អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥

ថ្ងៃអាទិត្យទី៣ ក្នុងរដូវអប់រំពិសេស

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករឭកអំពីព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែលពីដើម ឱ្យមានសេរីភាពដ៏ពិតប្រាកដ។ ព្រះអង្គក៏អប់រំពួកគេក្នុងវាលរហោ ស្ថាន។ សព្វថ្ងៃព្រះជាម្ចាស់នៅតែរំដោះ និងអប់រំយើងជានិច្ចដូចគេដែរ។ ព្រះយេស៊ូយាងមកប្រទានព្រះអំណោយទានពិសេសរបស់ព្រះបិតាឱ្យអស់អ្នកជឿ គឺព្រះអង្គ ប្រទានព្រះវិញ្ញាណ ជាព្រះជន្មផ្ទាល់របស់ព្រះអង្គ ឱ្យអ្នកផ្ញើជីវិតទៅលើព្រះអង្គ។ មានតែព្រះយេស៊ូមួយព្រះអង្គគត់ដែលអាចណែនាំយើងឱ្យបានគាប់ព្រះហប្ញទ័យព្រះបិតា។

អត្ថបទទី១ សរ ៣,១-៨.១៣-១៥

គ្មាននរណាអាចស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់បានទេ។ កាលពីដើមប្រជាជនអ៊ីស្រាអែលទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជា “ព្រះដែលមានព្រះជន្មគង់នៅ” ព្រោះពួកគេយល់ថា ព្រះអង្គដែលណែនាំប្រវត្តិរបស់ពួកគេ។ យើងសព្វថ្ងៃក៏ដូចគេដែរ គឺយើងស្គាល់ព្រះអង្គដដែល ណែនាំប្រវត្តិរបស់ខ្លួនយើងផ្ទាល់ ឱ្យចូលរួមជាមួយព្រះអង្គ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គ ឱ្យអស់អ្នកដែលផ្ញើជីវិតទៅលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានពរដល់អស់អ្នកដែលត្រៀមខ្លួននឹងទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ សូមបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំទាំងអស់គ្នាឱ្យទទួលព្រះអំណោយទានដ៏អស្ចារ្យរបស់ព្រះអង្គផង។

ធម្មតាក្នុងព្រះសហគមន៍ដែលមានអ្នកទទួលអប់រំជំនឿត្រៀមខ្លួនបម្រុងនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ត្រូវអានព្រះគម្ពីរដំណឹងល្អតែងដោយសន្តយ៉ូហាន ៤,៥-៤២ ដែលមាន ចែងសម្រាប់ឆ្នាំ “ក” នៅទំព័រ ២៧៨ សូម្បីតែនៅឆ្នាំ “ខ” និងឆ្នាំ “គ” ក៏ត្រូវអាន​អត្ថបទទាំងនោះដែរ។

សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣,១-៨ក.១០.១៣-១៥

លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់របស់លោក ដែលជាបូជាចារ្យនៅស្រុកម៉ាឌីយ៉ាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហូរ៉ែបជាភ្នំរបស់ព្រះជាម្ចាស់។ នៅទីនោះ ទេវទូតរបស់ព្រះជាម្ចាស់បង្ហាញខ្លួនក្នុងអណ្តាតភ្លើងដែលឆេះចេញពីកណ្តាលគុម្ពោតឱ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។ លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលហេតុការណ៍ដ៏ចម្លែកនេះ ហេតុអ្វីបានជាគម្ពោតមិនឆេះ?»។ ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេ ទូលឆ្លើយថា៖ «ក្រាបទូល!»។ ព្រះអង្គមានព្រះបញ្ជាថា៖ ​«កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។ យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជាជនយើង នៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។ ដូច្នេះ យើងចុះមកដើម្បីរំដោះពួកគេឱ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប។ ឥឡូវនេះ យើងចាត់អ្នកឱ្យទៅជួបស្តេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីបមក»។ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា៖ «ព្រះរបស់បុព្វបុរសអ្នករាល់គ្នាចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្តេច?»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា»។ ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឱ្យមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ»។

ទំនុកតម្កើងលេខ ១០៣(១០២),១-៣.៦-៨.១១ បទកាកគតិ​​​

ខ្ញុំសូមសរសើរ ព្រះគ្មានអ្វីស្មើ អស់ពីដួងចិត្ត
ខ្ញុំសូមតម្កើង នាមដ៏វិសុទ្ធ ព្រះដ៏មានប្ញទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើង សរសើរលើកឡើង អស់ពីចិន្តា
ខ្ញុំសូមរំឭក ព្រះហស្តអស្ចារ្យ សប្បុរសករុណា
មិនបំភ្លេចឡើយ
ព្រះអង្គអត់ទោស នូវរាល់កំហុស ដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសឱ្យ ខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ
ព្រះម្ចាស់ប្រព្រឹត្ត សព្វអស់ការកិច្ច ល្អល្អះគ្មានពីរ
ហប្ញទ័យសុចរិត យុត្តិធម៌គ្រប់ទី ដល់អស់ជីវី
ត្រូវគេជិះជាន់
ព្រះអង្គសម្តែង ប្ញទ្ធីគួរស្ញែង ឱ្យម៉ូសេបាន
ស្គាល់មាគ៌ាទ្រង់ គ្មានអ្វីរំខាន ប្រជាគ្រប់ប្រាណ
ដឹងហេតុអស្ចារ្យ
ព្រះអម្ចាស់ថ្លៃ មានព្រះហប្ញទ័យ អាណិតករុណា
ប្រណីសន្តោស គ្រប់ពេលវេលា ដល់ជនគ្រប់គ្នា
មិនឱ្យមានភ័យ
១១ មេឃនៅខ្ពស់ឆ្ងាយ សន្លឹមអន្លាយ ពីភពផែនដី
ព្រះទ័យព្រះម្ចាស់ ដែលធ្លាប់ប្រណី ក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១ករ ១០,១-៦.១០-១២

