យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។

លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ ចេះ​បម្រើ​ព្រះសហគមន៍​និង​សង្គមដោយ​សេចក្តីស្រឡាញ់ ហើយ​យុវជន​អាចរស់នៅ ដោយមានសេចក្ដីសុខសន្តិភាព រស់នៅក្នុងសេចក្ដីថ្លៃថ្នូរនិងនៅក្នុងសេចក្ដីសង្ឃឹម ក្នុងនាមជាយុវជន​យុវនារីរបស់ព្រះសហគមន៍កាតូលិក។

លោក​សារឿន​បន្ថែម​ថា ពិសេសនោះគឺ «ឲ្យយុវជននិងយុវនារីទទួលបានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដតាមរយៈជំនឿ»។

នៅ​ល្ងាច​​ថ្ងៃទី​១​នៃ​បូជនីចរនេះ មាន​រៀបចំ​អធិដ្ឋាន​តេហ្សេ​សម្រាប់​សុខភាព​របស់​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ ដែលកំពុង​សម្រាក​នៅ​ក្នុងមន្ទីរពេទ្យ​នាទីក្រុងរ៉ូម នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃព្រះសហគមន៍​ដាក់ដាំ និង​ព្រឹក​ថ្ងៃបន្ទាប់ យុវជនទាំងអស់​បាន​នាំ​គ្នាដើរ​តាម​ដង​ផ្លូវ​ជាតិដែលមាន​ចម្ងាយ​១៧គីឡូម៉ែត្រ ឆ្ពោះ​ទៅកាន់​ព្រះវិហារសន្ត​យ៉ូហានបាទីស្ត​ ប៊ូស្រា។ នៅតាម​ផ្លូវ​យុវជនទាំងអស់​អធិដ្ឋាន​ដោយ​សូត្រ​ផ្គាំ និង​មាន​ឱកាស​ស្តាប់​ការអប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ។

លោក​អភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍អប់រំ​យុវជន​ចំនួន​២​ដំណាក់​កាល គឺទី១ ឲ្យ​យុវជន​ចេះ​ទីពឹង​លើ​ព្រះយេស៊ូគ្រីស្តដែល​ជា​សេចក្តីសង្ឃឹម​របស់គ្រីស្តបរិស័ទ​ ពឹងលើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ពឹង​លើ​ព្រះសហគមន៍។

លោក​ថា «ពឹងលើ​ព្រះយេស៊ូ​ដោយសារ​ព្រះអង្គ​គង់នៅ​ជាមួយយើង ផ្តល់​សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត និង​ធ្វើ​ដំណើរ​រួម​ជាមួយយើងទាំង​ពេល​មានអំណរសប្បាយ​និង​ទុក្ខព្រួយ»។ លោកអភិបាល​រំលឹកថា ​ពេលយើង​អស់សង្ឃឹមសូម​ទូលអង្វរព្រះយេស៊ូ «ឱព្រះអម្ចាស់​អើយ សូម​អាណិតអាសូរ​ទូលបង្គំ»។

ក្នុងនាមជាគ្រីស្តបរិស័ទ​ យើង​ត្រូវ​អាន​ព្រះបន្ទូលរបស់​ព្រះជាម្ចាស់​ជាប្រចាំថ្ងៃ ដើម្បីឲ្យ​យើង​អាច​ធ្វើជា​សាក្សីរបស់​ព្រះយេស៊ូ​ក្នុងជីវិត​រស់នៅ​របស់យើង។ លោក​អភិបាល​បាន​បញ្ជាក់​ប្រាប់​យុវជន។

ក្នុងនោះ​ដែរ​ លោកគង្វាលព្រះសហគមន៍​បន្ត​ថា ព្រះសហគមន៍​គឺជាទីពឹង​របស់​គ្រីស្តបរិស័ទ​ទាំងឡាយ គឺ«ជាគ្រួសារ​ដ៏ធំមួយ​ ដែល​ត្រូវជួយគ្នាទៅវិញទៅមក ណែនាំឲ្យយើង​ចេះ​អធិដ្ឋាន បន្តអប់រំជំនឿ និង​បង្ហាញ​ធម៌មេត្តាករុណារបស់​ព្រះជាម្ចាស់​ចំពោះ​មនុស្ស​ឯទៀតៗ និង​ណែនាំ​ឲ្យ​បងប្អូនមាន​សង្ឃឹម»។

