សិស្សនៃវិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន៨នាក់ ទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។

លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។»

លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ ហើយ​នេះក៏​ជាសមិទ្ធផលនិងលទ្ធផលនៃការបង្រៀន​របស់លោកគ្រូអ្នកគ្រូ និងការយកចិត្តទុកដាក់ពីសិស្សសាលាផងដែរ។

លោក ប៉ិច វិបុល នាយកវិទ្យាល័យនេះ បានប្រាប់ថា ​​ក្នុងសម័យប្រលង​កាលពីថ្ងៃទី​៨ ខែតុលា កន្លងមកនេះ សាលា​មានសិស្ស​សរុប៣៦នាក់(ស្រី២៣នាក់) ​ ដែលក្នុងនោះ​សិស្សចំនួន​១៦នាក់បានប្រឡងថ្នាក់វិទ្យាសាស្ត្រ និង​ថ្នាក់វិទ្យាសាស្ត្រសង្គម​ចំនួន​២០នាក់។ ក្នុង​ចំណោមសិស្សទាំងអស់ ​សិស្ស​ទទួល​បាន​និទ្ទេស A មានចំនួន​៨ នាក់ ទទួល​បាននិទ្ទេសB ចំនួន​១៩នាក់ និទ្ទេស C ចំនួន៨ នាក់ និង​និទ្ទេស D ចំនួន​១នាក់។

លោកបានបញ្ជាក់ថា លទ្ធផល​ទាំងនេះកើតចេញពីកត្តាចំនួន៥ រួមមាន ទី១​គឺការគាំទ្រ​ដោយ​លោកអភិបាល​ស្ថាបនិក​ទាំងស្មារតី​និង​សម្ភារឧបទេស ទី២​ការរៀបចំ​រចនាសម្ពន្ធ​របស់​គណៈគ្រប់គ្រងនិងបែងចែក​​គ្រូបង្រៀន​​បាន​ល្អប្រសើរ ​ទី៣ លោកគ្រូអ្នកគ្រូ​មានជំនាញ​ឯកទេស​និង​បទពិសោធ​យចាប់ពី​២០ឆ្នាំឡើងទៅ ហើយ​ការបង្រៀន​ជាប្រព័ន្ធ​សិស្ស​មជ្ឈមណ្ឌល​ ដោយ​លោក​គ្រូអ្នកគ្រូ​លើកទឹកចិត្ត​និង​ជំរុញ​កូនសិស្សឲ្យ​ខិតខំ​រៀន​សូត ទី​៤ គឺសិស្ស​ខិតខំ​សិក្សា​និង​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ខ្លួន​ បង្កើត​ក្រុម​សិក្សា​ដើម្បីជួយគ្នាទៅវិញទៅមក និង​ទី៥ អាណាព្យាបាល​សិស្ស​គាំទ្រ​ ឧបត្ថម្ភគាំទ្រ និង​ជំរុញ​កូន​ឲ្យ​ខិតខំ​រៀនសូត។

លោកនាយក​បាន​ឲ្យដឹងទៀតថា តាំង​ពី​បង្កើត​សាលា​នេះ​ក្នុង​ឆ្នាំ​២០០៣ លទ្ធផល​សិស្ស​ ប្រលងជាប់​ថ្នាក់​ទី​១២ បាន​១០០ភាគ​រយ​គឺមានចំនួន​១១​ជំនាន់​មក​ហើយ ហើយ​ក្នុងឆ្នាំ២០២១ រហូតមក​ដល់​បច្ចុប្បន្ន​គឺ​មានសិស្សទទួល​បាននិទ្ទេសA រហូតមក។

លោកនាយក​បញ្ជាក់បន្ថែម​ថា មុនពេល​ប្រលងថ្នាក់ជាតិ​ ២ឬ៣សប្តាហ៍ សាលា​តែងតែ​រៀបចំ​ប្រលង​សាកល្បង ​ដើម្បី​ឲ្យ​សិស្ស​ដឹងអំពី​សមត្ថភាព​របស់​ខ្លួន​ ហើយ​ខិតខំ​បន្ថែម​លើ​មុខវិជ្ជា​ដែល​ខ្វះខាត។

ថេង សុរិម៉ា អាយុ​១៧ឆ្នាំ បាន​ជាប់​និទ្ទេស​A កាលពីពេល​ថ្មីៗនេះ នាង​ប្រាប់​ថា មានកត្តា​៣​យ៉ាង​ដែល​ជួយ​ឲ្យ​នាង​បាន​​ជោគជ័យ នោះ​គឺ ទីមួយគ្រួសាររបស់ខ្ញុំក៏តែងតែលើកទឹកចិត្ត ខិតខំជួយរកថវិកាផ្គត់ផ្គង់​ការសិក្សា​របស់​នាង​ ទីពីរ​កត្តាសាលារៀនប្រមូលផ្ដុំ​ទាំងវិន័យ​ និងទាំងលោកគ្រូអ្នកគ្រូ ដែល​បាន​យកចិត្តទុកដាក់​បង្ហាត់បង្រៀន បំប៉នសិស្សរៀន​ខ្សោយ ហើយ​ផ្តល់ឱកាសឲ្យសិស្សអត់​មានពេលវេលាធ្វើលំហាត់អាចសួរនាំគាត់ ហើយអាចពិភាក្សាជាមួយគាត់បាន កត្តាទីបីគឺកត្តាខ្លួនឯង ធម្មតាជាសិស្សចង់បាននិទ្ទេសល្អ សម្រាប់គ្រួសារសម្រាប់ខ្លួនឯងនិងសាលារៀន។

កត្តាទាំងនេះ ​ជំរុញ​ឲ្យ​នាង​ ចង់បាននិទ្ទេសA ហើយក៏ចាប់ផ្តើមខិតខំរៀន បង្កើតកាលវិភាគខ្លួនឯង និង​មានវិធីសាស្ត្រផ្សេងៗដើម្បីរៀនខ្លួនឯង។

សុរិម៉ា បន្ថែមថា នៅសាលានាង​រៀនជាក្រុមជាមួយមិត្តភក្តិ នៅផ្ទះផ្ដោតអារម្មណ៍លើចំណុច​មិន​សូវ​យល់ ហើយ​ពេល​មក​សាលា​សួរមិត្តភក្តិឬក៏លោកគ្រូអ្នកគ្រូ។

យុវតី​ដដែល​​ប្រាប់​ទៀតថា «សម្រាប់ការរៀន ខ្ញុំមិនដាក់សម្ពាធលើខ្លួនឯងទេ ខ្ញុំចង់រៀនអីខ្ញុំ​រៀនហ្នឹង ប្រសិនបើដាក់សម្ពាធលើខ្លួនឯងសម្រាប់ខ្ញុំ ខ្ញុំរៀនអត់សូវចូល ប៉ុន្តែពេលខ្លះក៏មិនអាចបណ្ដោយតាមអារម្មណ៍របស់ខ្លួនឯងពេកដែរ»។

«សម្រាប់នៅខេត្ត​តាកែវ​របស់យើង​ហ្មង ​ខ្ញុំគិតថា​សាលា​យើង​គឺល្អ ហើយបំភ្លឺផ្លូវឲ្យសិស្សងាយស្រួល​ក្នុងការទទួល​បាន​និទ្ទេស​A។» នេះ​បើ​តាម​សម្តី​របស់​ទឹម ណៃគីម អាយុ​១៨ឆ្នាំ​ ដែល​ទើប​ប្រលង​ជាប់​ថ្នាក់ទី​១២​ថ្មីៗនេះមួយរូប​ផ្សេងទៀត។

ណៃគីម នឹង​​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ផ្នែក​ច្បាប់។ នាង​បន្ថែម​ថា នាង​បាន​ដល់​ថ្ងៃនេះ ​គឺ​ដោយសារកត្តាអ្នកដឹកនាំនិងលោកគ្រូអ្នកគ្រូនៅក្នុងសាលា ហើយសាលាមានវិន័យតឹងរ៉ឹងសម្រាប់សិស្ស។

ជាមួយគ្នានេះដែរង៉ែត សុវណ្ណអាយុ១៨ឆ្នាំ​ បានឲ្យដឹងថា កត្តាដែលគាត់បានទទួលជោគជ័យនៅក្នុងការសិក្សានៅពេលនេះគឺបានដោយសារតែលោកគ្រូអ្នកគ្រូនិង​ខ្លួន​ឯង​ផ្ទាល់។ សុវណ្ណ​បន្ថែមថា នៅសាលារបស់យើងមានបណ្ណាល័យ និងមានបន្ទប់ពិសោធន៍ដើម្បីឲ្យសិស្សអាចពិសោធនិងស្រាវជ្រាវ ហើយពេលយើងមកដល់សាលាយើងចង់រៀន យើងអត់ចង់លេង ហើយយើងឃើញមិត្តភក្តិខំប្រឹងរៀនដែរ។

