អត្ថបទព្រះគម្ពីរ ថ្ងៃទី២៥ ខែធ្នូ បុណ្យលើកតម្កើង ព្រះអម្ចាស់យេស៊ូប្រសូត

បុណ្យព្រះយេស៊ូប្រសូត

ពាក្យ “ណូអែល” ជាពាក្យបារាំង មានន័យថា “កំណើត”។ តាមពិត គ្មាននរណាដឹងច្បាស់ថា ព្រះយេស៊ូប្រសូត្រនៅថ្ងៃណាទេ តែព្រះសហគមន៍បានសន្មតយកថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំឭកថ្ងៃព្រះអង្គប្រសូត ព្រោះចាប់ពីថ្ងៃទី២៥ ខែធ្នូ តទៅពេលថ្ងៃកាន់តែវែងឡើងបន្តិចម្តងៗ ឯពេលយប់ក៏កាន់តែខ្លីបន្តិចម្តងៗទៅដែរ។ គ្រីស្តបរិស័ទសន្មតយកថ្ងៃទី២៥ ខែធ្នូ ដូច្នេះ ដោយមានបំណងចង់គោរពព្រះយេស៊ូទុកជាពន្លឺដ៏ពិតប្រាកដ ដែលបំភ្លឺមនុស្សលោក។
ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រ គ្រីស្តបរិស័ទមិនគ្រាន់តែនាំគ្នាធ្វើបុណ្យរំឭកព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីអតីតកាលនោះទេ គឺគេនាំគ្នារិះគិតអំពីអត្ថន័យ កំណើតរបស់ព្រះយេស៊ូនោះវិញ។
ព្រះយេស៊ូពិតជាមនុស្សធម្មតា ដែលស្គាល់សុខ ស្គាល់ទុក្ខ និងទទួលមរណភាពដូចមនុស្សយើងដែរ។ ប៉ុន្តែ ព្រះយេស៊ូក៏ពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រានៃព្រះជាម្ចាស់ដែរ។ ដោយព្រះគ្រីស្តមានជីវភាពដូចមនុស្សយើងបេះបិទ ជីវភាពរបស់មនុស្សយើងក៏ទទួលអត្ថន័យថ្មី និងទទួលតម្លៃដ៏ថ្លៃថ្នូរបំផុត។ ព្រះអង្គរួមសាមគ្គីជាមួយមនុស្សយើង ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះបិតាចំពោះមនុស្សលោក ហើយក៏ស្រឡាញ់ព្រះបិតាក្នុងនាមមនុស្សយើងដែរ។
ព្រះយេស៊ូយាងមកនាំផ្លូវមនុស្សលោក ឆ្ពោះទៅកាន់ព្រះបិតា។ ព្រះយេស៊ូយាងមកសម្រុះសម្រួលមនុស្សលោកដែលទាស់ទែងគ្នា។ ព្រះយេស៊ូយាងមកបង្ហាញឱ្យដឹងថា មនុស្សគ្រប់ៗរូបមានកិត្តិយសខ្ពង់ខ្ពស់ ទោះខ្លួនជាអ្នកមានក្តី ជាអ្នកក្រក្តី ឬជាជាតិសាសន៍ណាក្តី ក៏ជីវិតមនុស្សយើងមានតម្លៃដ៏ថ្លៃថ្នូរបំផុតដែរ។ សព្វថ្ងៃនេះ ព្រះអង្គគង់នៅក្នុងពិភពលោកយើងនេះ។

អភិបូជានៅពេលយប់

ព្រះអម្ចាស់ប្រសូតជាមនុស្សដូចយើង! “ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយឱ្យមក“(យហ ៣,១៦)។ នេះជា ”ដំណឹងល្អ” ដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់ៗរូប!។ នៅយប់នេះ យើងជាគ្រីស្តបរិស័ទនាំគ្នាគោរពព្រះគ្រីស្តទុកជាពន្លឺ បំភ្លឺមនុស្សទាំងអស់ក្នុងពិភពលោកទាំងមូល។ ព្រះអង្គប្រទានឱ្យជីវិតយើងទទួលអត្ថន័យថ្មី និងតម្លៃថ្លៃថ្នូរជាទីបំផុត។ “ព្រះជាម្ចាស់ប្រសូតមកជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះជាម្ចាស់”(សន្តអ៊ីរ៉េណេ)។

