អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ១៨,១-២.២១-២៣ និង ១៩,១-៣.៩ក

ខ្ញុំ​យ៉ូហាន ឃើញ​ទេវទូតមួយ​រូប​ទៀតមាន​អំណាច​ដ៏​ខ្លាំង​ពូកែចុះ​ពី​លើ​មេឃ​មក ហើយ​សិរី‌រុង​រឿង​របស់​ទេវទូត​នោះ​ភ្លឺ​ចាំង​មក​លើ​ផែន‌ដី។ លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖«រលំ​ហើយ! មហា​នគរ​បាប៊ីឡូន​បាន​រលំ​ហើយ!។ ក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​លំ‌នៅ​របស់​ពួក​អារក្ខ ជា​ជម្រក​របស់​ខ្មោច​ទាំង​អស់ ហើយ​ក៏​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ដែល​មិន​បរិសុទ្ធ គួរ​ឱ្យ​ខ្ពើម។ ពេល​នោះ ទេវទូត​មួយ​រូប​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ត្បាល់​កិនបោះ​ទៅ​ក្នុង​សមុទ្រ ទាំង​ពោល​ថា៖«គេ​នឹង​ច្រាន​ក្រុង​បាប៊ីឡូន​មហា​នគរ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច្នោះ​ដែរ!។ គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។ គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ដ្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំង‌ឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។ ក្នុង​ឯង​លែង​មាន​ពន្លឺ​ចង្កៀង​ទៀត សំឡេង​គូ​ស្វាមី‌ភរិយា​ថ្មោង​ថ្មី​ក៏​លែង​ឮ​ទៀត​ដែរ ដ្បិត​ពួក​ឈ្មួញ​ដែល​រក​ស៊ី​ក្នុង​ឯង សុទ្ធ​តែ​ជា​អ្នក​ធំ​ជាង​គេ​នៅ​លើ​ផែន‌ដី​នេះ វិជ្ជា​ធ្មប់​របស់​ឯង​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​វង្វេង។ បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហា‌ជន​ច្រើន​កុះ‌ករ​នៅ​លើ​មេឃ​ថា៖«ហាលេ‌លូយ៉ា!​ សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង ព្រះ‌អង្គ​សង្គ្រោះ​យើង ព្រះ‌អង្គ​ប្រកប​ដោយ​សិរី‌រុង​រឿង និង​ឫទ្ធា‌នុភាព ដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។ ព្រះ‌អង្គ​បាន​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បីដែល​បាន​ធ្វើ​ឱ្យ​ផែន‌ដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម‌គុណ​របស់​នាង ព្រះ‌អង្គ​បាន​ដាក់​ទោស​ស្ត្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។ មហា‌ជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖«ហាលេ‌លូយ៉ា! ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។ ទេវទូត​ពោល​មក​កាន់​ខ្ញុំ​ថា៖«ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​ឱ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គលហើយ!»។

ទំនុកតម្កើងលេខ ១០០(៩៩),១-៥ បទកាកគតិ

មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើង
សាទរព្រះម្ចាស់ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង
កុំរាឡើណា
នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិតអង្គព្រះចេស្ដាច្រៀងហ៊ោរខ្ញៀវខ្ញា
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នាថាព្រះជាម្ចាស់ព្រះយើងគ្រប់កាយ
ជាព្រះអម្ចាស់ពិតឥតក្លែងក្លាយបង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នាចូលកុំរួញរាដំណាក់សក្ដិសម
ទាំងអរព្រះគុណព្រះម្ចាស់ឧត្តមសរសើរបង្គំ
ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរអង្វែងកន្លងស្មោះស្ម័គ្រច្បាស់ច្បង
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,២០-២៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើនិវត្តរបស់ព្រះអង្គថា៖«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។ ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដាត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ រីឯ​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម ត្រូវ​រត់​ចេញ​ឱ្យ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ស្រុក​ស្រែមិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។ គ្រា​នោះ ជា​គ្រា​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​នេះ។ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាមឱ្យ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សាឡឹមរហូត​ដល់​ពេល​កំណត់​របស់​គេ»។ «គ្រា​នោះនឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាន។ ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​តឹង​ទ្រូង ព្រួយ​បារម្ភ ពេល​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់‌បោកមនុស្ស‌ម្នា​ភ័យ​ស្លុត​បាត់​ស្មារតី នៅ​ពេល​គិត​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ផែន‌ដី ដ្បិត​ឫទ្ធិ‌បារមី​នានា​នៅ​លើ​មេឃ​នឹង​កក្រើក​រំពើក។ ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស​យាង​មក​ក្នុង​ពពក​ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង​ពន់‌ពេក​ក្រៃ។ កាល​ណា​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់‌ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។

Facebook
Twitter
LinkedIn