ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យចាត់ព្រះបុត្រាឱ្យយាងមក សង្គ្រោះមនុស្សលោក និងប្រោសយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលស្គាល់ឋានៈ របស់ខ្លួន និងអរព្រះគុណព្រះអង្គជានិច្ចផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៣៥,៤-៧
ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុត ដោយប្រាប់គេថា៖ «ចូរមានចិត្តក្លាហានឡើង! កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា!ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺព្រះអង្គផ្ទាល់យាងមកសង្គ្រោះអ្នករាល់គ្នា។ ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរនៅវាលហួតហែង។ ដីបែកក្រហែងនឹងក្លាយទៅជាបឹង ស្រុកដែលធ្លាប់តែរីងស្ងួត បែរជាមានប្រភពទឹកផុសឡើង។
ទំនុកតម្កើងលេខ ១៤៦ (១៤៥), ២.៧-១០ បទពាក្យ ៧
២ | ខ្ញុំសូមសរសើរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត | |
ខ្ញុំស្មូត្រចម្រៀងមានបែបបទ | ឱ្យបានចាំស្ទាត់ពេលនៅរស់ | ។ | |
៧ | ព្រះអង្គរកយុត្តិធម៌ឱ្យ | ដល់អ្នកទន់ខ្សោយមិនកែគេច | |
ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស | ។ | |
៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ | |
អស់ក្តីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា | ។ | |
៩ | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា | |
តែទ្រង់ធ្វើឱ្យគម្រោងការ | មនុស្សខូចពាលាវិនាសបង់ | ។ | |
១០ | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ | |
ឱក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ២,១-៦
បងប្អូនជាទីស្រឡាញ់!
បងប្អូនមានជំនឿលើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់យើងប្រកបដោយសិរីរុងរឿង។ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឱ្យសោះ។ ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកទាំងពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះទាំងពោលថា “សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!” ហើយពោលទៅកាន់អ្នកក្រថា “ទៅឈរនៅកៀននោះទៅ!” ឬថា “មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!”បានសេចក្តីថា ក្នុងចំណោមបងប្អូន បងប្អូនរាប់រកមនុស្សដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យដោយគំនិតអាក្រក់?។ បងប្អូនជាទីស្រឡាញ់អើយ! សូមស្តាប់ខ្ញុំ! ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះឱ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឱ្យទទួលព្រះរាជ្យដែលទ្រង់បានសន្យាថា នឹងប្រទានឱ្យអស់អ្នកស្រឡាញ់ព្រះអង្គទុកជាមត៌ក។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ៧,៣១-៣៧
ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឱ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្តោះទឹកព្រះឱស្ឋយកទៅផ្តិតលើអណ្តាតគាត់ រួចព្រះអង្គងើបព្រះភក្ត្រឡើងទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា៖ «អេផាថា» (ពាក្យនេះប្រែថា “ចូរបើកឡើង”)។ រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្តាប់ឮ អណ្តាតរបស់គាត់ដ៏គ្រលាស់បាន ហើយគាត់ក៏ និយាយស្តីបានច្បាស់លាស់។ ព្រះយេស៊ូហាមប្រាមពួកគេមិនឱ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ ក៏គេរឹតតែប្រកាសខ្លាំងឡើងៗ។ មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើសុទ្ធតែល្អទាំងអស់! សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឱ្យស្តាប់ឮបាន មនុស្សគក៏លោកធ្វើឱ្យនិយាយបានដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាជាអម្ចាស់លើពិភពទាំងមូល! យើងខ្ញុំសូមថ្វាយនំប័ុង និងស្រានេះមកតបស្នងសងគុណព្រះអង្គ និងលើកតម្កើងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយយើងខ្ញុំនេះ រួមនិងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយ រាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រា ដើម្បីលើកស្ទួយកម្លាំងរបស់អ្នកជឿសង្ឃឹមលើព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រកាសការអស្ចារ្យរបស់ព្រះអង្គ ដោយមានចិត្តស្រឡាញ់អ្នកជិតខាងដូចបងប្អូនផង។