នៅដំណាក់ទី២ លោកអភិបាល​អូលីវីយ៉េ បាន​សង្កត់​ធ្ងន់​អំពី​មាគ៌ា​ឆ្ពោះ​ទៅកាន់​សេចក្តីសង្ឃឹម​ក្នុងជិវិត​ជា​គ្រីស្តបរិស័ទ ដោយលោក​បាន​លើ​កយក​គម្ពីរ​ម៉ាថាយ ៥,៣-១០ ស្តីអំពី​សុភមង្គលដ៏ពិតប្រាកដ​។ លោក​អភិបាល​បាន​ណែនាំឲ្យ​យុវជនទាំងអស់​យក​ចិត្ត​ទុកដាក់​ទទួល​ស្វាគមន៍ព្រះយេស៊ូ តាម​រយៈការអធិដ្ឋាន ទទួលអគ្គសញ្ញានានា ទទួល​ការអប់រំ និង​នៅ​ជាមួយគ្នា។

ក្នុងនោះ​លោក​បាន​រំលឹកដែរថា ដោយសារ​សេចក្តីស្រឡាញ់ យើង​អា​ចមើល​ឃើញ​ផលផ្លែនៃ​ជំនឿ​ ណែនាំ​ឲ្យយើង​ចេះ​បង្ហាញ​ធម៌មេត្តាករុណា​ដល់​បងប្អូន​ឯទៀតៗ ដែល​ណែនាំ​ឲ្យយើង​អាច​កសាង​សេចក្តីសង្ឃឹម។ លោក​បន្ថែមថា​ ក្នុង​រដូវអប់រំពិសេស​ដែល​ខិតជិត​មក​ដល់នេះ «ឲ្យយើង​ក្លាយជាមនុស្ស​ថ្មី»​ ដោយធ្វើ​កិច្ច​ការផ្ទាល់ខ្លួន​ឱ្យ​អស់​ពី​សមត្ថភាព​។​

ដំណើរយុវជន​ពេញមួយថ្ងៃនេះ ទោះបី​មាន​អ្នក​ខ្លះ​អស់កម្លាំង ឈឺជើង និង​ពិបាក​ធ្វើ​ដំណើរ​ក៏ដោយ តែ​វា​បាន​​ផ្តល់អំណរសប្បាយនិង​ក្តីសង្ឃឹម​ដល់​យុវជន​។ នៅ​ថ្ងៃ​បន្ទាប់​ក្រុម​យុវជន​បាន​ចែក​រំលែក​បទ​ពិសោធ​ជាមួយ​គ្នាអំពី​ជំនឿ និង​ដំណើរការកម្មវិធី​។ សឿន ស្រីធាង អាយុ​២២​ឆ្នាំ​ មក​ពី​ព្រះសហគមន៍​ភ្នំពេញ​ថ្មី បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ជា​លើក​ទី២។ នាង​ឲ្យដឹងថា  សម្រាប់​បី​ថ្ងៃនេះ ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​គឺ​ យុវជន​មាន​សាមគ្គីគ្នាច្រើន​ក្នុងការអធិដ្ឋាន នៅ​ស្ងៀមស្ងាត់ ពេល​ខ្លះ​យើង​ដើរហត់​ យើង​លេង​សប្បាយខ្លះ ហើយ​ពេល​យើង​អធិដ្ឋាន​ជាមួយគ្នា យើង​ស្រុះគ្នា​បាន​ល្អ។

ស្រីធាង បន្ថែមថា ក្នុងជីវិតរបស់​យើង យើង​តែង​គិត​ថា មានការងារ​ធ្វើ មាន​លុយ មាន​សម្ភារ ទើបមាន​សេចក្តីសុខ ប៉ុន្តែ​តាម​រយៈការអធិដ្ឋាន​ទើប​ដឹង​ថា «ជីវិត​របស់យើង​គឺ​ជា​សេចក្តីសុខនិង​សេចក្តីស្រឡាញ់​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ធ្វើ​ឲ្យជីវិតរបស់​យើងមានន័យ»។

