សាលាអប់រំពិសេសនៃការលូតលាស់ (GSES) រៀបចំការប្រគំតន្ត្រី សប្បុរសធម៌ ស្វែងរកជំនួយដើម្បីកសាងអគាសិក្សាសម្រាប់កុមារអូទីសឹម នាថ្ងៃទី២៥ ខែវិច្ឆិកា នៅព្រះវិហារកាតូលិកព្រះកុមាយេស៊ូបឹងទំពុន ដោយមានក្រុមតន្ត្រី Cambodia Opara Project Ensemble ពីប្រទេសជប៉ុន។
អ្នកស្រី ភោគ មានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ និងជាម្តាយរបស់កុមារអូទីសឹមមួយរូបបានថ្លែងប្រាប់អ្នកសារព័ត៌មានមុនកម្មវិធីថា កម្មវិធីនាថ្ងៃនេះ មានគោលបំណង បំផុសបំផុលអាណាព្យាបាលកុមារអូទីសឹម ក៏ដូចជាបងប្អូនសប្បុរសជនដទៃទៀតចូលរួមថវិកាកសាងអគារ ព្រោះនាពេលនេះ សាលាអប់រំពិសេសនៃការលូតលាស់មិនមានអគាត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់កុមារអូទីសឹមឡើយ។
អ្នកស្រីអំពាវនាវ ឲ្យសប្បុរសជនចំណាយប្រាក់បន្តិចបន្តួចដើម្បីកសាងសាលាសម្រាប់កុមារអូទីសឹម ដែលសព្វថ្ងៃមានសិស្ស ៣៣០នាក់ កំពុងរៀននៅក្នុងអគារជួល៤ល្វែងហើយត្រូវការអគារសិក្សាត្រឹមត្រូវមួយកន្លែងលើដីរបស់ព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពុន។
ក្រៅពីការសម្តែងរបស់ក្រុមអូប៉េរ៉ា ក៏មានការសម្តែងរបស់កុមារអូទីសឹម និងការដាក់តាំងបង្ហាញរូបភាពស្នាដៃរបស់កុមារផងដែរ។
ថ្លែងក្នុងពិធីបិទការក្រគុំតន្រ្តីសប្បុរសធម៌ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងឡើងថា អ្វីដែលយើងឃើញកុមារសម្តែងនៅថ្ងៃនេះ ជាសក្ខីភាពមួយដែលបង្ហាញការីកចំរើនរបស់សាលាយើង។ លោកបានឃើញនូវស្នាមញញឹម នូវអំណរសប្បាយរបស់ឪពុកម្តាយកុមារ ហើយជាក្តីសង្ឃឹមរបស់ពួកគេ ដែលអាចឲ្យកូនៗចេញពីផ្ទះ ទទួលការអប់រំ រីកចំរើន ដែលទទួលបានការយកចិត្តទុកដាក់ ដែលណែនាំឱ្យពួកគេមើលឃើញអនាគត។
ឆ្លងតាមតន្ត្រីសប្បុរសធម៌នេះ លោកអភិបាលសង្ឃឹមថា សាលានឹងអាចរកជំនួយបន្ថែមទៀតដើម្បីកសាងអគាថ្មីសម្រាប់កុមារអូទីសឹម ហើយលោកក៏សង្ឃឹមថាកុមារទាំងនោះអាចរស់នៅក្នុងសង្គមប្រកបបរិយាបន្នក្នុងគ្រួសារតែមួយ គោរពជីវិតមានតម្លៃ និងកសាងប្រទេសកម្ពុជាពោរពេញដោយសេចក្តីសុខ និងសុខដុមរម្យនា៕
ដោយសុខ កែវរតនា