អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤

សន្តពីយូស ទី១០ ជាសម្តេចប៉ាប

លោកយ៉ូសែបសារតូ (១៨៣៥-១៩១៤) ជាបូជាចារ្យដែលណែនាំគ្រីស្តបរិស័ទនៅស្រុកស្រែក្នុងប្រទេសអ៊ីតាលី រួចលោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងមាន់តូវ៉ា និងវ៉េនេស៊ីយ៉ា (ប្រទេសអ៊ីតាលី) បន្ទាប់មកទៀត លោកទទួលមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ ១៩០៣។ លោកយកចិត្តទុកដាក់បំពេញគ្រប់បេសកកម្មរបស់លោក។ លោកដាស់តឿនគ្រីស្តបរិស័ទឱ្យទទួលព្រះកាយព្រះគ្រីស្តជាញឹកញាប់ ព្រមទាំងឱ្យក្មេងៗទទួលព្រះកាយព្រះអង្គបានដែរ។ លោកពន្យល់ថា៖ “អភិបូជា និងធម៌សាធារណៈនៃព្រះសហគមន៍ ពិតជាធ្វើ​ឱ្យគ្រីស្តបរិស័ទរស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធ”។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៣៤,១-១១

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖«កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រាអែលទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់អ្នកដឹកនាំទាំងនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ “ពួកគង្វាលអ៊ីស្រាអែលអើយ! អ្នករាល់គ្នាត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ធម្មតាពួកគង្វាលតែងតែមើលថែរក្សាហ្វូងចៀម រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនបានមើលថែទាំហ្វូងចៀមទេ អ្នករាល់គ្នាគិតតែពីយកទឹកដោះមកផឹក កាត់រោមចៀមមកធ្វើជាសម្លៀកបំពាក់ ហើយសម្លាប់​ចៀមធាត់ៗធ្វើជាអាហារ។ អ្នករាល់គ្នាពុំបានជួយចៀមណាដែលខ្សោយឱ្យមានកម្លាំងឡើយ អ្នករាល់គ្នាពុំបានព្យាបាលចៀម​ឈឺ ឬរុំរបួសឱ្យចៀមរបួសទេ។ អ្នករាល់គ្នាមិនបាននាំចៀមវង្វេងឱ្យត្រឡប់មកវិញ ហើយក៏មិនដើររកចៀមដែលបាត់ដែរ។ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាប្រើអំណាចជិះជាន់សង្កត់សង្កិនពួកគេ។ ចៀមទាំងនោះត្រូវខ្ចាត់ខ្ចាយរត់បែកខ្ញែកគ្នា ហើយត្រូវសត្វសាហាវដេញចាប់ស៊ី ព្រោះគ្មាននរណាឃ្វាល។ ហ្វូងចៀមរបស់យើងវង្វេងទៅគ្រប់ទីកន្លែងតាមភ្នំតូចភ្នំធំ បែកខ្ញែកគ្នាពាសពេញស្រុក តែគ្មាន នរណា​រវីរវល់ថែទាំ! គ្មាននរណាដើររកវាឡើយ!»។ ហេតុនេះ អ្នកដឹកនាំអ៊ីស្រាអែលអើយ! ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅមានព្រះបន្ទូលដូចតទៅនេះ៖«ហ្វូងចៀម​របស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើឱ្យឃ្វាល មិនរវីរវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិត​តែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ។ ហេតុនេះ ពួកគង្វាល​អើយ! ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា យើងនឹង​ដាក់ទោសពួកគង្វាលទាំងនោះ យើងនឹងដកហ្វូងចៀមយើងចេញពីកណ្តាប់ដៃរបស់គេ​មកវិញ។ យើងនឹងលែងឱ្យពួកគេឃ្វាលហ្វូង​ចៀមរបស់យើង ដើម្បីរកផល​ប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ! យើងនឹងបេះហ្វូងចៀមរបស់យើងពីមាត់គេលែង​​ឱ្យគេស៊ីដូចមុនទៀត។ ចាប់​ពីពេលនេះតទៅ យើងនឹងតាមរកហ្វូងចៀមរបស់យើង ហើយមើលថែទាំវាដោយយើងផ្ទាល់»។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

ឱ!ព្រះអម្ចាស់ជាគង្វាល មើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសម ភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅ លើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយ ប្រទានឱ្យកាយមានកម្លាំង
ទ្រង់នាំខ្ញុំតាមផ្លូវសុចរិត ល្អល្អះប្រណីតភ្លឺចិញ្ចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំង គ្មានអ្វីរារាំងព្រះអង្គឡើយ
ទោះបីរូបខ្ញុំដើរកាត់ភ្នំ ជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ ទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគ អាហារគគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសា បំពេញកែវស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គល ហឫទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែរហូរ ឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមាន ខ្ញុំរស់សុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីត ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៥,១៣.១៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូល សុទ្ធតែពិតប្រាកដទាំងអស់ ព្រះអង្គប្រព្រឹត្តតាមសេចក្តីទៀងត្រង់ក្នុងគ្រប់ប្រការ។ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២០,១-១៦

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាដូចតទៅ៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករ​មកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ គាត់បានព្រមព្រៀងជាមួយពួក​កម្មករជាស្រេចថា នឹងឱ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឱ្យទៅធ្វើការក្នុងចម្ការ។ ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារ ឥតធ្វើអ្វីសោះ។ គាត់ក៏និយាយទៅកាន់គេថា៖“ចូរអ្នករាល់គ្នា​ទៅធ្វើការនៅចម្ការខ្ញុំទៅ! ខ្ញុំនឹងឱ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ អ្នកទាំងនោះក៏នាំគ្នា​ទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោង​បីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ ប្រមាណជាម៉ោងប្រាំល្ងាច គាត់​ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតនៅតាមទីផ្សារ។ គាត់សួរគេថា៖ “ហេតុដូចម្តេចបានជាអ្នករាល់គ្នាឈរនៅទីនេះមួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?”។ ពួកគេឆ្លើយថា “មកពីគ្មាននរណា​ជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏និយាយទៅកាន់អ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំទៅ”។ លុះដល់ល្ងាចម្ចាស់​ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា៖ “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឱ្យគេ គឺចាប់ផ្តើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ពួកអ្នកដែលបានចាប់ផ្តើមធ្វើការម៉ោងប្រាំល្ងាច មកដល់ទទួលប្រាក់ម្នាក់មួយ​ដួងៗ។ ពួកអ្នកដែលចាប់ផ្តើមធ្វើការមុនគេ ក៏មកដល់ដែរ ហើយនឹកគិតថា នឹងបានប្រាក់​ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចគ្នា។ គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការថា៖ “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃហាលក្តៅ ហើយលោកបែរជាបើកប្រាក់ឱ្យគេស្មើនឹងយើងខ្ញុំដែរ”។ ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា៖ “សំឡាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឱ្យខ្ញុំ​មួយដួងក្នុងមួយថ្ងៃ មែនឬមិនមែន?។ ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញ​ទៅចុះ!។ ខ្ញុំចង់ឱ្យអ្នកដែលមកដល់ក្រោយនេះទទួលប្រាក់ស្មើនឹងអ្នកដែរ។ តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំ ទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែនមកពីឃើញខ្ញុំមានចិត្តសប្បុរស”។ ហេតុនេះ អ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅ​នៅខាងមុខ រីឯអ្នកដែលនៅខាងមុខនឹងបែរជាទៅនៅខាងក្រោយវិញ»។

Facebook
Twitter
LinkedIn