ពាក្យអង្វរនៅពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! នៅថ្ងៃនេះ ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឱ្យ​យាងមកបំភ្លឺមនុស្សគ្រប់ជាតិសាសន៍។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសមនុស្សទាំងអស់ឱ្យស្គាល់ ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ! សូមបំភ្លឺចិត្តគំនិតយើងខ្ញុំ និងពង្រឹងជំនឿយើងខ្ញុំផង ដើម្បីឱ្យយើងខ្ញុំទៅជាពន្លឺបំភ្លឺអ្នកដទៃសព្វថ្ងៃនេះដែរ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៩,១-៦

ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច ហើយមានពន្លឺមួយលេចឡើង បំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្តីស្លាប់។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឱ្យគេមានអំណរដ៏លើសលប់។ គេនឹងសប្បាយរីករាយនៅចំពោះព្រះភក្ត្រព្រះអង្គ ដូចជាសប្បាយនៅរដូវចម្រូត។ ព្រះអង្គបំបាក់នឹមដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឱ្យរួចពីការជិះជាន់សង្កត់សង្កិនរបស់ខ្មាំងសត្រូវ។ ដ្បិតមានព្រះរាជ្យបុត្រមួយអង្គប្រសូតមកសម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គមកយើងហើយ។ បុត្រនោះបានទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមព្រះអង្គថា “ព្រះដ៏គួរស្ងើចសរសើរ” “ព្រះដ៏ប្រកបដោយព្រះប្រាជ្ញាញាណ” “ព្រះដ៏មានតេជានុភាពអង់អាច” “ ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច” “ព្រះអម្ចាស់នៃសន្តិភាព”។ ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាចព្រះអង្គ នឹងធ្វើឱ្យរាជបល្ល័ង្ករបស់ព្រះបាទដាវីឌ និងនគររបស់ព្រះអង្គមានសេចក្តីសុខសាន្តរហូតទៅ។ ព្រះអង្គយកសេចក្តីសុចរិត និងយុត្តិធម៌មកពង្រឹងនគររបស់ព្រះអង្គឱ្យបានគង់វង្ស ចាប់ពីពេលនេះរហូតអស់កល្បជាអង្វែងតរៀងទៅ។ ព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់យ៉ាងខ្លាំងចំពោះយើង។

ទំនុកតម្កើងលេខ ៩៦,១-៣.១១-១៣ បទព្រហ្មគីតិ

១. ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់
  មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
២. ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់
  ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លៃថ្លា ។
៣. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ
  នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ ។
១១. សូមឱ្យអស់ផ្ទៃមេឃ ផែនដីស្រែកកុំសំចៃ
  សមុទ្រមានទឹកប្រៃ និងអ្វីៗមានសង្ឃឹម ។
១២. ចូរឱ្យស្រែចម្ការ អ្វីសព្វសារអរញញឹម
  ឱ្យដើមឈើរេរាំ លោតទន្ទ្រាំមុខព្រះម្ចាស់ ។
១៣. ដ្បិតព្រះអង្គយាងមក វិនិច្ឆ័យរកយុត្តិធម៌ណាស់
  កាត់ក្តីប្រជាច្បាស់ គ្មានក្រឡះដោយទៀងត្រង់ ។

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនលោកទីតូស ទត ២,១១-១៤

ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យប្រណីសន្តោសមក ដើម្បីសង្គ្រោះមនុស្ស​ទាំង​អស់។​​ ព្រះហឫទ័យប្រណីសន្តោសនេះ អប់រំយើងឱ្យលះបង់ចិត្តដែលមិនចេះគោរពប្រណិប័តន៍​ព្រះ​ជាម្ចាស់ចោល ឱ្យលះបង់សេចក្តីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីឱ្យយើងរស់នៅក្នុងលោក​នេះដោយមានចិត្តធ្ងន់ សុចរិត និងគោរពប្រណិប័តន៍ព្រះជាម្ចាស់ ទាំងទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្ទឹងរង់ចាំសុភមង្គល តាមសេចក្តីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ដ៏ឧត្តមបំផុត និង​ជា​​​ព្រះសង្គ្រោះនៃយើង យា​​​​​​​​​​​​​​​​​​ងមកប្រកបដោយសិរីរុងរឿង។ ព្រះអង្គបានបូជាព្រះជន្ម​របស់​ព្រះ​អង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឱ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ត្រមួយទុកសម្រាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនាំដំណឹងល្អមួយប្រាប់អ្នករាល់គ្នា។ ដំណឹង​​​នេះនឹងធ្វើឱ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់ គឺយប់នេះព្រះសង្គ្រោះ​របស់អ្នករាល់គ្នាបានប្រសូតហើយ ទ្រង់ជាព្រះគ្រីស្ត ជាព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,១-១៤

