រធីតាដែលមានព្រះពន្លឺរបស់ព្រះអង្គក្នុងខ្លួនផង!។

សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ១៥,១-៦

អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​តែង​តែ​ប្រតិ‌បត្តិ​តាម​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អង្គ ហើយ​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខាង​វិន័យ​រមែង​ទទួល​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ប្រាជ្ញា​ញាណ​នឹង​យាង​មក​ជួប​គាត់ ដូច​ម្តាយ​មក​ជួប​កូន ឬ​ដូច​កូន​ក្រមុំ​ទទួល​ស្វាមីនៅ​ថ្ងៃ​រៀប​ការ​ដែរ។ ព្រះ‌ប្រាជ្ញា​ញាណ​ផ្តល់​សុភ‌និច្ឆ័យទុក​ជា​អាហារ​សម្រាប់​គាត់ ហើយ​ផ្តល់​ប្រាជ្ញា​ទុក​ជា​ភេជ្ជៈ​សម្រាប់​គាត់។ ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌ប្រាជ្ញា​ញាណ គាត់​មិន​ខ្សោយ​កម្លាំង​ទេ ហើយ​ដោយ​ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ គាត់​ក៏​មិន​អាម៉ាស់​មុខ​ដែរ។ ព្រះ‌ប្រាជ្ញា​ញាណ​នឹង​លើក​គាត់​ទ្បើងឱ្យខ្ពស់​លើស​ញាតិ​សន្តាន​របស់​គាត់ ហើយ​ប្រទាន​ឱ្យគាត់​មាន​ពាក្យ​សម្ដី ដែល​ត្រូវ​និយាយនៅ​ក្នុង​អង្គ​ប្រជុំ។ គាត់​នឹង​មាន​អំណរ​សប្បាយ ដូច​បាន​ពាក់​មកុដ ​គាត់​ក៏​មាន​ឈ្មោះ​ល្បី​អស់​កល្ប‌ជានិច្ច​ដែរ។

ទំនុកតម្កើងលេខ ១១៩ (១១៨),៩-១៤ បទពាក្យ៧

តើពួកយុវជនធ្វើយ៉ាងណា ឱ្យមានកិរិយាល្អត្រឹមត្រូវ
គឺប្រតិបត្តិត្រង់តាមផ្លូវ មាគ៌ាតទៅនៃព្រះអង្គ
១០ ខ្ញុំខំស្វះស្វែងមិនមានឈប់ ទោះថ្ងៃឬយប់ចិត្តតម្រង់
កុំទុកឱ្យខ្ញុំនៅត្រមង់ វង្វេងវង្វាន់ពីវិន័យ
១១ ខ្ញុំសូមតាំងចិត្តថែរក្សា បន្ទូលសន្យាដ៏ប្រពៃ
នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី ឱ្យទាស់​ព្រះទ័យទ្រង់ឡើយណា
១២ បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំខ្ញុំលើកហត្ថា
តម្កើងព្រះអង្គសូមមេត្តា បង្រៀនខ្ញុំណាស្គាល់វិន័យ
១៣ ខ្ញុំតែងតែពោលឥតឈរឈប់ រៀបរាប់សព្វគ្រប់នូវសេចក្តី
ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ សម្រេចព្រះទ័យផ្តល់ជាទាន
១៤ ទូលបង្គំត្រេកអរអនេក ដោយបានពឹងផ្អែកដំបូន្មាន
ប្រៀបដូចជាខ្ញុំទទួលបាន សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ១៥,៥.៩

អាលេលូយ៉ា! អាលេលូយ៉ា!
​ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នា។ អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,២០-២៦

កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភក្រ្ដទតទៅលើមេឃមានព្រះពន្ទូលថា៖ «ទូល‌បង្គំ​មិន​អង្វរ​ព្រះ‌អង្គ​ឱ្យតែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរ​ឱ្យអស់​អ្នក​ជឿ​លើ​ទូល‌បង្គំ តាម‌រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ សូមឱ្យគេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​ព្រះ‌បិតា​អើយ! ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ​យ៉ាង​ណា សូម​ឱ្យគេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បីឱ្យមនុស្ស​លោក​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំ​ឱ្យមក​មែន។ រីឯ​សិរី‌រុង​រឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ ទូល‌បង្គំ​បាន​ប្រគល់​ទៅឱ្យគេ​ហើយ ដើម្បី​ឱ្យគេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ គឺ​ឱ្យទូល‌បង្គំ​នៅ​ក្នុង​គេ ព្រះ‌អង្គ​នៅ​ក្នុង​ទូល‌បង្គំ ដើម្បី​ឱ្យគេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំ​ឱ្យមក ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​ស្រឡាញ់​ទូល‌បង្គំ​ដែរ។ ឱ​ព្រះ‌បិតា​អើយ! ទូល‌បង្គំ​ចង់​ឱ្យអស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ បាន​នៅ​ជា​មួយ​ទូល‌បង្គំ ឯ​កន្លែង​ដែល​ទូល‌បង្គំ​នៅ​នោះ​ដែរ ដើម្បី​ឱ្យគេ​ឃើញ​សិរី‌រុង​រឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល‌បង្គំ តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ។ ឱ​ព្រះ‌បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌អង្គ​ទេ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ស្គាល់​ព្រះ‌អង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំ​ឱ្យមក​មែន។ ទូល‌បង្គំ​បាន​សម្ដែង​ព្រះ‌នាម​ព្រះ‌អង្គ​ឱ្យគេ​ស្គាល់ ហើយ​ទូល‌បង្គំ​នឹង​សម្ដែង​ឱ្យគេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឱ្យសេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​ទូល‌បង្គំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ទូល‌បង្គំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមថ្វាយសក្ការបូជាដែលធ្វើឱ្យមនុស្សលោកស្រុះស្រួលជានានឹងព្រះអង្គ និងជានានឹងគ្នាផង នៅថ្ងៃគោរពសន្តប៊ែរណាដែលខិតខំអស់ពីសម្ថភាព ដើម្បីកសាងសន្តិភាពក្នុងព្រះសហគមន៍ និងក្នុងពិភព​លោក។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជារបស់យើងខ្ញុំ សូមប្រោសប្រទានឱ្យព្រះសហគមន៍បានរួបរួមជាធ្លុងតែមួយផង។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តនៅថ្ងៃគោរពសន្តប៊ែរណា។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះបន្ទូលព្រះអង្គ ដែលប្រសូតមកជាមនុស្ស ដូចសន្តប៊ែរណាផង។

Facebook
Twitter
LinkedIn