ជុយ​ រស្មី អាយុ​១៩ឆ្នាំ មក​ពី​ព្រះសហគមន៍​តាខ្មៅ ឲ្យដឹងថា កម្មវិធីនេះ បាន​ជួយ​គាត់ចេះ​ត្រិះរិះ​ពិចារណាអ្វីដែលគួរធ្វើ​ក្នុងនាម​ជា​យុវជន ចេះ​អធិដ្ឋាន​សម្រាប់​​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន​។ សម្រាប់​ការ​រស់នៅ​ ធ្វើ​ឲ្យយើង​ចេះ​ព្យាយាម​ ដោយសារតែ​ការ​ធ្វើ​ដំណើរ​ពីដំណាក់កាលមួយទៅ​មួយ​ សុទ្ធ​តែ​ចំណាយពេលវេលា​និង​កម្លាំង​ ដើម្បី​អាចទៅដល់​គោលដៅ​។

រស្មី​បន្ថែម​ថា ការអប់រំ​របស់​លោកអភិបាល​បាន​ជួយ​ដល់​គាត់​អំពីជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ឲ្យគាត់​ចេះ​ «ផ្តល់​សេចក្តីស្រឡាញ់​ទៅឲ្យមនុស្សដែលនៅ​ជុំ​វិញ​ខ្លួន ឲ្យចេះ​ប្រាប់​គាត់​ឲ្យមានសេចក្តីព្យាយាម»។ យុវ័ន​រូបនេះ​បន្តថា ពេលណា​យើងមាន​សេចក្តីព្យាយាម និង​អំណត់​ក្នុងខ្លួន​យើង​តែ​ងតែ​ទទួល​បាន​ជ័យជម្នះក្នុងជីវិត​របស់​យើង។ យើងត្រូវ​តែ​ជឿលើ​ព្រះយេស៊ូ​ដែល​ទ្រង់​បាន​ប្រោសលោះ​ឲ្យយើង ផ្តល់​អ្វីៗ​មក​យើង ហើយយើងត្រូវចេះ​ថែរក្សា។

បន្ទាប់​ពី​បូជនីយចរនេះ​បាន​បញ្ចប់ លោក​អភិបាល​អូលីវិយ៉េ បាន​ប្រទាន​ពរ​ និង​អធិដ្ឋាន​សម្រាប់​យុវជន​ទាំងអស់​ឲ្យមានកម្លាំង​ដើម្បីអាច​ធ្វើ​ជា​សាក្សី​នៃ​សេចក្តីសង្ឃឹម​ ដើម្បីឲ្យ​ព្រះសហគមន៍បច្ចុប្បន្ននេះ អាចទៅជាព្រះសហគមន៍ដែល​ផ្តល់​សក្ខីភាព​អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្តែងសម្រាប់​បងប្អូន​ឯទៀតៗ និង​ជាពិសេស​យក​ចិត្ត​ទុកដាក់​ យក​ព្រះយេស៊ូ ព្រះបន្ទូល និង​ព្រះសហគមន៍​ជាទីពឹង ដើម្បីរស់នៅ​ក្នុង​សង្គមបច្ចុប្បន្ននេះ ជាគ្រីស្តបរិស័ទ​ពិតៗ។ លោក​បន្ថេម​ថា ឲ្យពួកគេ​ «ជា​សាវ័កផង ជា​អ្នក​បម្រើ​ផង ជា​អ្នក​ស្រឡាញ់ ជាអ្នក​លើក​លែងទោសឲ្យ ជា​អ្នក​បង្កើត​ទំនាក់ទំនងជាមួយសង្គម ជា​មួយ​សាសនាដទៃ ជាមួយបងប្អូន​ឯទៀតៗ ជាមួយបងប្អូន​ដែល​យើង​ជួប​ជា​ប្រចាំ»។

សម្រាប់​បូជនីចរនៅ​ឆ្នាំ​ក្រោយ លោកអភិបាល​អូលីវីយ៉េ បាន​ប្រកាស​ថា នឹងរៀបចំ​ឡើង​នៅ​ព្រះសហគមន៍​ប៉ៃលិនស្ថិត​ក្នុងប៉ែក​ពាយ័ព្យ​នៃប្រទេស​ក្នុងភូមិភាគ​បាត់ដំបង៕

 

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn