អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី២៩ ខែកក្ដដា ឆ្នាំ២០២៥

នាងម៉ាថារស់នៅភូមិបេថានីជាមួយនាងម៉ារី និងលោកឡាសា។ ព្រះយេស៊ូស្រឡាញ់រាប់អានអ្នកទាំងបីនោះ។ ពេលព្រះអង្គយាងទៅផ្ទះ នាងម៉ាថាយកចិត្តទុកដាក់ទទួលព្រះយេស៊ូ ដោយយល់ថា ព្រះអង្គជាព្រះគ្រីស្ត។ តែព្រះយេស៊ូបង្រៀនឱ្យនាងដឹងថា សាវ័ករបស់ព្រះអង្គមិនត្រឹមតែបម្រើអ្នកដ៏ទៃដោយចិត្តស្រឡាញ់ប៉ុណ្ណោះទេ គឺត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនឹកសញ្ជឹងគិតដូចនាងម៉ារីជាប្អូន ដើម្បីឱ្យស្គាល់ព្រះហឫទ័យមេត្តាករុណាដ៏ទូលំទូលាយរបស់ព្រះអង្គ។ ប្រសិនបើសាវ័កធ្លាប់អធិដ្ឋាន ទាំងនឹកសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការដែលខ្លួនប្រព្រឹត្តនោះរឹតតែប្រសើរឡើង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣៣,៧-១១.១៨-២៣; ៣៤,៤-៩.២៨

នៅពេលប្រជាជនអ៊ីស្រាអែលបោះជំរំ លោកម៉ូសេតែងតែដំឡើងពន្លានៅខាងក្រៅឆ្ងាយពីជំរំបន្តិច។ គេហៅពន្លានេះថា “ពន្លាជួបព្រះអម្ចាស់” ហើយអស់អ្នកដែលចង់ទូលសួរព្រះអម្ចាស់ត្រូវតែចេញពីជំរំឆ្ពោះទៅពន្លាជួបព្រះអម្ចាស់ដែលនៅខាងក្រៅជំរំ។ ពេលណាលោកម៉ូសេចេញទៅកាន់ពន្លា ប្រជាជនទាំងអស់ឈរនៅមាត់ទ្វាររោងរបស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេរហូតទាល់តែលោកចូលទៅក្នុងពន្លា។ កាលលោកម៉ូសេចូលផុតទៅក្នុងពន្លានោះ ដុំពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។ ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លានោះ ពួកគេនាំគ្នាក្រាបថ្វាយបង្គំពីមាត់ទ្វាររោងរបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជន​ជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស៊ូអាជាកូនរបស់លោកនូនមិនចាកចេញពីពន្លាទេ។ លោកម៉ូសេទូលថា៖ «សូមព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គឱ្យទូលបង្គំឃើញ​ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងសម្តែងសេចក្តីសប្បុរសរបស់យើង ហើយ​យើងប្រកាសឈ្មោះ យើងជាព្រះអម្ចាស់នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណាដែលយើងមេត្តាករុណា យើងក៏នឹងមានចិត្តអាណិតអាសូរដល់នរណាដែលយើងអាណិតអាសូរដែរ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញយើង ហើយមានជីវិតតទៅមុខទៀត​បានឡើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឈរជិតយើង លើដុំថ្មនៅកន្លែងនេះ! ពេលសិរីរុងរឿងរបស់យើងឆ្លងកាត់តាមនេះ យើងនឹងលាក់អ្នកក្នុងក្រហែងថ្ម ហើយយកដៃរបស់យើងមកបាំងអ្នករហូតទាល់តែយើងឆ្លងផុតទៅ។ បន្ទាប់មក យើងនឹងដកដៃ​ចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែគ្មាននរណាអាចឃើញមុខយើងទេ»។ លោកម៉ូសេក៏ដាប់បន្ទះថ្មពីរបន្ទះដូចបន្ទះថ្មមុន។ លោកក្រោកពីព្រលឹមឡើងទៅ​លើភ្នំស៊ីណៃតាមបញ្ជារបស់ព្រះអម្ចាស់ ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។ ព្រះអម្ចាស់ចុះមកក្នុងពពក ហើយគង់នៅទីនោះក្បែលោកម៉ូសេទាំងប្រកាសព្រះ​នាមព្រះអម្ចាស់។ ព្រះអម្ចាស់ឆ្លងកាត់ពីមុខលោកម៉ូសេទាំងប្រកាសថា៖ «ព្រះអម្ចាស់! ព្រះអម្ចាស់ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្តោស ព្រះអង្គ​មានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា និងស្មោះ​ស្ម័គ្រជានិច្ច។ ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ព្រះអង្គ​តែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកដែលធ្វើខុស ព្រះអង្គ​ដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»​។ លោកម៉ូសេប្រញាប់ប្រញាល់ក្រាបដល់ដីថ្វាយបង្គំព្រះអម្ចាស់។ លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះ​អង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជា​ជននេះជាមនុស្សរឹងរូស ប៉ុន្តែ ព្រះអង្គអត់ទោសចំពោះកំហុស និងអំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត ហើយព្រះអង្គទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ»។ លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់អស់រយៈពេលសែសិបថ្ងៃសែសិបយប់ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះ​បន្ទូលទាំងដប់នៃសម្ពន្ធមេត្រីដែលជាគ្រឹះនៃសម្ពន្ធមេត្រីនៅលើបន្ទះថ្ម។

