អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

ឬមរណសាក្សីដើមដំបូង
នៅព្រះសហគមន៍ក្រុងរ៉ូម

ពណ៌ក្រហម

នៅគ.ស ៦៤ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាមណេរុងបានចាប់គ្រីស្តបរិស័ទជាច្រើនអ្នកយកទៅឆ្កាង និងដុតសម្លាប់ទាំងរស់។ នៅទីក្រុងរ៉ូម គេរ៉ាយរ៉ាប់អំពីព្រះចៅណេរុងថា ជាអ្នកដុតបំផ្លាញក្រុងរ៉ូម ប៉ុន្តែដោយទ្រង់មានបំណងចង់បំបាត់ពាក្យចចាមអារាមនោះ ព្រះ​ចៅណេរុងក៏ចោទប្រកាន់ថា គ្រីស្តបរិស័ទជាអ្នកប្រព្រឹត្ត។ ទ្រង់ធ្វើទារុណកម្មគេយ៉ាងខ្លាំងហួសពីការស្មាន។ ឈ្មោះគ្រីស្តបរិស័ទនេះមកពីបុរសម្នាក់ ដែលទេសាភិបាលប៉ុនពីឡាតបានធ្វើទោសប្រហារជីវិត ក្នុងរជ្ជកាលព្រះបាទទីបែរ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៨,១៦-៣៣

បុរសទាំងបីដែលមកបរិភោគនៅជំរំរបស់លោកអប្រាហាំក្រោកឡើង ហើយចាកចេញតម្រង់ទៅកាន់ក្រុងសូដុម។ លោកអប្រាហាំក៏ជូនដំណើរអ្នកទាំងបីទៅដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើយើងនឹងលាក់ការដែលយើងបម្រុងនឹងធ្វើមិនឱ្យអប្រាហាំដឹង ឬយ៉ាងណា? ទេ! យើងមិនត្រូវលាក់ទេ ដ្បិតគាត់នឹងបង្កើតប្រជាជាតិមួយធំ ដ៏មានកម្លាំងខ្លាំងក្លា ហើយប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរដោយសារគាត់ដែរ។ យើងបានជ្រើសរើសគាត់ឱ្យប្រៀនប្រដៅកូនចៅ និងវង្សត្រកូលតរៀងទៅ ឱ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ផង។ ដូច្នេះ ព្រះអម្ចាស់នឹងប្រទានឱ្យលោកអប្រាហាំស្របតាមព្រះបន្ទូលសន្យាដែលព្រះអង្គបាននិយាយជាមួយលោក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ពាក្យចោទប្រកាន់អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ាលាន់ឮខ្លាំងណាស់ ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ដែរ។ យើងត្រូវតែចុះទៅមើល ដើម្បីឱ្យដឹងថា តើកិរិយាមារយាទរបស់គេដូចពាក្យចោទដែលលាន់ឮមកយើង ឬយ៉ាងណាៗនោះ យើងមុខជានឹងដឹងច្បាស់មិនខាន»។ បុរសពីរនាក់ដែលហែរហមព្រះអម្ចាស់ក៏ចេញពីកន្លែងនោះតម្រង់ទៅក្រុងសូដុម។ ចំណែកឯលោកអប្រាហាំវិញ លោកនៅជាមួយព្រះអម្ចាស់។ លោកចូលទៅជិតព្រះអង្គ ហើយទូលសួរថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គនឹងបំបាត់មនុស្សសុចរិត រួមជាមួយមនុស្សទុច្ចរិតដែរឬអ្វី? ក្នុងក្រុងនោះ ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ! តើព្រះអង្គនឹងបំផ្លាញក្រុងនោះចោលមែនឬ? សូមព្រះអង្គប្រោសប្រណីដល់ក្រុងនោះ ដោយយោគយល់ដល់មនុស្សសុចរិតទាំងហាសិបនាក់នោះផង! សូមព្រះអង្គកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើធ្វើដូច្នេះ មនុស្សសុចរិតនឹងដូចមនុស្សបាបដែរ! ព្រះអង្គមិនគួរប្រព្រឹត្តដូច្នេះទេ! ព្រះអង្គជាចៅក្រមនៃផែនដីទាំងមូល គួរតែប្រព្រឹត្តតាមយុត្តិធម៌ផង!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម ហើយនឹងអត់ទោសឱ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់អ្នកសុចរិតទាំងនោះ»។
លោកអប្រាហាំទូលទៀតថា៖ «ខ្ញុំគ្រាន់តែជាធូលីដីនិងជាផេះប៉ុណ្ណោះ។ សូមអភ័យទោសចំពោះខ្ញុំ ដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ ប្រហែលខ្វះប្រាំនាក់ មនុស្សសុចរិតមានតែសែសិបប្រាំនាក់ទេ តើព្រះអង្គនឹងបំផ្លាញក្រុងទាំងមូលចោលព្រោះតែប្រាំនាក់នោះឬ?» ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកមនុស្សសុចរិតបានសែសិបប្រាំនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាំហាំទូលព្រះអង្គទៀតថា៖ «ប្រហែលរកបានតែសែសិបនាក់ទេមើលទៅ»។ ព្រះអង្គមាន​ព្រះបន្ទូលថា៖​«ប្រសិនបើយើងរកបានសែសិបនាក់ យើងមិនបំផ្លាញក្រុងនោះចោល​ឡើយ»។ លោកអប្រាហាំទូលទៀតថា៖ «បើខ្ញុំទូលម្តងទៀត សូមព្រះអម្ចាស់កុំខ្ញាល់ ប្រហែលរកបានតែសាមសិបនាក់ទេមើលទៅ!»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានសាមសិបនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាហាំទូលទៀតថា៖ «បពិត្រព្រះអម្ចាស់! សូមកុំប្រកាន់ ប្រហែលរកបានតែ​ម្ភៃនាក់ទេមើលទៅ!»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានម្ភៃនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាហាំទូលទៀតថា៖ «បពិត្រព្រះ​អម្ចាស់! សូមកុំខ្ញាល់ ខ្ញុំសូមទូលម្តងទៀតជាលើកក្រោយបង្អស់ ប្រហែលរកបានតែដប់នាក់ទេ!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានដប់នាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។
លុះព្រះអម្ចាស់មានព្រះបន្ទូលនឹងលោកអប្រាហាំរួចហើយ ទ្រង់យាងចេញបាត់ទៅ រីឯលោកអប្រាហាំវិញ លោកក៏ត្រឡប់មកកន្លែងបោះជំរំវិញ។

