ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។

ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី ​មន្ត្រី​រាជការ​ សិស្សានុស្សិស​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​​ ដែល​ជា​​មោទកភាពជាតិខ្មែរ​ រស់នៅក្នុង​សុខុដុមនីយកម្មសាសនា​ រួមគ្នាជាធ្លុងមួយក្នុងការចូលរួមបង្ការទប់ស្តាត់​ និងប្រឆាំងអំពើជួញដូរមនុស្ស​ ដែលកំពុងក្លាយជាឧក្រិដ្ឋកម្មដ៏ក្តៅគគុក​ និងក្លាយជាទាសភាពសម័យទំនើប​ នាសម័យដែលមានវិទ្យាសាស្រ្ត​ បច្ចេកវិទ្យាជឿនលឿន​ ដែលហៅថាសម័យឌីជីថល។

ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធានគណៈកម្មការជាតិប្រយុប្រឆាំងអំពើជួញដូរមនុស្ស​ មាន​ប្រសាសន៍ថា វិទ្យាសាស្រ្តដែលខ្វះគុណធម៌អាចនាំមកនូវគ្រោះមហន្តរាយដោយចៀសមិនរួចហើយរឹតតែសាហាវឃោឃៅ​ និងជះឥទ្ធិពលបានកាន់តែលឿនពិបាកទប់ទល់។  ហេតុនេះហើយការអប់រំកាយ​ វាចា​ ចិត្តទៅតាមគន្លងនៃសាសនា​ ពិតជាមានសារៈសំខាន់ណាស់។

លោក​បន្ត​ថា មេដឹកនាំ​សាសនា​គប្បីបង្កើនល្បឿននៃការអប់រំនេះ​ ឱ្យបានឆាប់រហ័ស​ និងឱ្យបានច្រើន​ ដើម្បីទប់ស្កាត់ការភ្លេចខ្លួនដែលនាំឱ្យអន្តរាយ​ តាំងពីវ័យកុមារតូច​ រហូតដល់វ័យ​ចាស់​ នៅគ្រប់ស្រទាប់នៃមហាជនគ្រប់ច្រកល្ហក​ មន្ត្រីរាជការស៊ីវិលគ្រប់ថ្នាក់​ និងសមត្ថកិច្ចគ្រប់ផ្នែកទូទាំងប្រទេស។

ឯកឧត្តមក៏បានរំលេចអំពីការអប់រំផ្លូវចិត្ត​ បញ្ញា​ ស្មារតី​ តាមបែបសាសនា​ ពិតជាមានប្រសិទ្ធភាពខ្ពស់​ដែល​ឲ្យ​ការរស់នៅរបស់​សាសនិក​ប្រកបដោយសីលធម៌​ សេចក្តីថ្លៃថ្នូរ​ ចេះគោរពឱ្យតម្លៃគ្នា​ មិនតាំងចេតនាបំផ្លាញគ្នា និង​មិន​ងាយ​ត្រូវ​បាន​គេបោកបញ្ឆោតឲ្យ​ធ្លាក់ចូលក្នុងភាពរងគ្រោះ​ដោយមិនដឹងខ្លួន។

ឯកឧត្តម​ ស​ សុខា​ បន្តទៀតថា​ កន្លងមក​  មានប្រជាជនកម្ពុជា​ ជាច្រើនដែលបានធ្វើអន្តោប្រវេសន៍​ ស្វែងរកការងារ ដោយប្រថុយប្រថាន​ ខ្លះ​បាន​ធ្លាក់ខ្លួនពិការ​ បាត់បង់សមត្ថភាពពលកម្ម​ បែកបាក់ព្រាត់ប្រាស់គ្រួសារ បាត់ដំណឹង​ ឬជាប់ពន្ធនាគារ​ ឬស្លាប់​ ខ្លះកំពុងស្ថិតក្នុទម្រង់នៃការងារបង្ខំ​ និង​រងអំពើ​កេងប្រវ័ញ្ច​ និងអំពើជួញដូរមនុស្ស។