នៅគ្រានោះ ព្រះចៅអធិរាជរ៉ូមុាំងព្រះនាមអូគូស្ត មានព្រះរាជបញ្ជា​ឱ្យជំរឿន​ចំនួន​ប្រជាជនទាំងអស់ក្នុងចក្រភពរ៉ូមុាំងទាំងមូល។ ការជំរឿនប្រជាជន​លើកដំបូង​នេះ​បាន​ធ្វើឡើងក្នុងអំឡុងពេលដែលលោកគីរីញូស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ អ្នក​​ស្រុក​ទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជីតាមស្រុកកំណើតរៀងៗខ្លួន។ រីឯលោក​យ៉ូសែបក៏ចេញ​​ដំណើរភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដាជាភូមិ​កំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ លោកទៅចុះ​ឈ្មោះជាមួយនាងម៉ារី ជាភរិយាដែលមានផ្ទៃពោះ។ ពេលអ្នកទាំងពីរនៅឯភូមិ​បេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ នាងសម្រាលបានបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់​ឱ្យ​ផ្ទុំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះ។
ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ពេល​នោះ​​ទេវទូតរបស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឱ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ទេវទូតពោលទៅគេថា៖«កុំខ្លាចអ្វីឡើយ! ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឱ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់ គឺយប់នេះនៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាបានប្រសូតហើយ ទ្រង់ជាព្រះគ្រីស្តជាព្រះអម្ចាស់។ នេះជាសញ្ញាសម្គាល់ឱ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នានឹងឃើញទារកមួយទើបនឹងកើតមក រុំដោយសំពត់ផ្តេកនៅក្នុង​ស្នូកសត្វ»។
រំពេចនោះ មានទេវទូតច្រើនកុះករចុះពីស្ថានបរមសុខមក រួមជាមួយទេវទូតនោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖«សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឱ្យមនុស្សលោក ដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយ​សេចក្តី​សុខសាន្តនៅលើផែនដី!»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គស្រឡាញ់មនុស្សលោកយ៉ាងខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក យើងខ្ញុំសូមអរព្រះគុណ​ព្រះអង្គ ហើយសូមយកប្រាក់ ធូប ផ្កា ទៀន នំ និងស្រាមកថ្វាយព្រះអង្គវិញ។ យើង​ខ្ញុំ​ក៏​សូមថ្វាយកាយ វាចា ចិត្ត ផងដែរ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុ​គ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់​កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។

អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យស្គាល់ព្រះគ្រីស្ត ជាពន្លឺដែលបំភ្លឺពិភពលោកទាំងមូល។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំ សូមប្រោសយើងខ្ញុំឱ្យទៅជាពន្លឺសម្រាប់បំភ្លឺអស់អ្នកដែលយើងខ្ញុំជួបជារៀងរាល់ថ្ងៃផង។

អភិបូជានៅពេលព្រឹក

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦២,១១-១២

ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែលរស់នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅនេះ៖«ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎៎! ព្រះសង្គ្រោះរបស់អ្នកទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នកដែលព្រះអង្គបានលោះមកជាមួយផង!។ ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។ គេនឹងហៅអ្នកទាំងនោះថា”ប្រជារាស្ត្រដ៏វិសុទ្ធ” “ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះមកវិញ”។ រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា “ទីក្រុងបណ្តូលចិត្ត” “ក្រុងដែលគេមិនបោះបង់ចោលទៀតឡើយ”។

