សាលា​ឧបការគុណ​បន្ថែម​អគារថ្មី

ដោយសារ​សិស្ស​មាន​ចំនួន​កើនឡើង​ និង​ដើម្បី​បំពេញ​តម្រូវការ​ការសិក្សា​ដល់​កុមារ​តូច​ ក្រុម​ដូនជី​ឧបការគុណ​បាន​សង់​បន្ថែម​នូវ​អគារ​មួយថ្មីទៀត ដើម្បីទទួល​ពួកគេ និង​ដាក់​សម្ពោធ​បើក​ដំណើរការ​កាលពីថ្ងៃទី​២៨ ខែកក្កដា​ម្សិលមិញនេះស្ថិត​ភូមិទី​៧ សង្កាត់ខ្សាម ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពង់ឆ្នាំង។​ 

កម្មវិធីនេះ​ ប្រារព្ធ​ក្រោមអធិបតីភាពលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគបាត់ដំបង និងលោកអភិបាល​សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម​ និងលោទូច លីហួត តំណាង​អភិបាល​នៃ​គណៈអភិបាល​ក្រុង​កំពង់ឆ្នាំង​ រួម​ជាមួយ​​​អាជ្ញាធរភូមិឃុំ​​ស្រុកចូលរួម​  លោកបូជាចារ្យ ដូនជី​ គ្រីស្តបរិស័ទ​ សិស្សានុសិស្ស ព្រមទាំង​អាណាព្យាបាល​សិស្ស​ចូលរួម​យ៉ាង​កុះ​ករ។

«សាលាយើង​មានក្មេងកាន់តែច្រើន ដោយសារ​ជា​សាលា​យាយជី គេ​ទុកចិត្ត​ ដូច្នេះ​គេ​ចុះ​ឈ្មោះកាន់តែ​ច្រើន។» នេះ​ជា​ប្រសាសន៍របស់​ដូនជី​រ៉ុង បុប្ផា នាយិការសាលា​ឧបការគុណ។​

នាយិការសាលា​បន្ត​ថា បច្ចុប្បន្ន​យើង​មាន​កូនសិស្ស​១៥០នាក់ តែ​នៅ​មាន​ក្នុងបញ្ជីរង់ចាំ​ដែល​ចុះឈ្មោះ​៥០នាក់ ហើយ​លឺថា​នៅ​មាន​ច្រើន​ទៀត​ចង់​ចូលរៀន តែ​ដោយសារ​សាលា​មាន​ចំនួន​កំណត់​មិន​អាច​ទទួល​ទាំង​អស់​បាន​ ហេតុនេះ​យើង​បាន​រិះគិត​ជា​មួយ​ប្រធាន​ក្រុម​ដូនជីឧបការគុណ​របស់​យើង ដើម្បី​មាន​អគារ​ថ្មី​ថែម​ទៀត។

បច្ចុប្បន្ន​សាលា​ឧបការគុណ​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​ដូនជី​ឧបការគុណ​ ដែល​កំពុង​ផ្តល់​ការអប់រំ​សិក្សា​ដល់​កូនសិស្ស​ពីកម្រិត​មត្តេយ្យសិក្សា​ដល់​ថ្នាក់ទី​៣។ ដូនជី​បុប្ផា​បន្ថែម​ថា ក្រោយ​បញ្ចប់​ថ្នាក់ទី​៣ កុមារ​ទាំងអស់​ត្រូវ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​ ព្រោះ​យើង​មិន​ទាន់​មាន​លទ្ធភាព​បន្ត​ដល់​ថ្នាក់​ខ្ពស់​បាន។ យើង​សង្ឃឹមថា បន្តិច​ទៀតយើង​​នឹង​អាច​មាន​រហូត​ដល់​កម្រិត​ចប់​បឋមសិក្សា​ថ្នាក់ទី​៦ និង​ដល់​កម្រិត​អនុវិទ្យាល័យ។

ចាន់ ស្រីនិច្ច អាយុ​១៤ឆ្នាំ បច្ចុប្បន្ន​ជា​អតីតសិស្ស​នៃ​សាលា​ឧបការគុណ ឲ្យដឹងថា នាង​បាន​ចូលរៀន​នៅ​សាលា​នេះ​នៅ​អាយុ​១១​ឆ្នាំ​ ព្រោះ​ជីវភាព​និង​ខ្វះ​មធ្យោបាយ​សិក្សា​។ ប៉ុន្តែ​ដោយសារ​សាលា​នេះ​នៅ​ក្បែរ​ផ្ទះ​ នាង​អាច​មក​រៀន​បាន​ពេញ​លេញ និង​រីករាយជាមួយ​មិត្ត​ភក្តិ។ 

កុមារីម្នាក់នេះ និយាយថា «សប្បាយពេល​បាន​រៀន​នៅ​សាលា​នេះ អរព្រោះ​បាន​ជួប​គ្រូល្អ។ សិស្ស​ត្រូវការអី​គ្រូ​ឲ្យ​ហ្នឹង ហើយ​បង្រៀន​ឲ្យសិស្ស​ចេះ​ច្រើនដែរ។ ចេះ​ភាសា​ខ្មែរ ចេះ​អង់គ្លេស និង​គណិត។»

