អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី២៨ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣២,១៥-២៤.៣០-៣៤

លោកម៉ូសេចុះពីលើភ្នំស៊ីណៃមកវិញទាំងកាន់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញាដែលមានចារអក្សរទាំងសងខាង។ បន្ទះថ្មនេះជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់បានចារដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។ ពេលលោកយ៉ូស៊ូអាឮសំឡេងប្រជាជនហ៊ោកញ្ជ្រៀវ លោកមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «មានឮសំឡេងប្រយុទ្ធគ្នានៅក្នុងជំរំ»។ លោកម៉ូសេឆ្លើយថា៖ «ទេ! នេះមិនមែនជាសម្រែកជ័យជម្នះ ឬសម្រែកបរាជ័យឡើយ! តែខ្ញុំឮសូរសំឡេងចម្រៀង។ លុះមកដល់ជិតជំរំ លោកម៉ូសេឃើញរូបកូនគោ និងឃើញប្រជាជនកំពុងតែលោតរាំលេង លោក្រេវក្រោធយ៉ាងខ្លាំង លោកក៏បោកបន្ទះថ្មដែលលោកកាន់ឱ្យបែកនៅជើងភ្នំទៅ។ លោកយករូបកូនគោដែលពួកគេបានធ្វើទៅដុត រួចលោកកម្ទេចឱ្យម៉ត់ដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹកឱ្យជនជាតិអ៊ីស្រាអែលផឹក។ បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអរ៉ុនថា៖ «តើប្រជាជននេះបានធ្វើអ្វីដល់បង បានជាបង​បណ្តោយឱ្យគេប្រព្រឹត្តបាបយ៉ាងធ្ងន់បែបនេះ?»។ លោកអរ៉ុនតបថា៖ «សូមលោកម្ចាស់កុំខឹងអី លោកក៏ជ្រាបហើយថា ប្រជាជនចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។ ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមលោកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។ ខ្ញុំបានប្រាប់ពួកគេថា “អ្នកណាមានមាស សុំយកមកឱ្យខ្ញុំ”។ ពួកគេយកមាសមកឱ្យខ្ញុំ ខ្ញុំក៏បោះមាសទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះ»។ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅគាល់ព្រះអម្ចាស់ម្តងទៀត។ ប្រហែលជាខ្ញុំអាចសូមព្រះអង្គលើកលែងទោសឱ្យអ្នករាល់គ្នាបានរួចពីបាប»។ លោកម៉ូសេក៏ទៅគាល់ព្រះអម្ចាស់ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេបានយកមាសសិតធ្វើរូបព្រះសម្រាប់ថ្វាយបង្គំ។ សូមព្រះអង្គមេត្តាលើកលែងទោសពួកគេឱ្យរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះអង្គលុបឈ្មោះទូលបង្គំចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ព្រះអង្គទៅ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាប ប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវទូតរបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃដែលវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។

ទំនុកតម្កើងលេខ ១០៦ (១០៥),១៩-២៣ បទពាក្យ ៧

១៩ លើភ្នំហូរ៉ែបគេជួបជុំ យកមាសទាំងដុំនាំគ្នាជួយ
ឆ្លាក់ដាប់ដុតដំបានគោមួយ គេលែងភ័យព្រួយទុកជាព្រះ ។
២០ ពួកគេបែរជាយករូបសត្វ មកទុកថ្វាយថ្វាត់ក្រាបសំពះ
ជាសត្វស៊ីស្មៅដើរពេញពាស ទុកដូចជាព្រះគួរគោរព ។
២១ ពួកគេភ្លេចថាព្រះតែមួយ ជាព្រះដែលជួយទាំងថ្ងៃយប់
ដោយស្នាព្រះហស្តដ៏ចំណាប់ គួរឱ្យស្ញែងស្ញប់ឯសមុទ្រ ។
២២ ការអស្ចារ្យទៀតដែលមាននៅ ក្នុងស្រុកកូនចៅលោកហាំស្រាប់
និងស្នាព្រះហស្តដ៏ចំណាប់ គួរឱ្យស្ញែងស្ញប់ឯសមុទ្រ ។
២៣ ព្រះអង្គសម្រេចព្រះហឫទ័យ កម្ទេចប្រល័យគេឱ្យផុត
តែលោកម៉ូសេដ៏វិសុទ្ធ ចេញមកក្រាបលុតអង្វរសុំ ។
គាត់ឃាត់ព្រះអង្គមិនឱ្យលប់ តាមព្រះពិរោធដោយគំនុំ
មិនឱ្យព្រះអង្គគិតគួនគុំ ពួកគេនឹងយំដោយទ្រង់ខ្ញាល់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,១៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់​ ព្រះអង្គប្រទានជីវិតឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំមុនសត្វលោកទាំងឡាយដែលព្រះអង្គបង្កើតមក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៣១-៣៤

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅកាន់បណ្តាជនថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់ពូជនោះតូចជាងគ្រាប់​ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំ​ជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាមេនំប័ុងដែលស្រ្តីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឱ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្តីទាំងនេះទៅកាន់មហាជន សុទ្ធតែជាពាក្យប្រស្នា​ទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ ដើម្បីឱ្យស្របនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីថា “យើងនឹងនិយាយ​ទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្តីលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមកឱ្យគេដឹង”។

Facebook
Twitter
LinkedIn