សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។

មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល ពិសេសលោកគ្រូអ្នកគ្រូដែលជួយអប់រំណែនាំ នូវចំណេះដឹង របៀបរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ។

លោក​បន្ថែមថា ការអប់រំ​មិនមែនអប់រំតែខួរក្បាលនោះទេ តែអប់រំទាំងចិត្ត ឥរិយាបថ របៀបទំនាក់ទំនង របៀបដែលនាំឱ្យមានចិត្តអាណិតមេត្តា របៀបបង្កើតសីលធម៌ ចេះគោរពគ្នា​ទៅវិញទៅមក និងរបៀបរស់នៅផងដែរ ដែលទាំងនេះនឹងជួយបង្កើតសង្គមមួយពោរពេញដោយសុខដុមរមនា និងសេចក្តីសុខ។

បន្ថែមក្នុងធម្មទេសនាក្នុងអភិបូជា លោកអភិបាលបានរំលឹកដល់​កុមារ​ទាំងអស់​ថា សុបិន​អាចកើតជាការពិតលុះត្រាតែយើងយកចិត្តទុកដាក់រៀន និងត្រៀមខ្លួន។ លោក​ក៏​សូម​ឲ្យ​​មានអ្នកជួយ​គាំទ្រដល់​កុមារ​ទាំងនោះ​ដែលមាន​អាជ្ញាធរដី សាសនា ឪពុកម្តាយ និងសហគមន៍ ដើម្បីរៀបចំអនាគតរបស់កុមារ អនាគតប្រទេសជាតិ។

អគារសិក្សាថ្មី​ ដែលមានកម្ពស់៣ជាន់​ មាន១៤ បន្ទប់​ ត្រូវបានកាត់ខ្សែបូសម្ពោធជាផ្លូវការណ៍ ក្រោមជំនួយឧបត្ថម្ភពីក្រុមគ្រួសារបងប្រុសឡាសាល នៅទីក្រុងសានចូវសេ សហរដ្ឋអាមេរិក វៀតណាម និងសប្បុរសជននានា។

បព្វជិត ងៀន   ថេអាង់ ជានាយកសាលា បានថ្លែងថា «នេះមិនត្រឹមតែជាការរំភើបរបស់សាលា រឺលោកគ្រូ អ្នកគ្រូនៅទីនេះប៉ុណ្ណោះទេ តែសម្រាប់យើងទាំងអស់គ្នា ក៏ដូចជាក្មេងៗដែលនៅទីនេះ ក្នុងពេលបច្ចុប្បន្ន និងអនាគត»។  លោកបន្ថែមទៀតថា សាលាសន្តឡាសាលពោធិ៍ធំ ជាកន្លែង​អភិវឌ្ឍន៍កូនសិស្សទាំងកាយ ទាំងចិត្ត ដោយសង្ឃឹមថា កូនសិស្សនឹងក្លាយជាមនុស្សល្អ កូនល្អ សិស្សល្អ និងពលរដ្ឋល្អ។

កញ្ញា ខែម ដាវី ក្រុមប្រឹក្សាសង្កាត់អរិយក្សត្រ បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយសម្រាប់សិស្ស ហើយផ្ដល់​មុខមាត់ដល់​សង្កាត់ដើម្បី​ចូលរួមអភិវឌ្ឍក៏ដូចជាចូលរួមចំណែកដល់ឪពុកម្តាយដែលមានជីវភាពខ្វះខាតអាចឱ្យកូនៗបានមករៀនសូត្រ។

ក្រុមគ្រួសារបព្វជិតឡាសាលបានមកដល់ប្រទេសកម្ពុជា មុនសម័យសង្គ្រាម​ស៊ីវិល​ ហើយបានបង្កើតសាលាមីសក្នុងទីក្រុងភ្នំពេញ។ ក្រោយមកសាលានេះ​ត្រូវបានបាត់បង់ ហើយក្នុងឆ្នាំ២០០៥ ក្រុម​​បព្វ​នេះ​ បានត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចាប់ផ្តើមកម្មវិធីសិក្សាក្នុងតំបន់ពោធិ៍ធំនេះ ដែលមាន​ឈ្មោះ​ថា សាលាសន្តឡាសាលពោធិ៍ធំ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១​  ក្នុងគោលបំណងផ្តល់ការអប់រំដោយឥតគិតថ្លៃដល់សិស្សក្រីក្រ និងខ្វះខាតក្នុងតំបន់។  ដំបូងឡើយ សាលាផ្តល់ការអប់រំត្រឹមថ្នាក់មត្តេយ្យសិក្សា ដែលមានចំនួន៤​បន្ទប់ និងសិស្សប្រមាណ១៥៦នាក់ប៉ុណ្ណោះ។  ក្នុងឆ្នាំ២០១៨​​ ក្រោយពីបានទទួលអាជ្ញាប័ណ្ណបង្រៀនកម្រិតបឋមសិក្សាដោយក្រសួងអប់រំ យុវជន និងកីឡា សាលាឡាសាលពោធិ៍ធំបានក្លាយជាមជ្ឈមណ្ឌលអប់រំដ៏សំខាន់ក្នុងតំបន់។ គិតមកដល់ចុងឆ្នាំ២០២៤នេះ សាលាសន្តឡាសាលមានសិស្សសរុបប្រមាណ៥៤៩ នាក់​ និងបុគ្គលិកអប់រំ​៣៤នាក់។ បច្ចុប្បន្នបូករួមជាមួយអគារសិក្សាថ្មី សាលាមាន២៨ បន្ទប់ ក្នុងនោះថ្នាក់មត្តេយ្យសិក្សាមាន២ បន្ទប់ បឋមសិក្សា១៥ បន្ទប់ ក្រៅពីនោះមានបន្ទប់ពេទ្យ ការិយាល័យ បន្ទប់ប្រជុំ បន្ទប់កំព្យូទ័រ បន្ទប់រដ្ឋបាល បណ្ណាល័យ បន្ទប់អាហារថ្ងៃត្រង់ និង​បន្ទប់សម្រាក​ពេល​ថ្ងៃ​របស់​សិស្ស៕

 

សុខ កែវរតនា

 

Facebook
Twitter
LinkedIn