អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,២៦-៣១

បងប្អូនជាទីស្រឡាញ់!
សូមគិតមើល៍ចុះ! បងប្អូនជាមនុស្សបែបណា បានជាព្រះ​ជា​ម្ចាស់ត្រាស់ហៅ។ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវ​មានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថាលេលា មកផ្ចាញ់ពួកអ្នកប្រាជ្ញ ព្រះអង្គបានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថា ទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លំាងពូកែ។ ព្រះ​ជាម្ចាស់បានជ្រើសរើសអ្នកដែល​មនុស្សលោកចាត់ទុកថា ទាបថោក គួរឱ្យមាក់ងាយ​ ហើយគ្មាន់តម្លៃជាមនុស្សមកផ្ចាញ់អ្នក​ដែលមនុស្សលោកចាត់ទុកថា ថ្លៃថ្នូរវិញ។ ដូច្នេះ គ្មាននរណាម្នាក់អាចអួតអាងនៅចំពោះព្រះ​ភក្រ្ដព្រះជាម្ចាស់បានឡើយ គឺ ព្រះអង្គហើយដែលបានប្រោស​ឱ្យបងប្អូនមានតម្លៃជាមនុស្ស​ថ្លៃថ្នូរ ដោយបងប្អូនចូលរួមជាមួយព្រះគ្រីស្ដយេស៊ូ ដែលទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់សម្រាប់​យើង​ដែលទ្រង់ប្រោសឱ្យយើងបានសុចរិតបានវិសុទ្ធ និងដែលលោះយើងឱ្យមានសេរីភាព។​​ ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងតែអំពីកិច្ចការ ដែលព្រះអម្ចាស់បានធើ្វ ដូច​មានចែង​ទុកមកស្រាប់។

ទំនុកតម្កើងលេខ ៣៣ (៣២),១២-១៣.១៨-២១ បទព្រហ្មគីតិ

១២ ប្រជាដែលគោរព បម្រើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែ នោះជួបតែសុខគ្រប់គ្រា
ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា
ជារាស្រ្ដផ្ទាល់អង្គា នោះមុខជារួចផុតទុក្ខ
១៣ ព្រះម្ចាស់ទតមកពី ស្ថានរមណីបរមសុខ
ទតមើលពីលើមក ឃើញមនុស្សយើងទំាងអស់
១៨ ព្រះអង្គតាមរក្សា អស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ ដ៏សប្បុរសមានមេត្តា
១៩ ព្រះអង្គបានសង្គ្រោះ ឱ្យគេរស់មានសង្ខារ
ផុតពីក្ដីមរណា នៅក្នុងគ្រាដែលអត់ឃ្លាន
២០ យើងសូមផ្ញើជីវិត លើព្រះពិតឥតខកខាន
ជាខែលដ៏ចំណាន សង្គ្រោះប្រាណផុតភិតភ័យ
២១ យើងខ្ញុំសែនរីករាយ ចិត្តសប្បាយអរពេកក្រៃ
សូមផ្ញើជីវិតថ្លៃ លើព្រះទ័យល្អបំផុត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ​​​​១,២-៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ ពិតជាមានសុភមង្គលហើយ! អ្នកនោះបង្កើតមគ្គផលតាមរដូវកាល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,១៤-៣០

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញ។​ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាថា៖«ព្រះរាជ្យនៃស្ថានបរមសុខបៀបបាន​នឹង​បុរសម្នាក់ដែល​ហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់​ទ្រព្យសម្បត្តិឱ្យ។​ គាត់ប្រគល់ប្រាក់ឱ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន​ គឺឱ្យប្រាំណែនទៅអ្នកទីមួយ ពីរ​ណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់​ចេញដំណើរទៅ។ អ្នកបម្រើដែល​បានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ី​ភ្លាម ហើយចំណេញបានប្រាំណែនទៀត។ អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរ​ណែននោះទៅរកស៊ី ចំណេញបានពីរណែន​ទៀត។ រីឯអ្នកដែលទទួលប្រាក់មួយណែន​ចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួមទុក។ លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ​ អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ទាំង​ពោលថា៖«លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឱ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត»។ ម្ចាស់ពោលទៅគាត់ថា៖«ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្ដស្មោះត្រង់ អើយ! អ្នកស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយ​នឹងខ្ញុំចុះ!។ អ្នកទទួលប្រាក់ពីរណែនក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយ​ជម្រាបថា៖« លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែន​ឱ្យខ្ញុំប្របាទ ឥឡូវនេះខ្ញុំប្របាទ​ចំណោញបានពីរណែនទៀត»។ ម្ចាស់ក៏ពោលទៅ​គាត់ថា៖« ល្អហើយ! អ្នកបម្រើដ៏ប្រសើរមាន​ចិត្តស្មោះត្រង់អើយ! អ្នកស្មោះត្រង់នឹង​កិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវ​លើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ!»។ បន្ទាប់មក អ្នកដែលបានទទួល​ប្រាក់មួយណែនក៏ចូល​មកដែរ​​ហើយជម្រាបថា៖។ «លោកម្ចាស់! ខ្ញុំប្របាទដឹងថា​ លោកជាមនុស្សតឹងតែង​ណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបាន​សាបព្រោះ ហើយប្រមូល​យកផល ពីដំណាំដែលលោកមិនបានដាំ។ ខ្ញុំប្របាទបានយកប្រាក់​ដែលលោកប្រគល់ឱ្យ​ទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់​យកប្រាក់របស់លោកវិញចុះ»។ ម្ចាស់ពោលទៅអ្នកនោះថា៖«នែ! អ្នកបម្រើអាក្រក់ ខ្ជិល​ច្រអូសអើយ!​ អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំ​ណាំដែលខ្ញុំមិនបានដាំ។ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ! កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ទំាងដើម ទំាងការ!។ ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឱ្យអ្នកដែលមានដប់ណែននោះទៅ ដ្បិតអ្នកណាមានហើយ អ្នកនោះ​នឹងបានទទួលបរិបូណ៌ ហូរហៀរថែមទៀត។​ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូត​នូវអ្វីៗដែលអ្នកនោះមានផង។ ចំណែកឯអ្នកបម្រើដ៏ឥតបានការនេះ ចូរយកគាត់​ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំ​សោក​ខឹងសង្កៀតធ្មេញនោះទៅ!»។

Facebook
Twitter
LinkedIn