អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៦,១-៥.៩-១៥
សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីមទៅដល់វាលរហោស្ថានស៊ីនដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះនៅថ្ងៃទីដប់ប្រាំក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអរ៉ុន។ ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូរណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឱ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លានក្នុងវាលរហោស្ថាននេះ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្តល់អាហារពីលើមេឃមកឱ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារសម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឱ្យដឹងថា គេគោរពវិន័យរបស់យើងឬទេ?។ នៅថ្ងៃទីប្រាំមួយ ពេលដែលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតាមួយជាពីរ»។
លោកម៉ូសេប្រាប់លោកអរ៉ុនថា៖ «សូមបង្គាប់សហគមន៍អ៊ីស្រាអែលទាំងមូលឱ្យចូលមកគាល់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ឮពាក្យរអ៊ូរទាំរបស់ពួកគេហើយ»។ នៅពេលដែលលោកអរ៉ុនកំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅក្នុងពពក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅនេះ នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹក អ្នករាល់គ្នានឹងមាននំប័ុងបរិភោគយ៉ាងបរិបូរណ៌។ ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»។ ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។ នៅពេលដែលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹលនៅពាសពេញវាលរហោស្ថាន។ ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «ម៉ានូ?» គឺ «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឱ្យអ្នករាល់គ្នាបរិភោគ»។
ទំនុកតម្កើងលេខ ៧៨ (៧៧),១៧-១៩.២៣-២៥.២៧.២៩ បទព្រហ្មគីតិ
| ១៧ | ទោះជាទ្រង់ធ្វើត្រូវ | ពួកគេនៅតែប្រព្រឹត្ត | |
| អំពើបាបទុច្ចរិត | ដោយប្រព្រឹត្តទាស់ព្រះទ័យ | ។ | |
| នៅវាលរហោស្ថាន | ដូនតាបានគិតរំពៃ | ||
| ប្រឆាំងព្រះម្ចាស់ថ្លៃ | មានបារមីឥតអ្វីប្រៀប | ។ | |
| ១៨ | ពួកគេសម្រេចចិត្ត | ល្បងឥតគិតអានុភាព | |
| ទាមទារជាដរាប | ឱ្យទ្រង់រៀបចំអាហារ | ។ | |
| ១៩ | គេមានចិត្តសង្ស័យ | លើម្ចាស់ថ្លៃយ៉ាងឫស្យា | |
| ដោយពោលពាក្យវាចា | ឱ្យក្សត្រាជប់លៀងគេ | ។ | |
| ២៣ | ទោះជាយ៉ាងណាក្តី | ទ្រង់ប្រណីអត់ទោសឱ្យ | |
| បញ្ជាមិនថ្លោះធ្លោយ | ពពកឱ្យបើកផ្ទៃមេឃ | ។ | |
| ២៤ | ហើយប្រទានអាហារ | នំម៉ាណាច្រើនក្រៃពេក | |
| ធ្លាក់មកពីលើមេឃ | ព្រះអង្គចែកពីសួគ៌ា | ។ | |
| ២៥ | ពួកគេបរិភោគ | អាហារពពួកទេវតា | |
| ទ្រង់ប្រទានអាហារ | គ្រប់អាត្មាឆ្អែតស្កប់ស្កល់ | ។ | |
| ២៧ | ទ្រង់ប្រទានសត្វស្លាប | ហើរឆ្វែលឆាបច្រើនទាំងហ្វូង | |
| ទាំងសាច់សត្វទៀតផង | ច្រើនកន្លងឥតគណនា | ។ | |
| ២៩ | គេបរិភោគឆ្អែតឆ្អល់ | បានស្កប់ស្កល់គ្មានសល់ម្នាក់ | |
| ព្រះជាម្ចាស់ថ្នមថ្នាក់ | តាមចិត្តអ្នកប៉ងប្រាថ្នា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១-៩
នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ មានមហាជនច្រើនកុះករមកចោមរោមព្រះអង្គ។ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្តាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើពាក្យប្រស្នាដូចតទៅនេះ៖ «អ្នកសាបព្រោះចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដីច្រើន គ្រាប់ពូជក៏ដុះឡើងភ្លាម ដោយដីមិនសូវជ្រៅ លុះដល់ថ្ងៃក្តៅឡើង ពន្លកទាំងនោះក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតស្រូវ មិនឱ្យដុះបានឡើយ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់ឱ្យផលជាមួយរយគ្រាប់ មួយទៀតហុកសិប និងមួយទៀតឱ្យសាមសិប។ អស់អ្នកដែលឮពាក្យនេះសូមយកទៅពិចារណាចុះ!»។