បងប្អូនជាទីស្រឡាញ់!
ខ្ញុំចង់ឱ្យបងប្អូនជ្រាបថា បុព្វបុរសរបស់យើងសុទ្ធតែស្ថិតនៅក្រោមពពក និងដើរឆ្លងសមុទ្រទាំងអស់គ្នា។ ពួកលោកទទួលពិធីជ្រមុជក្នុងពពក និងក្នុងសមុទ្រ ដើម្បីឱ្យបានរួមជាមួយលោកម៉ូសេ។ បុព្វបុរសទាំងនោះបរិភោគអាហារខាងវិញ្ញាណ និងពិសាទឹកខាងវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកពិសាទឹកដែលហូរចេញពីថ្មដាខាងវិញ្ញាណ ជាថ្មដែលរួមដំណើរជាមួយពួកលោក ថ្មនេះគឺព្រះគ្រីស្ត។ ប៉ុន្តែ ដោយបុព្វបុរសមួយចំនួនធំមិនបានគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ ពួកគេស្លាប់នៅវាល រហោ​ស្ថាន។ ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឱ្យយើងមានចិត្តប៉ងប្រាថ្នាអាក្រក់ដូចពួកបុព្វបុរសឡើយ។ សូមកុំរអ៊ូរទាំដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះ។ ហេតុការណ៍ទាំងនោះកើតមានដល់ពួកលោកទុកជាមេរៀន ហើយចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណានឹកស្មានថាខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្ន ក្រែងលោជំពប់ដួលទៅវិញ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥១(៥០),១៤

សូមលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត! ព្រះអង្គជាព្រះប្រាជ្ញាញាណនៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់។
បពិត្រព្រះអម្ចាស់! សូមប្រទានឱ្យយើងខ្ញុំទទួលព្រះបន្ទូលព្រះអង្គ។ សូមឱ្យយើងខ្ញុំមានអំណរដោយព្រះអង្គសង្គ្រោះយើងខ្ញុំផង។
សូមលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត! ព្រះអង្គជាព្រះប្រាជ្ញាញាណនៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១-៩

ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថា អ្នកស្រុកកាលីឡេទាំងនោះជាមនុស្សបាបច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ?។ ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូចគេជាមិនខាន។ ចុះមនុស្សដប់ប្រាំពីរនាក់ដែលស្លាប់ដោយប៉មស៊ីឡោមរលំសង្កត់​លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ?។ ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូច្នោះដែរ»។
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានដើមស្វាយមួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែពីដើមស្វាយនេះតែគ្មានផ្លែសោះ គាត់ប្រាប់អ្នកថែចម្ការថា៖ «មើល៍! ខ្ញុំមករកបេះផ្លែស្វាយនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!»។ អ្នកថែចម្ការឆ្លើយតបថា៖ ​«សូមលោកទុកវាមួយឆ្នាំទៀតសិន ចំាខ្ញុំជ្រួយដីជុំវិញ ហើយដាក់ដី។ ប្រហែលជាឆ្នាំក្រោយនឹងមានផ្លែ បើមិនផ្លែទេសឹមកាប់វាចោលទៅចុះ!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានធម្មវិន័យឱ្យយើងខ្ញុំប្រតិបត្តិតាម ព្រះអង្គក៏សន្យាថា នឹងប្រទានព្រះវិញ្ញាណឱ្យអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ យើងខ្ញុំគ្មានអ្វីថ្វាយព្រះអង្គ ក្រៅពីជំនឿរបស់យើងខ្ញុំ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលចាត់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គឱ្យយាងមកបង្ហាញធម៌មេត្តាករុណាព្រះអង្គ ឱ្យមនុស្សលោកស្គាល់។
ព្រះយេស៊ូពិតជាមាគ៌ានាំយើងខ្ញុំឱ្យគោរពថ្វាយបង្គំព្រះបិតា ដោយសេចក្តីពិត និងដោយព្រះវិញ្ញាណ។ ទ្រង់ប្រោសយើងខ្ញុំ និងអស់អ្នកជឿឱ្យទៅជាបុត្រធីតារបស់ព្រះបិតា ព្រះយេស៊ូក៏ពិតជាជីវិត និងជាសេចក្តីពិត ដែលបំភ្លឺចិត្តគំនិតយើងខ្ញុំដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា “ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះបុត្រាឱ្យយើងខ្ញុំទទួលទានជាអាហារ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យទទួលស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គ នៅគ្រប់កាលៈទេសៈប្រចំាជីវិតយើងខ្ញុំផង។ ដូច្នេះ យើងខ្ញុំនឹងទៅជាសាក្សីព្រះអង្គសព្វថ្ងៃដែរ។

Facebook
Twitter
LinkedIn