អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ ២០២៥

អត្ថបទទី១ សៅរ៍ – បៃតង – ថ្ងៃធម្មតា

ប្រហែលនៅគ.ស ៣៦ ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បង្ហាញសិរី​រុង​រឿងរបស់​ព្រះ​អង្គ​​ឱ្យលោក​សូលឃើញ។ លោកសូលជាសមាជិកគណៈផារីស៊ីដែលបៀតបៀនធ្វើបាប ចាប់ចង​គ្រីស្ត​បរិស័ទ។ ក្រោយមក លោកទទួលភារកិច្ចប្រកាសដំណឹងល្អអំពីព្រះ​គ្រីស្តឱ្យមនុស្សគ្រប់ជាតិសាសន៍ គឺ​ព្រះអង្គជាព្រះសង្គ្រោះ​ទាំងជនជាតិយូដា ទាំងជនជាតិដទៃដែរ។ ព្រះអង្គបង្រួបបង្រួម​មនុស្ស​គ្រប់​ជាតិ​សាសន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ គ្រីស្តទូតក៏មានមុខងារ និងភារកិច្ចបង្រួបបង្រួម​មនុស្ស​ទាំង​​អស់ឱ្យទៅជាធ្លុងតែមួយដែរ ។

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៩,២-៣.១១-១៤

ក្នុងព្រះវិហារនៃសម្ព័ន្ធមេត្រីចាស់ មានព្រះពន្លាមួយនៅខាងមុខដែលគេហៅថា “ទីដ៏វិសុទ្ធ”។ នៅទីនោះ មានដាក់ជើងចង្កៀង តុ និងនំបុ័ងតង្វាយ។ បន្ទាប់មក​ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីដ៏វិសុទ្ធបំផុត”។ នៅពេលព្រះគ្រីស្តយាងមកក្នុងឋានៈជាមហាបូជាចារ្យដែលនាំយកសម្បត្តិនៃលោកខាង​មុខ ព្រះអង្គយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្តម និងល្អគ្រប់លក្ខណ៍ជាងពន្លាទាំងពីរនោះគឺ ព្រះអង្គមិនមែនយាងកាត់ព្រះពន្លាដែលសង់ឡើយដោយដៃមនុស្សទេ ពោគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ ព្រះអង្គពុំបានយក​ឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺទ្រង់យកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ចូល​ទៅថ្វាយក្នុងទីសក្ការៈម្តងជាការស្រេច ទាំងលោះយើងអស់កល្បជានិច្ចផង។ ប្រសិន​បើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវ ដែលគេបាចលើមនុស្ស​សៅហ្មង ធ្វើឱ្យរូបកាយគេបានបរិសុទ្ធ និងឱ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ ចំណង់បើព្រះលោកហិតរបស់ព្រះគ្រីស្តវិញ ក៏រឹតតែនឹងជម្រះមនសិការយើងឱ្យបាន​រួចផុតពីអំពើឥតបានការ ជាងនេះទៅទៀត! ដើម្បីយើងគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ។

ទំនុកតម្កើងលេខ ៤៧ (៤៦),២-៣.៦-៩ បទកាកគតិ

២ ឱជនទាំងឡាយ ចូរអរសប្បាយ ទះដៃអបអរ
ច្រៀងលើកតម្កើង ព្រះម្ចាស់បវរ ទទួលអំណរ
ដោយចិត្តរីករាយ ។
៣ ដ្បិតព្រះអម្ចាស់ ព្រះខ្ពង់ខ្ពស់ណាស គួរស្ញប់ស្ញែងក្រៃ
ព្រោះតែព្រះអង្គ ជាមហាក្សត្រថ្លៃ ឧត្តមប្រពៃ
លើដីទាំងអស់ ។
៦ ព្រះអម្ចាស់យាង ឡើងក្រោមសូរសៀង ខ្ញៀវខ្ញាអនេក
ទ្រង់យាងទៅខ្ពស់ ឥតមានរារែក អមដោយសម្រែក
សូរត្រែតន្រ្តី ។
៧ ចូរយើងនាំគ្នា រូតរះម្នីម្នា ថ្វាយពរសិរី
ព្រះជាអម្ចាស់ រុងរឿងពេកក្រៃ ស្មូតលាតន្ត្រី
ថ្វាយព្រះនៃយើង ។
៨ ដ្បិតព្រះអង្គជា ព្រះមហាក្សត្រា វិសេសថ្កុំថ្កើង
នៅលើផែនដី ជាព្រះនៃយើង ចូរនាំគ្នាថ្កើង
ស្មូតកំណាព្យថា្វយ ។
៩ ព្រះម្ចាស់គ្រងរាជ្យ ពេញដោយអំណាច លើជាតិជិតឆ្ងាយ
គង់លើបល្ល័ង្ក ឥតបីនឿយណាយ វិសុទ្ធពេកក្រៃ
រាស្រ្តបានសុខសាន្ត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៦,១៤

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គដោយក្តីស្រឡាញ់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,២០-២១

​ព្រះយេស៊ូយាងចូលផ្ទះ ហើយបណ្តាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឱ្យព្រះអង្គ និងក្រុមសាវ័ករកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថាព្រះអង្គវង្វេងស្មារតីហើយ ។

អត្ថបទទី២ ស – សន្ដប៉ូលជាគ្រីស្ដទូត 

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៦,៣-៩

អ៊ីស្រា‌អែល​អើយចូរ​ស្ដាប់​វិន័យ និង​បទ‌បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​ឱ្យ​អ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នកបាន​សន្យា​ជា​មួយ​អ្នក។អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​យើងមួយ​ព្រះ‌អង្គ​គត់ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នកឱ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។ ត្រូវ​ទុក​ឱ្យព្រះ‌បន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។ ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឱ្យវា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។ ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញាជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។ ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។

ទំនុកតម្កើងលេខ ១១២ ( ១១១ ),១-៩ បទពាក្យ ៧

១ អ្នកឱនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល ។
២ ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត ។
៣ ក្នុងផ្ទះជនដែលមានចិត្តធម៌ មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតឱ្យពរជាប់ ។
៤ ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី ។
៥ ជនណាដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត ។
៦ កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់
ជនគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច ។
៧ អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនខ្លាចល្បិច
មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់ ។
៨ គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត ។
៩ គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២៥–៣០

នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតាជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូល‌បង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​សម្ដែង​ការ​ទាំង​នេះ​ឱ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះ‌អង្គ​បាន​លាក់​មិន​ឱ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ដូច្នេះ។ ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រាក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតាក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យសម្ដែង​ឱ្យ​ស្គាល់​នោះ​ដែរ»។ «អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឱ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។

Facebook
Twitter
LinkedIn