លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ២០០នាក់ បានជួបជុំគ្នាមុខខ្លោងទ្វារព្រះសហគមន៍សន្តយ៉ូសែបក្តុលលើ ដើម្បីប្រារព្ធពិធីបើកឆ្នាំព្រះមហាករុណាទិគុណ សម្រាប់ភូមិភាគកំពង់ចាម ក្រោមអធិបតីភាពរបស់លោកសិលា សួន ហង្សលី អភិបាលនៃភូមិភាគនេះ នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងព្រះសហគមន៍កាតូលិក សន្តយ៉ូសែប ក្តុលលើ នៃមណ្ឌលសកម្មភាពភាគខាងជើង ស្ថិតនៅ ភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
«ឆ្នាំព្រះមហាករុណាទិគុណា ជាពេលវេលាឱ្យយើងទាំងអស់គ្នាធ្វើដំណើរដោយសេចក្តីសង្ឃឹម ជាពេលវេលាទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ សេចក្តីសង្ឃឹមជាគុណធម៌មួយ ក្នុងចំណោម គុណធម៌ទាំង៣ ដែលមកពីព្រះជាម្ចាស់»។ នេះបើតាមប្រសាសន៍របស់ លោកអភិបាល សិលា សួន ហង្សលី។
ព្រះសហគមន៍ភូមិភាគកំពង់ចាម បានជ្រើសយកព្រះសហគមន៍ក្តុលលើជាទីសក្ការដ្ឋាន មួយក្នុងចំណោមទីសក្ការដ្ឋានបីផ្សេងទៀត សម្រាប់ឆ្នាំព្រះមហាករុណាទិគុណ សម្រាប់រំលឹកដល់មរណសាក្សីដែលបានស្លាប់ក្នុងសម័យសង្គ្រាម។
មុនចាប់ផ្តើមកម្មវិធី គ្រីស្តបរិស័ទរួមគ្នាអធិដ្ឋាននៅមុខខ្លោងទ្វារព្រះវិហារ ដើម្បីនឹករលឹកដល់ព្រះគ្រីស្តដែលជាទ្វារនៃការសង្គ្រោះ ជាទ្វារនៃក្តីសង្ឃឹមតែមួយគត់របស់គ្រីស្តបរិស័ទ។ ក្រោយមកក្បួនដង្ហែរឆ្ពោះទៅកាន់ស្តូបរបស់លោកបូជាចារ្យរ៉ាប៉ាំង ដែលជាមរណសាក្សីដែលបានបូជាជីវិតថែរក្សាគ្រីស្តបរិស័ទក្នុងពេលមានសង្គ្រាមស៊ីវិលក្នុងប្រទេសក្នុងអំឡុងឆ្នាំ១៩៧២។ ក្រោយអធិដ្ឋានរួមជាមួយមរណសាក្សី ក្បូនដង្ហែរបន្តទៅកាន់ព្រះវិហារដោយមានពិធីប្រទានពរលើទឹក ដើម្បីរំលឹកដល់អគ្គសញ្ញាជ្រមុជទឹក និងទទួលបានការលើកលែងទោសឱ្យរួចពីបាប។
ក្នុងធម្មទេសនា លោកអភិបាល សិលា សួន ហ្សងលី បានពន្យល់យ៉ាងច្បាស់ថា គុណធម៌ទាំង៣ ដែលមកពីព្រះជាម្ចាស់ នោះគឺ «ជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម» ប៉ុន្តែសេចក្តីសង្ឃឹម ជាគុណធម៌មួយតូចជាងគេ តែមានកម្លាំងជាងគេ ដើម្បីជំរុញឱ្យយើងមានសកម្មភាពក្នុងជីវិតរបស់យើង ដើម្បីជំរុញឱ្យយើងធ្វើដំណើរទៅមុខ។
លោកបន្តថា «សេចក្តីសង្ឃឹមនេះពិតជាមានសារៈសំខាន់ណាស់ ដែលជំរុញឱ្យយើងធ្វើដំណើរជាមួយគ្នា រួមជាមួយព្រះគ្រីស្តដែលធ្វើដំណើររួមជាមួយយើង»។
លោកអភិបាលបានរំលឹកគ្រីស្តបរិស័ទឱ្យយល់ថា សេចក្តីសង្ឃឹមដែលយើងទទួលបាន គឺបានមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ទោះបីដល់សេចក្តីស្លាប់ក៏យើងនៅតែមានសង្ឃឹម ដោយសារព្រះអង្គធ្វើឱ្យយើងមានជីវិតរស់ឡើងវិញ ដូចព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។
