ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

 

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។

លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ និងបានល្អប្រសើរជាង។

លោកអភិបាលបន្តទៀតថា គណៈកម្មការពិធីបុណ្យបានទទួលយោបល់ជាច្រើនពីអង្គប្រជុំ ដែលបង្ហាញអំពីសារៈសំខាន់នៃអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗនៅក្នុងប្រពៃណីខ្មែរ។ លោក​បន្ថែម​ថា យោបាល់​ទាំងអស់នេះ លោក​នឹង​ពិភាក្សា​ជាមួយ​​លោក​អភិបាល​ពីរអង្គទៀត និង​​ជាមួយលោកព្រឹទ្ធាចារ្យខ្លះៗ ដើម្បីសម្រេច​រក្សាឬដាក់​បញ្ចូល​ពិធីតាមប្រពៃណីនៅក្នុងអគ្គសញ្ញា​អាពាហ៍ពិពាហ៍​របស់​គ្រីស្ត​បរិស័ទ​ និង​ចេញ​ជា​សៀវភៅ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។

ឆ្លង​តាម​សិក្ខាសាលានេះ លោក​អភិបាល​ទទួល​បន្ទុក​ផ្នែ​ក​ពិធីបុណ្យ​រូប​នេះ បាន​ប្រាប់​ទៀតថា ព្រះសហគមន៍ក៏គ្រោង​នឹង​រៀបចំ​​សៀវភៅ​មួយទៀត អំពី​​ពិធីបុណ្យសព​តាម​បែប​ព្រះសហគមន៍​កាតូលិកបុក​បញ្ជូល​នឹង​ប្រពៃណីខ្មែរ។ លោក​បញ្ជាក់​ថា «​ទោះបីបងប្អូនពុទ្ធបរិស័ទដែលមកចូលរួមនៅក្នុងកម្មវិធីអី គេឃើញថាពិធីនេះសមរម្យល្មមដែលអាចទទួលយកបាន … ប្រពៃណីដែលយើងមានកន្លងមកនៅក្នុងប្រទេសកម្ពុជាយើងក៏សំខាន់ដែរ»។

ក្នុង​សិក្ខាសាលារយៈពេល​២​ថ្ងៃនេះ ព្រះសហគមន៍​បាន​អញ្ជើញ​ លោក កែវ ហេង ប្រធាននាយកដ្ឋាន ស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការនិងសាសនាមក​ពន្យល់​​អំពីអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរនិង​អត្ថន័យ​របស់​ពិធីនីមួយៗ។ បន្ទាប់មកលោកបូជាចារ្យ ហ្រ្វង់ស័រ អេមេល្សដាល ណែនាំអំពីអាពាហ៍ពិពាហ៍តាមព្រះគម្ពីរ និងតាមលទ្ធិគ្រីស្តសាសនា។

នៅថ្ងៃទីពីរ លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ បានណែនាំអំពីក្បួនប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍។ ក្នុងសិក្ខាសាលានោះអ្នកចូលរួមបានចែកជាក្រុមតូចៗ ដើម្បីចែករំលែកនិងពិភាក្សាគ្នាពីបញ្ហាផ្សែងៗ​ដែលមានក្នុងការរៀបចំពីធីអគ្គសញ្ញាអាពាហ៍ពិពាហ៍តាមព្រះសហគមន៍រៀងៗខ្លួន។

លោក រ៉ាវី សុភារ៉ុង អនុប្រធានក្រុមពិធីបុណ្យ នៅព្រះសហគមន៍សន្តយ៉ូសែប (ផ្សារតូច) បាននិយាយថា គ្រីស្តបរិស័ទ​​មិនគ្រាន់តែរៀបអាពាហ៍ពិពាហ៍រវាងគូស្វាមីភរិយាទេ តែជា​ការបង្ហាញពីសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រីជាមួយមនុស្ស។

លោកបន្តថា៖ «នៅក្នុងព្រះសហគមន៍ ខ្ញុំបានចូលរួមច្រើនជាមួយនឹងការរៀបចំអាពាហ៍ពិពាហ៍ ដោយសារនៅព្រះសហគមន៍សន្តយ៉ូសែប (ផ្សារតូច) អគ្គសញ្ញាអាពាហ៍ពិពាហ៍ ផ្ដោតសំខាន់ទៅលើវប្បធម៌ខ្មែរ នាំឲ្យយើងឃើញថា ទាំងការប្រកាសជំនឿ និងទាំងការបង្ហាញពីវប្បធម៌ខ្មែរ(មាន)នៅក្នុងគ្រីស្តសាសនារបស់យើង»។

លោក​បន្ថែម​ថា ជាទូទៅព្រះសហគមន៍នីមួយៗ រៀបចំអគ្គសញ្ញា​អាពាហ៍ពិពាហ៍​តាមបែបបទរៀងៗខ្លួន និង​គ្មាន​ក្បួន​ច្បាប់​ពិធី​នៅ​ឡើយទេ។

សុភារ៉ុង​បានសំណូមពរឲ្យខាងពិធីបុណ្យអន្តរភូមិភាគ «រៀបចំក្បួនពិធីមួយច្បាស់លាស់ទាក់ទងជាមួយនឹងការលាយបញ្ចូលនូវពិធីបែបប្រពៃណីទាំងបីដែលយើងមាន គឺពិធីផ្ទឹមចងដៃ ពិធីបង្វិលពពិល និងពិធីបាចផ្កាស្លា»។

គួរបញ្ជាក់ផងដែរថា នេះ​ជា​សិក្ខាសាលាលើក​ដំបូង​អំពី​​ពិធីបុណ្យស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែល​មាន​តំណាងគ្រីស្តបរិស័ទ លោក​បូជាចារ្យ និង​បព្វ​ជិត-ជិតា​ មកពីព្រះសហគមន៍ទាំងបីភូមិភាគចូលរួមមតិ យោបល់ ដើម្បីជួយឲ្យការិយាល័យពិធីបុណ្យអន្តរភូមិភាគ រៀបចំក្បួនពិធី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ឲ្យបានល្អប្រសើរ៕

 

ដោយ៖ ម៉េង ភីឡុង

Facebook
Twitter
LinkedIn