ឆ្លើយតបនឹងបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា​ ក៏បានយកចិត្តទុកដាក់​យ៉ាងខ្លាំងលើ​ ១​.សង្គ្រោះជនរងគ្រោះឱ្យទាន់ពេលវេលា​ ២​.ស៊ើបអង្កេតរកជនប្រព្រឹត្តបទល្មើស​ ៣​.ត្រួតពិនិត្យប្រមូលភស្តុតាង​ ដើម្បីបិទអាជីរកម្មខុសច្បាស់ពាក់ព័ន្ធ​ ៤​.ពន្លាតការស៊ើបអង្កេតរកសកម្មភាពបទល្មើសសម្អាតប្រាក់របស់ជនល្មើស។

លោក​បូជាចារ្យ​ គង់​ វៀល បូជាចារ្យ​ជំនួយ​នៅ​មណ្ឌលសកម្មភាព​កំពង់សោម និង​កោះកុង​ ដែល​បាន​ចូលរួម​ក្នុងកម្មវិធីនេះ បាន​ឲ្យដឹងថា ដំបូងខ្ញុំគិតថា​ គួរថ្លែងអំណរគុណដល់គ្រីស្តបរិស័ទ​ បងប្រុស​ បងស្រី​ លោកពុក​  អ្នកស្ម័គ្រ​ចិត្ត ពិសេសអង្គកាការីតាស​ ដែលជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាល​ ដែលបានយកចិត្តទុកដាក់ជួយជនរងគ្រោះ​  និងទប់ស្កាត់ការជួញដូរមនុស្ស​ ។

លោក​បូជាចារ្យ​បន្ថែម​ថា មួយវិញទៀតដូចព្រះតេជគុណ​ យ៉ន សេងយៀត បានមានសង្ឃដីកាថា​ យើងត្រូវតែទទួលជនរងគ្រោះដោយចិត្តអាណិតអាសូរ​ ដែលនេះជាចំនុចមួយដ៏សំខាន់​ យើងគឺជាកន្លែងសាសនា​ គួរតែក្លាយជាទីជម្រក​ ដូចពេលដែលមានសង្គ្រាម​ កន្លែងសាសនាត្រូវទទួលជនរងគ្រោះដោយគ្មានការវិនិច្ឆ័យ​ និងការរើសអើង​ ព្រមទាំងផ្តល់នូវសុវត្ថិភាពដល់ជនរងគ្រោះ។   ប្រសិនបើមានស្រ្តីរកស៊ីផ្លូវភេទដែលរងគ្រោះ​ គឺត្រូវតែទទួលគេ​ ដោយក្តីស្រឡាញ់​ និងគោរពសិទ្ធមនុស្ស​។

លោក​ រ័ត្ន ចន្ថា ប្រធាន​កុមារ​កាយឫទ្ធិ​នៃការិយាល័យ​កុមារជំទង់និង​យុវជន​របស់​ភូមិភាគភ្នំពេញ បាន​និយាយ​ថា ​ ​ បច្ចុប្បន្នខ្ញុំមើលឃើញថា​ រដ្ឋាភិបាលកម្ពុជា​ បានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយខ្លាំងមែនទែន​ ដោយបង្កើតសិក្ខាសាលា​ ការអប់រំផ្សេងៗ​ ដើម្បី​ធ្វើយ៉ាង​ណា​ កុំអោយពលរដ្ឋធ្លាក់ទៅជាជនរងគ្រោះ​។ រីឯព្រះសហគមន៍វិញ​ គួរតែចូលរួមពេញទំហឹង​ ក្នុងការផ្សព្វផ្សាយពិសេសដល់យុវជន​ ដើម្បីចូលរួមទប់ស្កាត់​ និងមានវិធានការការពារខ្លួនបានល្អ។

គួររំលឹកដែលថា​ នេះជាលើកទី៨ហើយ​ ដែលកម្ពុជាប្រារព្ធនូវទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​ ដែលទិវានេះប្រារព្ធលើកតំបូង​ នៅឆ្នាំ២០១៧​ ក្រោមការផ្តួចផ្តើមពីគណៈកម្មការជាតិប្រឆាំង​និង​អំពើ​ជួញដូរ​មនុស្ស​​ (គ.ជ.ប.ជ​) ក្រសួងធម្មការ​​និងសាសនា និង​​អង្គការរីតាសកម្ពុជា​ ដែល​មាន​មេដឹកនាំសាសនាធំៗទាំងបី​ចូលរួម៕

សុខ​ កែវរតនា

Facebook
Twitter
LinkedIn