លោកអភិបាលថា យើងមានសេចក្តីសង្ឃឹម ដោយសារព្រះជាម្ចាស់មានឫទ្ធានុភាពសព្វប្រការ និងដោយសារព្រះជាម្ចាស់ស្រឡាញ់យើង ហើយព្រះអង្គមិនធ្វើឱ្យអ្នកជឿណាម្នាក់ខកចិត្តឡើយ និងព្រះអង្គធ្វើតាមព្រះបន្ទូលសន្យាជានិច្ច។
លោកអភិបាលហង្សលី សូមឱ្យគ្រីស្តបរិស័ទពឹងផ្អែកលើព្រះជាម្ចាស់ ទាំងការរស់នៅក្នុងលោកនេះ និងទាំងលោកខាងមុខ។ លោកថា «ទោះបីជីវិតរបស់យើងត្រូវបញ្ចប់ក្នុងលោកនេះក៏ដោយ តែសូមកុំអស់សង្ឃឹម យើងមានជីវិតរួមជាមួយព្រះអង្គអស់កល្បជានិច្ច។ សូមបងប្អូនមានសេចក្តីសង្ឃឹម និងអំណរជានិច្ច»។
លោកអភិបាលបានដាស់តឿនគ្រីស្តបរិស័ទ ឲ្យយកចិត្តទុកដាក់ក្នុងឆ្នាំព្រះមហាកុរណាទិគុណ ដែលជាឆ្នាំមួយត្រូវយកចិត្តទុកដាក់អធិដ្ឋានបន្ថែមទៀត ជាពេលវេលាឱ្យយើងបញ្ចេញសកម្មភាព នៃមេត្តាករុណារបស់ព្រះជាម្ចាស់ ដល់មនុស្សឯទៀតៗ ពិសេសបងប្អូនដែលរងគ្រោះ។
លោក ជីវ សុខនឿន វ័យ៤៧ យល់ឃើញថា ឆ្នាំព្រះមហាករុណាទិគុណជាឆ្នាំដ៏ពិសេសមួយសម្រាប់លោក ព្រោះជាពេលវេលាណែនាំឱ្យលោកអធិដ្ឋានបានច្រើន និងនៅកៀកនឹងព្រះជាម្ចាស់។ លោកបន្ថែមថា មិនតែប៉ុណ្ណោះ ជាពេលវេលាដ៏សំខាន់សម្រាប់អស់បងប្អូនដែលវង្វេង ដែលបានចាកឆ្ងាយពីព្រះជាម្ចាស់ឱ្យវិលមករកព្រះអង្គវិញ ដើម្បីទទួលបានការលើកលែងទោសឱ្យរួចពីបាប ទោះតូចរឺធំក្តី។
លោក សុខនឿន ដែលជាគណៈកម្មការផង និងគ្រូអប់រំជំនឿនៅព្រះសហគមន៍កំពង់ចាម បានបន្តថា «ក្តីសង្ឃឹមមិនសាបសូន្យឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ» កាលណាមានក្តីសង្ឃឹម ធ្វើមែនទែន ធ្វើអស់ពីចិត្តអស់ពីគំនិត ទោះបីកម្លាំងមិនពូកែ ខ្សោយ ប៉ុន្តែ សេចក្តីសង្ឃឹមជួយជំរុញ ឱ្យមាន សេចក្តីស្រឡាញ់ និង ជំនឿផងដែរ។
ដោយមានព្រះយេស៊ូជាគំរូ នឹងដើម្បីរក្សាសេចក្តីសង្ឃឹមឱ្យមានក្នុងខ្លួនជានិច្ច ដូចរក្សាកម្តៅក្នុងខ្លួន លោកថា លោកនឹងបន្តអធិដ្ឋានជានិច្ច បន្តទំនាក់ទំនងជាមួយព្រះជាម្ចាស់ បន្តទំនាក់ទំនងជាមួយអស់អ្នកដែលគាត់ស្គាល់ ដោយចែកអំណរ និងចែកសេចក្តីស្រឡាញ់។
ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម មានទីសក្ការដ្ឋាននៃឆ្នាំមហាករុណាទិគុណចំនួន៤ទីកន្លែង គឺនៅព្រះសហគមន៍កាតូលិកសន្តយ៉ូសែបក្តុលលើក្នុងខេត្តត្បូងឃ្មុំ ព្រះសហគមន៍កាតូលិកព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោកនៅក្រុងក្រចេះខេត្តក្រចេះ ព្រះសហគមន៍កាតូលិកសន្តយ៉ូហានបាទីស្ត(ប៊ូស្រា)ក្នុងខេត្តមណ្ឌលគិរី និងព្រះសហគមន៍កាតូលិកគ្រួសារដ៏វិសុទ្ធ(អ្នកលឿង)ក្នុងខេត្តព្រៃវែង។
ចាប់ពីថ្ងៃបើកឆ្នាំនេះ លោកអភិបាលសិលា សួន ហង្សលី ប្រកាសឲ្យគ្រីស្តបរិស័ទអាចធ្វើដំណើរទៅអធិដ្ឋាន ទទួលអគ្គសញ្ញាលើកលែងទោស ចូលរួមអភិបូជា ទទួលព្រះកាយ និងវាយត្រានៅតាមទីតាំងខាងលើ។ គ្រីស្តបរិស័ទអាចទទួលព្រះពរពិសេសនេះ តាមរយៈការធ្វើបូជនីយចរ ជាលក្ខណៈគ្រួសារ ជាក្រុម និងជាបុគ្គលផ្ទាល់ខ្លួនជាដើម។
ដោយសុខ កែវរតនា