ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីបរទេស បានសហការជាមួយព្រះសហគមន៍កាតូលិកថ្មពេជ្រ បានរៀបចំកម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃដ
ល់ប្រជាពលរដ្ឋនៅភូមិថ្មពេជ្រ ដែលស្ថិតនៅភូមិថ្មពេជ្រ១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែសីហាកន្លងទៅ។
–
ក្នុងពេលបើកពិធីពិនិត្យជំងឺនេះ លោកសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម មានប្រសាសន៍ដល់អង្គពិធីទាំងមូលថា៖ «សុខភាពគឺជាកត្តាមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់ៗរូប នៅពេលដែលសុខភាពទន់ខ្សោយព្រោះតែជំងឺ នោះមនុស្សយើងអត់មានកម្លាំងដើម្បីធ្វើកិច្ចការផ្សេងៗដោយស្រួលបានឡើយ»។
លោកអភិបាលបន្តថា ក្នុងនាមព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម លោកសូមថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលសុខចិត្តចំណាយពេលវេលា ធនធាន កម្លាំងកាយចិត្ត និងចំណេះដឹង មកជួយដល់ប្រជាជនខ្មែរយើង។
ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តទាំងអស់មានចំនួន៧៥នាក់ មកពីប្រទេសអូស្ត្រាលី ញូហ្សេឡេន ចិន និងតៃវ៉ាន់។ ពួកគាត់បានពិនិត្យព្យាបាលជំងឺដូចជា ធ្មេញ ជំងឺទូទៅព្យាបាលតាមបែបបុរាណចិននិងថ្នាំពេទ្យ និងព្យាបាលដោយចលនា ព្រមទាំងធ្វើអនាម័យនិងបង្រៀនកុមារនិងកាត់សក់ឲ្យពួកគេផងដែរ។
លោក ដាវីឌ ហូ ជាអ្នកសម្រុះសម្រួលកម្មវិធីក្នុងក្រុមអ្នកស្ម័គ្រចិត្ត បានបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលបានមកជួយដល់ប្រជាជននៅប្រទេសកម្ពុជា និងជួយប្រជាជនឲ្យរស់នៅដោយមានសុខភាពល្អប្រចាំថ្ងៃ។
កម្មវិធីនោះមានរយៈពេលមួយថ្ងៃកន្លះ ហើយប្រជាជាន១៣០០ បានមកវិទ្យាល័ជម្រើនវិជ្ជាសាលាថ្មពេជ្រ ដើម្បីទទួលការពិនិត្យព្យាបាលដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិតហ័ង ជុន ជេ (Huang Chun Chieh) បានប្រាប់ថា ក្នុងរយៈពេលពេលមួយថ្ងៃកន្លះដែលគាត់បានជួបប្រជាជនបានច្រើន ហើយគាត់ឃើញថា ប្រជាជននៅទីនេះភាគច្រើនជួបបញ្ហាសាច់ដុំ ក្រពះ ពោះវៀន ដែលមកពីបានធ្វើការច្រើន និងការបរិភោគអាហារដោយខ្វះជីវជាតិ រួមទាំងហូបទឹកខ្វះអនាម័យ។
លោក យីវ ម៉ាប់ បានប្រាប់ថា គាត់មកព្យាបាលធ្មេញ និងក្រពះ ព្រោះគាត់មិនអាចហូបបាយបាន។ ពេលមកទីនេះគាត់បានទទួលការព្យាបាល និងទទួលបានថ្នាំខ្លះដើម្បីព្យាបាលខ្លួន។ លោកម៉ាប់ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានមកជួយដល់ប្រជាជនក្រីក្រក្នុងភូមិដូចជារូបលោក៕
ដោយ៖ ម៉េង ភីឡុង