ទំនុកតម្កើងលេខ ១០៣ (១០២),៦-១៣ បទកាកគតិ

៦ ព្រះម្ចាស់ប្រព្រឹត្ត សព្វអស់ការកិច្ច ដោយព្រះហឫទ័យ
សុចរិតយុត្តិធម៌ បវរប្រិមប្រីយ៍ ដល់ជនប្រុសស្រី
ត្រូវគេជិះជាន់ ។
៧ ព្រះអង្គសម្តែង ឫទ្ធីគួរស្ញែង ឱ្យម៉ូសេបាន
ស្គាល់មាគ៌ាទ្រង់ គ្មានអ្វីរំខាន ប្រជាគ្រប់ប្រាណ
ដឹងហេតុអស្ចារ្យ ។
៨ ព្រះអម្ចាស់ថ្លៃ មានព្រះហឫទ័យ អាណិតករុណា
ប្រណីសន្តោស គ្រប់ពេលវេលា ដល់មនុស្សគ្រប់គ្នា
មិនឱ្យមានភ័យ ។
៩ ទ្រង់មិនបន្ទោស ប្រើពាក្យបោកបោះ ដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធ មិនខេខឹងអ្វី ហើយតែងប្រណី
ដល់យើងគ្រប់គ្នា ។
១០ ព្រះអង្គមិនដាក់ ទោសយើងម្នាក់ៗ ឱ្យឈឺគ្រាំគ្រា
សមតាមអំពើ បាបច្រើនមហិមា ទ្រង់តែងមេត្តា
មិនយកទោសពៃរ៍ ។
១១ មេឃនៅខ្ពស់ឆ្ងាយ សន្លឹមអន្លាយ ពីភពផែនដី
ព្រះទ័យព្រះម្ចាស់ ដែលធ្លាប់ប្រណី ក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ ។
១២ ទិសកើតទិសលិច ឆ្ងាយគ្នាមិនតិច ឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យ អំពើបាបបែរ ឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនោះ ។
១៣ ឪពុកអាណិត ថ្នាក់ថ្នមផ្តេកផ្តិត កូនមានទាំងអស់
ព្រះក៏មេត្តា អាសូរស្រណោះ ដល់អ្នកដែលស្មោះ
គោរពរាល់ថ្ងៃ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៣៦-៤៣

ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ ក្រុមសាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែឱ្យយើងខ្ញុំបានយល់អត្ថន័យផង»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺ​បុត្រមនុស្ស ស្រែគឺពិភពលោក គ្រាប់ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯ​ស្រងែវិញ គឺកូនចៅរបស់មារកំណាច។ សត្រូវដែលសាបព្រោះស្រងែ គឺមារ រីឯរដូវ​ចម្រូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺទេវទូត។ គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ បុត្រមនុស្សនឹងចាត់ទេវទូតរបស់លោកឱ្យមក។ ទេវទូតទាំងនោះនឹងប្រមូលពួកអ្នក​ដែលនាំគេឱ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពី​ព្រះរាជ្យបោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំ សោក ខឹង សង្កៀតធ្មេញ។ រីឯអ្នកសុចរិតវិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។

Facebook
Twitter
LinkedIn