មិនសូវ​ខុស​គ្នា​ពី​ស្រីនិច្ច​ទេ កុមារា​ ទី សម្បត្តិ ចូលរៀន​ក្នុង​វ័យ​ច្រើន​ដូចគ្នា។ កុមារាវ័យ​១៤ឆ្នាំនេះ​ប្រាប់​ថា ទោះ​បីជា​គាត់​បញ្ចប់ការសិក្សា​ថ្នាក់ទី​៣ហើយ​ក៏ដោយ ក៏គាត់​នៅតែ​មក​សាលា​ដូនជី​ដើម្បី​ជួយ​បង្រៀន​ដល់​ប្អូនៗតូច​ៗឲ្យចេះ​អាន​និង​សរសេរអក្សរ​ថែម​ទៀត និង​រៀន​បន្ថែម​ពី​លោកគ្រូអ្នកគ្រូនៅទីនេះ។ 

ក្នុង​ពិធីនោះ លោកអភិបាល​ហង្សលី មាន​ប្រសាសន៍ថា សម្មភាព​របស់​ក្រុម​ដូនជី​ឧបការគុណ​គឺ​ជួយ​បង្ហូរ​ឧបការគុណ​របស់​ព្រះជាម្ចាស់​តាម​រយៈ​សសរស្តម្ភ​ទាំង​បួន​របស់​ក្រុម​ ហើយ​សកម្មភាព​នេះ​ជួយ​ដល់​កុមារ​ឲ្យ​រីកចម្រើន​ ទាំង​ចំណេះ​ដឹង ចរិយាធម៌ សីលធម៌ និង​របៀប​រស់នៅ​ជាមួយគ្នា​ ទាំង​ក្នុង​គ្រួសារ​និង​សង្គមជាតិ។ 

សសរស្តម្ភ​របស់​ក្រុម​ដូនជីឧបការគុណរួមមាន ក្រីក្រ សប្បុរស សាមញ្ញ និង​ពឹងលើឧបការគុណ​របស់​ព្រះជាម្ចាស់។

ក្នុងនោះ​ដែរ​លោកអភិបាល​បាន​អរគុណ​និង​សំណូម​ពរបន្ថែម​ដល់​អាជ្ញាធរ​មូលដ្ឋាន សូម​ជួយ​គាំពារ​និង​គាំទ្រ​ដល់​សកម្មភាព​របស់​ក្រុម​ដូនជី​ដើម្បី​ឲ្យពួកគាត់​អាច​បណ្តុះ​បណ្តាល​កុមារ​ដោយ​ប្រសិទ្ធភាព។

លោក​អភិបាល​អេនរីគេ ហ្វីការេដូ បញ្ជាក់ផងដែរ​ថា សកម្មភាព​របស់​ក្រុម​​​ដូនជី​រួមគ្នាធ្វើ​កិច្ចការ​អប់រំនេះ​ ដើម្បី​ឲ្យ​មាន​​បរិយាប័ន្ន​ក្នុង​សង្គម មិន​បោះ​បង់​នរណា​ឲ្យ​នៅ​ក្រៅសង្គម​ឡើយ។ នេះ​ជា​ការ​​​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ ដែលបញ្ជាក់​ថា ​យើង​ជា​បងប្អូន​នឹង​គ្នា។

សាលា​ឧបការគុណ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២២។ នេះ​ជា​សាលា​ដូនជី​ឧបការគុណ​ដំបូង​គេ​បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់​នៅ​ក្នុងប្រទេស​កម្ពុជា​។ មុន​ឆ្នាំ​១៩៧៥ ក្រុម​ដូនជីឧបការគុណ​មាន​សាលា​អប់រំ​យុវតី​ជា​ច្រើន​កន្លែង​ក្នុងប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះ​ល្បីល្បាញ ក្នុង​ចំណោម​ប្រជាជន​ខ្មែរ ដែលមាន​នៅ​ជ្រោយចង្វារ និងខេត្ត​កែបជាដើម។​

បច្ចុប្បន្ន​ក្រុម​ដូនជី​ឧបការគុណ​ ​ជួយ​ដល់​សកម្មភាព​ព្រះសហគមន៍​តាមរយៈ​បង្រៀន​អប់រំ​ជំនឿ បម្រើ​ពិធីបុណ្យនិងសង្គហៈ ទទួលអប់រំ​កុមារ​និងយុវជននិង​ឲ្យ​ពួកគេ​ស្នាក់នៅ​ដើម្បីបន្ត​ការសិក្សា​នៅ​គ្រប់​កម្រិត និង​មើលថែរក្សា​កុមារ​មាន​ពិការភាពជាដើម៕

ដោយ​កែវ កញ្ញា

​ 

Facebook
Twitter
LinkedIn