អង្គការជេស្វីតសឺវីសកម្ពុជា បានរៀបចំកម្មវិធីបោះជំរុំបរិស្ថានយុវជននៅតំបន់សហគមន៍កំពង់សាមគ្គី ខេត្តកំពត

នៅថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អង្គការជេស្វីតសឺវីសកម្ពុជា បានរៀបចំកម្មវិធីបោះជំរុំបរិស្ថានយុវជននៅតំបន់សហគមន៍កំពង់សាមគ្គី ខេត្តកំពត ក្រោមប្រធានបទ ” ធនធានធម្មជាតិសមុទ្រជាផ្នែកដ៍សំខាន់ក្នុងការទ្រទ្រង់ជីវិតមនុស្សជាតិនៅលើពិភពលោក ” ។ ដោយមានការអញ្ជើញចូលរួមពីលោកឪពុកហ្គ្រិច ជាបូជាចារ្យទទួលខុសផ្នែកបរិស្ថាននៃភូមិភាគបាត់ដំបង កញ្ញា ប៉ាញ ចិន្តា ប្រធានផ្នែកបរិស្ថាននៃអង្គការជេស្វីត សឺវីសកម្ពុជា ព្រមទាំងមានយុវជនយុវនារីប្រមាណជាង៣១នាក់ ដែលមកពីព្រះសហគមន៍ស្វាយស៊ីសុផុន ព្រះសហគមន៍តាហែន អង្គការករុណាបាត់ដំបង មណ្ឌលទេពអ៊ីម និងព្រះសហគមន៍បាត់ដំបង។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចង់ឱ្យយុវជនសិក្សាស្វែងរកនូវរបៀបនៃការថែរក្សាដើម្បីស្វែងយល់បន្ថែមអំពីធនធាននៅតំបន់សមុទ្រ និងការចូលរួមក្នុងកិច្ចការការពារដល់ធនធានដែលយើងមើលមិនឃើញ និងធនធានកម្រដែលកំពុងគំរាមគំហែងពីសកម្មភាពរបស់មនុស្ស។
លោក សុខ កៅ ជាប្រធានគណកម្មការសហគមន៍នេសាទកំពង់សាមគ្គី និង ជាទីប្រឹក្សា ខណ្ឌរដ្ឋបាលជលផលខេត្តកំពត ទីប្រឹក្សាឃុំកូនសត្វ ទីប្រឹក្សាភូមិកំពង់នង់ និងទីប្រឹក្សាកំពង់ត្នោត បានមាប្រសាសន៍រៀបរាប់ណែនាំទៅដល់យុវជនដែលបានចូលរួមឱ្យបានយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់បរិស្ថាន ជាពិសេសជីវៈចម្រុះដែលជិតផុតពូជ។
លោកបន្តទៀតថា៖ កត្តាដែលនាំឱ្យទទួលរងនូវផលប៉ះពាល់នេះគឺមួយចំនួនដោយសារធម្មជាតិ និងមួយចំនួនទៀត ត្រូវបានបំផ្លាញមនុស្សដែលខ្វះការយល់ដឹងអំពីបរិស្ថាន។ សម្រាប់តំបន់នេះជាព្រៃកោងកាងស្ថិតក្នុងខេត្តកំពត ដែលព្រៃទាំងនេះក៏រងការជិតផុតពូជផង រួមទាំងជីវៈចម្រុះក្នុងសមុទ្រផងដែរ។ ជាចុងក្រោយលោក សុខ កៅប្រធានសហគមន៍ បានផ្តាំផ្ញើណែនាំឱ្យយុវជនទាំងអស់ជួយថែរក្សាឱ្យអស់ពីលទ្ធភាព និងសូមឱ្យយុវជនទាំងអស់ជួយផ្សព្វផ្សាយឱ្យកាន់តែច្រើនឡើង។
ក្នុងនោះផងដែរកម្មវិធីបោះជំរុំបរិស្ថាននេះបានរៀបចំការដើមកោងកាងចំនួន ២០០ដើម ដើម្បីដាំនៅកន្លែងដែលជិតផុតពូជ និងក្រោយពីនោះក៏មានការលេងកម្សាន្ត និងញាំអាហារជាមួយគ្នាផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរយុវជនទាំងអស់បានសន្យា និងប្តេជ្ញាចិត្តចំនួន ៣ចំនុចគឺ៖ ទី១. ក្នុងម្នាក់ត្រូវដាំដើមឈើឱ្យបានយ៉ាងតិច ១០ដើមក្នុងមួយឆ្នាំ, ទី២. កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទាំងអស់ និងទី៣. ការប្រើប្រាស់ដបទឹកដែលមិនប៉ះពាល់ដល់បរិស្ថាន។

Facebook
Twitter
LinkedIn