លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ បានរៀបចំអធិដ្ឋានពិសេសតាមបែបតេហ្សេ សម្រាប់សុខភាពរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាទីក្រុងរ៉ូម។ កម្មវិធីអធិដ្ឋាននេះ ធ្វើនៅព្រះវិហារសន្តសិលានិងសន្តប៉ូលភ្នំពេញថ្មីកាលពីថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញនេះ ដោយមានគ្រីស្តបរិស័ទចូលរួមច្រើនកុះករ។ ក្នុងធម្មទេសនា លោកអភិបាលបានមានប្រសាសន៍ថា យប់នេះយើងជាអភិបាល បូជាចារ្យ បព្វជិត-ជិតា គ្រីស្តបរិស័ទ អធិដ្ឋានទូលអង្វរព្រះជាម្ចាស់សម្រាប់សម្ដេចប៉ាប ដែលកំពុងមានជំងឺ។ លោកបន្តថា យើងក៏អធិដ្ឋាន អោយយើងទាំងអស់គ្នាយកចិត្តទុកដាក់បម្រើព្រះសហគមន៍ដោយចិត្តស្មោះត្រង់ ដូចសម្ដេចប៉ាបបានណែនាំអោយយើងចេះស្រឡាញ់មនុស្សតូចតាច មនុស្សដែលសង្គមមិនអោយតម្លៃសោះ។ ដូចសម្ដេចប៉ាបបានណែនាំអោយយើងទទួលស្គាល់ជីវិតមានតម្លៃ សម្រាប់មនុស្សលោកទាំងអស់នៅក្នុងពិភពលោកទាំងមូល។ បន្ទាប់ពីកម្មវិធីនេះ លោកអភិបាលបានផ្ញើសារជូនលោកកាឌីណាល់ តាក្លេ សហប្រធានសម្រាប់កិច្ចការប្រកាសដំណឹងល្អផ្នែកទី១ នៃក្រសួងប្រកាសដំណឹងល្អ។ នៅល្ងាចថ្ងៃដដែល លោកកាឌីណាល់ តាក្លេ បានផ្ញើសារតាមទូរស័ព្ទ ជូនលោកអូលីវីយ៉េ ថា «យើងនឹងជម្រាបសម្ដេចប៉ាបអំពីការរួបរួមអធិដ្ឋានរបស់លោកប្អូន តាមរយៈលេខាធិការផ្ទាល់ខ្លួនរបស់ទ្រង់។ សូមអរគុណខ្លាំងណាស់។» តាមការផ្សាយព័ត៌មានរបស់វ៉ាទីកង់ញ៉ូវ បានអោយដឹងថា សម្ដេចប៉ាបបានចូលសម្រាកក្នុងមន្ទីរពេទ្យ ជីមីលី(Gemilli) របស់វ៉ាទីកង់ កាលពីថ្ងៃទី១៤កុម្ភៈ ដោយជំងឺរលាកសួតទាំងសងខាង។ ហើយនៅល្ងាចថ្ងៃទី២៤នៅវ៉ាទីកង់ បានអោយដឹងថា ស្ថានភាពសុខភាពរបស់សម្តេចប៉ាប ស្ថិតក្នុងស្ថានភាពនឹងនរ «ទ្រង់សម្រាកបានស្រួលកាលពីយប់ថ្ងៃចន្ទ»៕
