អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៤,១១-១៩

ព្រះប្រាជ្ញាញាណផ្តល់កិត្តិយសឱ្យកូនចៅរបស់ព្រះអង្គ ព្រះអង្គតាមថែរក្សាអស់​អ្នកដែលស្វែងរកព្រះអង្គ។ អ្នកណាស្រឡាញ់ព្រះប្រាជ្ញាញាណ អ្នកនោះស្រឡាញ់​ជីវិត។ អស់អ្នកដែលក្រោកតាំងពីព្រលឹមស្វែងរកព្រះប្រាជ្ញញាណ មុខជាបានពោរ​ពេញដោយអំណរ។ អ្នកណាកាន់ព្រះប្រាជ្ញាញាណជាប់ អ្នកនោះនឹងទទួលសិរីរុងរឿងទុកជាមត៌ក គេទៅកន្លែងណា ព្រះអម្ចាស់ប្រទានពរឱ្យគេនៅកន្លែងនោះ។ អ្នកណា​បម្រើព្រះប្រាជ្ញាញាណ អ្នកនោះគោរពបម្រើព្រះដ៏វិសុទ្ធ។ អ្នកណាស្រឡាញ់ព្រះ​ប្រាជ្ញាញាណ ព្រះអម្ចាស់ក៏ស្រឡាញ់អ្នកនោះដែរ។ អ្នកដែលស្ដាប់តាមព្រះប្រាជ្ញាញាណនឹងកាត់ក្តីដោយយុត្តិធម៌ អ្នកជាប់ចិត្តនឹងព្រះប្រាជ្ញាញាណនឹងរស់នៅយ៉ាងសុខសាន្ត។ អ្នកផ្ញើជីវិតលើព្រះប្រាជ្ញាញាណ នឹងទទួលព្រះប្រាជ្ញាញាណទុកជាមត៌ក​ ហើយពូជពង្សរបស់គេក៏ទទួលមត៌កនេះដែរ។ មុនដំបូង ព្រះប្រាជ្ញាញាណណែនាំគេ​ឱ្យដើរតាមផ្លូវដ៏ពិបាក ទាំងធ្វើឱ្យគេភ័យខ្លាច និងតក់ស្លុត។ ព្រះអង្គប្រដៅគេ​ដោយលត់ដំគេ រហូតដល់អាចទុកចិត្តលើគេបាន។ ព្រះអង្គល្បងលមើលចិត្តគេដោយសារបទបញ្ជារបស់ព្រះអង្គ។ បន្ទាប់មក ព្រះប្រាជ្ញាញាណណែនាំគេតាមសម្រួល ​ហើយធ្វើឱ្យគេមានអំណរសប្បាយ។ ព្រះអង្គនឹងសម្តែងការអាថ៌កំបាំងរបស់ព្រះអង្គ​ឱ្យគេស្គាល់ផង។ ប្រសិនបើគេវង្វេងឆ្ងាយពីព្រះប្រាជ្ញញាណ ព្រះអង្គនឹងបោះបង់​គេចោល ហើយបណ្តោយឱ្យគេវិនាស។

ទំនុកតម្កើងលេខ ១១៩ (១១៨),១៦៥.១៦៨.១៧១-១៧២.១៧៤-១៧៥ បទពាក្យ ៧

១៦៥ អ្នកណាស្រឡាញ់វិន័យធម៌ នឹងមានជោគល្អហើយទទួល
បានក្តីសុខសាន្តរស់នៅស្រួល មិនជួបភ័យជ្រួលបានថ្កើងថ្កាន
១៦៨ ទូលបង្គំប្រព្រឹត្តទៅតាមច្បាប់ បញ្ជាបង្គាប់មិនមានភ្លេច
អ្វីដែលខ្ញុំធ្វើទ្រង់ជ្រាបខ្ទេច ឥតមានស្រពេចស្រពិលឡើយ
សូមដូរទៅជាបទកាកគតិ
១៧១ សូមឱ្យរូបខ្ញុំ ពោលពាក្យឧត្តម សរសើរព្រះអង្គ
ដ្បិតទ្រង់បង្រៀន វិន័យថ្កុំថ្កើង របស់ព្រះអង្គ
ខ្ញុំបានយល់ច្បាស់
១៧២ ទូលបង្គំនឹងច្រៀង បន្លឺសំនៀង សរសើរដល់ព្រះ
បន្ទូលសន្យា សក្តិសមឥតខ្ចោះ ធម្មវិន័យនោះ
សុចរិតកន្លង
១៧៤ បពិត្រព្រះម្ចាស់ ខ្ញុំចង់ឱ្យព្រះ សង្រ្គោះផុតក្ស័យ
ទូលបង្គំពេញចិត្ត នឹងធម្មវិន័យ ជារៀងរាល់ថ្ងៃ
ពុំមានស្រាកស្រាន្ត
១៧៥ សូមឱ្យជីវិត ខ្ញុំនៅរស់ពិត ដើម្បីនឹងបាន
សរសើរតម្កើង ព្រះខ្ពស់ហួសស្ថាន សេចក្តីប៉ុន្មាន
ជួយលើកទឹកចិត្ត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦-៩

អាលេលូយ៉ា! អាលេលូយ៉ា!
​ខ្ញុំហ្នឹងហើយជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅគាល់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៣៨-៤០

លោកយ៉ូហានទូលព្រះយេស៊ូថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ តែគេមិនមកតាមយើងខ្ញុំទេ»។ ព្រះយេស៊ូមាន​ព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរ​ជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះ​ជាគ្នាយើងហើយ»។

Facebook
Twitter
LinkedIn