ទំនុកតម្កើងលេខ ១០៣ (១០២),១-៤.៨-១១ បទកាកគតិ

១ ខ្ញុំសូមសរសើរ ព្រះគ្មានអ្វីស្មើ អស់ពីដួងចិត្ត
ខ្ញុំសូមតម្កើង នាមដ៏វិសុទ្ធ ព្រះដ៏មានឫទ្ធិ
ផុតលើលោកា ។
២ ខ្ញុំសូមតម្កើង សរសើរលើកឡើង អស់ពីចិន្តា
ខ្ញុំសូមរំឭក ព្រះហស្តអស្ចារ្យ សប្បុរសករុណា
មិនបំភ្លេចឡើយ ។
៣ ព្រះអង្គអត់ទោស នូវរាល់កំហុស ដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសឱ្យ ខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ ។
៤ ព្រះអង្គរំដោះ ជីវិតឱ្យរស់ ផុតពីរណ្តៅ
ព្រះអង្គអាណិត អាសូរពេកកូវ ខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្តា ។
៨ ព្រះអម្ចាស់ថ្លៃ មានព្រះហឫទ័យ អាណិតករុណា
ប្រណីសន្តោស គ្រប់ពេលវេលា ដល់មនុស្សគ្រប់គ្នា
មិនឱ្យមានភ័យ ។
៩ ទ្រង់មិនបន្ទោស ប្រើពាក្យបោកបោះ ដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធ មិនខេខឹងអ្វី ហើយតែងប្រណី
ដល់យើងគ្រប់គ្នា ។
១០ ព្រះអង្គមិនដាក់ ទោសយើងម្នាក់ៗ ឱ្យឈឺគ្រាំគ្រា
សមតាមអំពើ បាបច្រើនមហិមា ទ្រង់តែងមេត្តា
មិនយកទោសពៃរ៍ ។
១១ មេឃនៅខ្ពស់ឆ្ងាយ សន្លឹមអន្លាយ ពីភពផែនដី
ព្រះទ័យព្រះម្ចាស់ ដែលធ្លាប់ប្រណី ក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,១៨-២២

​នៅគ្រានោះ ព្រះយេស៊ូឃើញបណ្តាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាឱ្យគេ​ចេញទូកទៅត្រើយម្ខាង។ ពេលនោះ មានធម្មាចារ្យម្នាក់ចូលមកជិតព្រះអង្គ ហើយ​ទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏​ដោយ»។ ព្រះ​យេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា​ បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ លោកគ្មានទីជម្រកសម្រាក​សោះឡើយ»។ មានសាវ័កម្នាក់ទៀតទូលព្រះអង្គថា៖ «ព្រះអម្ចាស់! សូមព្រះអង្គ​អនុញ្ញាតឱ្យខ្ញុំប្របាទ​ត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។

Facebook
Twitter
LinkedIn