ទំនុកតម្កើងលេខ ៩៧, ១.៦.១១-១២ បទពាក្យ ៧

១. ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ ពេញដោយអំណាចដ៏យូរលង់
  ចូរឱ្យផែនដីរីករាយឡើង កោះទាំងឡាយផងអសប្បាយ ។
៦. ផ្ទៃមេឃក៏បានស្រែកប្រកាស ពីក្តីសប្បុរសល្អថ្កើងថ្កាន
  ឱ្យប្រជារាស្ត្រទាំងប៉ុន្មាន នៅគ្រប់ទីស្ថានបានដឹងយល់ ។
១១. មានទាំងពន្លឺបំភ្លឺមនុស្ស មានចិត្តសប្បុរសសុចរិតថ្លា
  ជនដែលទៀងត្រង់គ្រប់អាត្មា អរឥតឧបមាសប្បាយក្រៃ ។
១២. ឱ! ពួកអ្នកសុចរិតទាំងឡាយ ចូរអ្នករីករាយកុំគិតអ្វី
  ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ ប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនលោកទីតូស ទត ៣,៤-៧

នៅពេលដែលព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំ បានសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក ព្រះអង្គបានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឱ្យបានកើតជាថ្មី និងប្រទានឱ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ និងឱ្យយើងបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌កតាមសេចក្តីសង្ឃឹមរបស់យើង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនាំដំណឹងល្អមួយប្រាប់អ្នករាល់គ្នា។ ដំណឹង​​​នេះនឹងធ្វើឱ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់ គឺយប់នេះព្រះសង្គ្រោះ​របស់អ្នករាល់គ្នាបានប្រសូតហើយ ទ្រង់ជាព្រះគ្រីស្ត ជាព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,១៥-២០

ពួកទេវទូតត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគង្វាលបបួលគ្នាថា៖«ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឱ្យយើងដឹងនោះមើល៍»។ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅឃើញនាងម៉ារី លោកយ៉ូសែបព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀងរាប់អំពីសេចក្តីដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។ អស់អ្នកដែលបានឮ ពួកគង្វាលនិយាយនឹកឆ្ងល់យ៉ាងខ្លាំង។ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញ បានឮ ស្របតាមសេចក្តីដែលទេវទូតបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយ។

អភិបូជានៅពេលថ្ងៃ

ពាក្យអង្វរនៅពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតយើងខ្ញុំឱ្យមានកិត្តិយសយ៉ាងអស្ចារ្យ ក្នុងឋានៈជារូបតំណាងរបស់ព្រះអង្គ ! ដោយព្រះបុត្រាប្រសូតជាមនុស្សដូចយើងខ្ញុំ ព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យមានកិត្តិយសរឹតតែខ្ពង់ខ្ពស់ហួសកម្រិតទៅទៀត ក្នុងឋានៈជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គមកបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យទទួលស្គាល់ឋានៈរបស់ខ្លួន និងប្រតិបត្តិយ៉ាងសមគួរនឹងឋានៈនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥២,៧-១០

អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសន្តិភាព! គេប្រកាសដំណឹងដ៏ល្អអំពីការសង្គ្រោះ ហើយពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!”។ សូមស្តាប់សំឡេងរបស់អ្នកយាម! ពួកគេបន្លឺសំឡេងឡើង និងស្រែកហ៊ោយ៉ាងសប្បាយជាមួយគ្នា ដ្បិតពួកគេឃើញដោយផ្ទាល់នឹងភ្នែក ព្រះអម្ចាស់យាងត្រឡប់មកក្រុងស៊ីយ៉ូនវិញ។ គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ! ចូរស្រែកហ៊ោយ៉ាងសប្បាយទាំងអស់គ្នា ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ!។ ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គ ឱ្យប្រជាជាតិទាំងអស់ឃើញ ហើយមនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។

ទំនុកតម្កើងលេខ ៩៧,១-៦ បទពាក្យ ៧

១. ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ ពេញដោយអំណាចដ៏យូរលង់
  ចូរឱ្យផែនដីរីករាយឡើង កោះទាំងឡាយផងអសប្បាយ ។
២. មានពពកខ្មួលខ្មៅងងឹត ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
  ព្រះអង្គគ្រងរាជ្យដោយប្រពៃ សុចរិតថ្លាថ្លៃល្អត្រចង់ ។
៣. មានភ្លើងឆេះនៅមុខព្រះម្ចាស់ សត្រូវច្រើនណាស់ត្រូវបាត់បង់
  អ្នកដែលប្រឆាំងច្បាំងព្រះអង្គ គ្មានសល់ម្នាក់ផងក្ស័យសង្ខារ ។
៤. មានផ្លេកបន្ទោរជះពន្លឺ ខ្ទ័រខ្ទារន្ទឺសព្វលោកា
  ផែនដីតក់ស្លុតឥតឧបមា ញ័រអស់កាយាដោយភិតភ័យ ។
៥. ភ្នំនានាដែលនៅចំពោះ ភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ
  ដូចជាក្រមួនត្រូវរលាយ ដោយកំដៅថ្ងៃនៅមិនបាន ។
៦. ផ្ទៃមេឃក៏បានស្រែកប្រកាស ពីក្តីសប្បុរសល្អថ្កើងថ្កាន
  ឱ្យប្រជារាស្ត្រទាំងប៉ុន្មាន នៅគ្រប់ទីស្ថានបានដឹងយល់ ។

អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១,១-៦

នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន ដោយសារពួកព្យាការី។ នៅគ្រានេះ ជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។ ព្រះបុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឱ្យបានបរិសុទ្ធផុតពីបាបរួចហើយ ទ្រង់ក៏គង់នៅខាងស្តាំព្រះដ៏ឧត្តុង្គឧត្តមឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះបុត្រាបានទទួលព្រះនាមប្រសើរ លើសពួកទេវទូតយ៉ាងណា ទ្រង់ក៏បានទទួលឋានៈប្រសើរជាងពួកទេវទូតយ៉ាងនោះដែរ។ ព្រះយេស៊ូគ្រីស្តមានឋានៈធំជាងពួកទេវទូត។ ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវទូតណាថា៖«ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ» ឬមានព្រះបន្ទូលថា៖«យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្ររបស់យើង» ឡើយ។ មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់ បុត្រច្បងឱ្យមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖«ទេវទូតទាំងអស់របស់ព្រះជាម្ចាស់ ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះពន្លឺបានបំភ្លឺមនុស្សលោក។ ប្រជាជនទាំងឡាយនៅលើផែនដីអើយ! សូមអញ្ជើញចូលមកក្នុងពន្លឺរបស់ព្រះជាម្ចាស់! សូមអញ្ជើញមកក្រាបថ្វាយបង្គំព្រះអម្ចាស់! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,១-១៨

កាលពីដើមដំបូងបង្អស់ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់កាលពីដើម ដំបូងបង្អស់។ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្តាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ ពន្លឺភ្លឺក្នុងសេចក្តីងងឹត តែសេចក្តីងងឹតពុំបានទទួលពន្លឺទេ។ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក។ លោកមក ធ្វើជាបន្ទាល់ផ្តល់សក្ខីភាពអំពីពន្លឺ ដើម្បីឱ្យមនុស្សទាំងអស់ជឿដោយសារលោក។ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្តល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ព្រះបន្ទូលយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។ រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឱ្យគេអាចទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីការប៉ងប្រាថ្នារបស់មនុស្សទេ គឺកើតពីព្រះជាម្ចាស់វិញ។
ព្រះបន្ទូលកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត។ លោកយ៉ូហានបានផ្តល់សក្ខីភាពអំពីព្រះអង្គដោយប្រកាសថា៖គឺលោកនេះហើយ ដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ យើងទាំងអស់គ្នាទទួលព្រះហឫទ័យប្រណីសន្តោសមិនចេះអស់ មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ដ្បិតព្រះជាម្ចាស់ប្រទានធម្មវិន័យដោយសារលោកម៉ូសេ តែទ្រង់បានសម្តែងព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត ដោយសារព្រះយេស៊ូគ្រីស្ត។ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ទេ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលនាំយើងឱ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! អ្វីៗសព្វសារពើសុទ្ធតែកើតមកពីព្រះបន្ទូលព្រះអង្គ គ្មានអ្វីណាមួយកើតមកក្រៅពីព្រះបន្ទូលព្រះអង្គឡើយ!។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃនេះ ដើម្បីអរព្រះគុណព្រះអង្គ។ សូមប្រោសយើងខ្ញុំឱ្យចូលរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះបុត្រាព្រះអង្គប្រសូតជាមនុស្សដើម្បីប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យជឿសង្ឃឹមលើព្រះអង្គជានិច្ច។ សូមប្រោសយើងខ្ញុំឱ្យស្រឡាញ់អស់បុត្រធីតារបស់ព្រះអង្គផង។

Facebook
Twitter
LinkedIn