ម្យ៉ាង​ទៀត ​គាត់​ផ្ទាល់បែងចែកកាលវិភាគរៀននិង​ទៅ​សាលា​រៀន​ទៀង​ទាត់ ហើយ​​ឪពុកម្ដាយរបស់គាត់​​សន្យា​ផ្ដល់​ជា​រង្វាន់លើកទឹកចិត្តប្រសិនបើ​ប្រលងជាប់។

យុវជន​រូប​នេះបន្តថា «បើសិនជាអត់មានកត្តាសាលានិងកត្តាខ្លួនឯងនេះទេ ខ្ញុំគិតថាវាអត់សូវមានជោគជ័យនោះទេ»។

ក្នុងនាមជា​គ្រូបង្រៀន ផ្នែក​ភូមិ​វិទ្យានិង​ប្រវត្តិសាស្ត្រ​ លោក​សប្បាយនិងពេញចិត្តចំពោះ​លទ្ធផលសិស្សដែល​ទទួល​បាន​នេះ ជា​អ្វីដែលពួកគាត់​បានខំប្រឹងទាំងអស់គ្នា។ លោកគ្រូ​បន្តថាគាត់​តែងតែសង្ខេបមេរៀនឲ្យហើយដាក់សំណួរ ដាក់ធ្វើនៅផ្ទះហើយតែងតែត្រួតពិនិត្យជានិច្ច ការដែលត្រួតពិនិត្យនេះនាំឲ្យក្មេងៗទាំងអស់ទាំងពូកែនិងខ្សោយធ្វើ។ ក្នុងនោះ​ដែរ​លោក​ក៏​មាន​ក្រុម​​តេលេក្រាមដើម្បីឲ្យកូនសិស្សអាចសួរនាំគ្រប់ពេល។ លោក​ថា នៅទីនេះគឺយើងជាក្រុមគ្រូ​ត្រូវពង្រឹង​ឲ្យពួកគាត់ ខិតខំរៀនតាំងពីដើមឆ្នាំទៅ។

រីឯយុវ័ន យ៉ាំ សុសិរីវឌ្ឍន៍ អាយុ១៦ឆ្នាំ បាននិយាយថា ឪពុកម្តាយរបស់​គាត់​ជា​កម្លាំង​ជំរុញខ្លាំង​សម្រាប់​គាត់​ ដោយពួកគាត់​​ចង់ឃើញកូនទទួលបានជោគជ័យនៅក្នុងជីវិត ហើយពួកគាត់បានយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់សុសិរីវឌ្ឍន៍យ៉ាងខ្លាំង។ មួយផ្នែកធំទៀតគឺលោកគ្រូអ្នកគ្រូ នៅក្នុងសាលាផ្ទាល់ គាត់ព្យាយាមជំរុញទឹកចិត្ត បង្រៀនល្អ ឲ្យសុសិរីវឌ្ឍន៍មានទឹកចិត្តព្យាយាមយកនិទ្ទេសអេឲ្យបាន។

តាមការរៀបរាប់របស់យុវសិស្សរូបនេះ នៅសាលារៀន សិស្សទាំងអស់ជួយគ្នា ដោយបង្កើតជាក្រុមៗរៀននៅសាលាបន្ថែមនៅពេលយប់។ គាត់ប្រាប់ថា យើងបានជួយបង្រៀនគ្នា ដោយអ្នកចេះជួយអ្នករៀនមិនសូវទាន់គេ។ មុនពេលប្រលងថ្នាក់ជាតិ សាលាឲ្យយើងប្រលងសាក គឺជួយខ្លាំងសម្រាប់សិស្ស ដើម្បីឲ្យយើងដឹងថាចំណុចណាដែលជាខ្វះខាត ឬខ្លាំងខាងចំណុចណា បើខ្សោយយើងត្រូវបំពេញបន្ថែម។

រីឯលោកគ្រូវិញ គាត់​ប្រាប់​ថា «ខ្ញុំមិនដែលទុកអ្វីដែលរៀនពីមុនមកនៅទ្រឹងត្រឹមហ្នឹងទេ ចំពោះខ្ញុំ (ខ្ញុំ)សិក្សាស្រាវជ្រាវជានិច្ច អត់មានបង្រៀនអ្វីដែលឆេះពីមុនមកហើយនៅតែប៉ុណ្ណឹងទេ។»  លោកគ្រូបានសំណូមពរសុំឲ្យកូនសិស្សទាំងអស់ «ត្រូវទៅរៀន កុំទាក់ទងជាមួយនឹងគ្រឿងញៀន បងធំបងតូច និយាយរួមវាច្រើនណាស់សព្វថ្ងៃនេះ»។

សូមបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មាន​បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕

កែវ កញ្ញា និងមុំគន្ធា

Facebook
Twitter
LinkedIn