អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១២,១-៩

នៅសម័យនោះ លោកអប្រាហាំរស់នៅក្នុងស្រុកខាល់ដេ។ ព្រះអម្ចាស់មានព្រះបន្ទូល​មកលោកអប្រាហាំថា៖ «ចូរអ្នកចាកចេញពីស្រុកកំណើត ឃ្លាតចេញពីញាតិសន្តាន ពីក្រុមគ្រួសារឪពុកអ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក។ យើងនឹងធ្វើ​ឱ្យអ្នកបង្កើតបានប្រជាជាតិមួយយ៉ាងធំ យើងក៏នឹងឱ្យពរអ្នកដែរ។ យើងនឹងធ្វើឱ្យ​អ្នកមានឈ្មោះល្បី ហើយអ្នកនឹងផ្ដល់ពរដល់អ្នកដទៃថែមទៀតផង យើងនឹងឱ្យពរដល់ជនទាំងឡាយដែលជូនពរអ្នក រីឯអ្នកណាដាក់បណ្តាសាអ្នក យើងនឹង​ដាក់បណ្តាសាអ្នកនោះដែរ។ មនុស្សគ្រប់ជាតិសាសន៍នៅលើផែនដីនឹងទទួលពរ​ដោយសារអ្នក»។ លោកអប្រាហាំចេញដំណើរទៅតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយលោកឡុតក៏ចេញទៅជាមួយដែរ។ ពេលលោកអប្រាហាំចាកចេញពីស្រុកហារ៉ន​ទៅនោះ លោកអាយុចិតសិបប្រាំឆ្នាំហើយ។ លោកនាំលោកស្រីសារ៉ាជាភរិយា និង​លោកឡុតជាក្មួយទៅជាមួយ។ លោកក៏យកទ្រព្យសម្បតិ្តទាំងប៉ុន្មានដែលពួកលោក​រកបាន ព្រមទាំងអ្នកបម្រើ និងហ្វូងសត្វទាំងអស់ដែលពួកលោកទិញនៅស្រុកហារ៉នទៅជាមួយដែរ។ អស់លោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះមកដល់ស្រុកកាណានហើយ លោកអប្រាហាំដើរកាត់ស្រុកនោះ រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរ៉េ។ ក្នុងសម័យនោះ ជនជាតិកាណាន​ជាម្ចាស់ស្រុក។ ព្រះអម្ចាស់បង្ហាញព្រះអង្គឱ្យលោកអប្រាហាំឃើញ ហើយមាន​ព្រះ​បន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឱ្យពូជពង្សអ្នក»។ នៅទីនោះ លោកអប្រាហាំសាងអាសនៈមួយសម្រាប់បូជាយញ្ញថ្វាយព្រះអម្ចាស់ដែលទ្រង់បាបង្ហាញព្រះអង្គ​ឱ្យលោកឃើញ។ បន្ទាប់មក លោកចាកចេញពីទីនោះឆ្ពោះទៅតំបន់ភ្នំដែលនៅ​ខាងកើតក្រុង​បេតអែល។ លោកបោះជំរំនៅចន្លោះក្រុងបេតអែលដែលនៅខាងលិច និងក្រុងអៃដែលនៅខាងកើត។ លោកសាងអាសនៈមួយសម្រាប់បូជាយញ្ញ​ថ្វាយព្រះអម្ចាស់ ហើយថ្វាយបង្គំព្រះនាមព្រះអម្ចាស់ រួចលោកបន្តដំណើរពីកន្លែង​មួយ​ទៅកន្លែងមួយ ទៅទិសខាងត្បូង។

ទំនុកតម្កើងលេខ ៣៣ (៣២),១២-១៣.១៨-២០.២២ បទព្រហ្មគីតិ

១២ ប្រជាជនដែលគោរព បម្រើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែ នោះជួបតែសុខគ្រប់គ្រា
ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា
ជារាស្ត្រផ្ទាល់អង្គា នោះមុខជារួចផុតទុក្ខ
១៣ ព្រះម្ចាស់ទតមកពី ស្ថានរមណីបរមសុខ
ទតមើលពីលើមក ឃើញមនុស្សលោកយើងទាំងអស់
១៨ ព្រះអង្គតាមរក្សា អស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ ដ៏សប្បុរសមានមេត្តា
១៩ ព្រះអង្គបានសង្គ្រោះ ឱ្យគេរស់មានសង្ខារ
ផុតពីក្តីមរណា នៅក្នុងគ្រាដែលអត់ឃ្លាន
២០ យើងសូមផ្ញើជីវិត លើព្រះពិតមិនខកខាន
ជាខែលដ៏ចំណាន សង្គ្រោះប្រាណផុតភិតភ័យ
២២ សូមព្រះជាអម្ចាស់ សម្តែងព្រះទ័យវិសុទ្ធ
មេត្តាខ្ពស់បំផុត កាយជីវិតផ្ញើព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈនិងគំនិត នៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,១-៥

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «កុំថ្កោលទោសអ្នកដទៃឱ្យសោះ ដើម្បីកុំឱ្យព្រះជាម្ចាស់ថ្កោលទោសអ្នក​រាល់គ្នា។ អ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នក​រាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នា​វាល់ឱ្យអ្នកដទៃ។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ?។ បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្តេចក៏អ្នកនិយាយទៅបងប្អូនថា “ទុកឱ្យខ្ញុំផ្តិតយកល្អងធូលីចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញ​ច្បាស់ល្មមនឹងផ្តិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។

Facebook
Twitter
LinkedIn