ក្នុងបរិយាកាសស្ងប់ស្ងាត់ រួមនឹងពន្លឺទៀនដែលកំពុងបំភ្លឺក្នុងព្រះវិហារ យុវជនប្រមាណ១០០នាក់ មកពីព្រះសហគមន៍នានាក្នុងតំបន់អ្នកលឿង រួមគ្នាអធិដ្ឋានតាមរបៀបតេហ្ស កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅព្រះសហគមន៍កាតូលិក សន្តបេណេឌិក ក្នុងខេត្តព្រៃវែង។
លោក សេរ៉ាល វ៉ូហ្សាំង បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍អ្នកលឿង និងកអណ្កើក បានណែនាំអំពីរបៀបអធិដ្ឋានផ្សេងៗដែលព្រះសហគមន៍កាតូលិកបានរៀបចំឡើង ក្នុងនោះមានអធិដ្ឋានម្នាក់ឯង និងអធិដ្ឋានជាក្រុម។
លោកបន្តថា ការអធិដ្ឋានជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាការអធិដ្ឋានពិសេស គឺ«ពេលសូត្រធម៌គឺយើងប្រើពាក្យរបស់អ្នកនិពន្ធ(គម្ពីរដំណឹងល្អ) តែយើងអធិដ្ឋានដោយអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល គឺពេលនោះព្រះជាម្ចាស់ទាក់ទងនឹងយើង ហើយពេលនោះយើងអាចអធិដ្ឋានដោយពាក្យចេញពីដួងចិត្តរបស់យើង»។
លោកបូជាចារ្យរូបនេះបន្ថែមថា ពេលយើងចង់អធិដ្ឋានជាមួយព្រះបន្ទូល ដាច់ខាតយើងត្រូវមានព្រះគម្ពីរក្នុងដៃ ព្រោះព្រះគម្ពីរនាំឲ្យយើងស្គាល់ព្រះយេស៊ូកាន់តែច្បាស់ និងណែនាំជិវិតរស់នៅរបស់យើងជាគ្រីស្តបរិស័ទ។
«ព្រះគម្ពីរមិនគ្រាន់តែជាសៀវភៅមួយអានដើម្បីទទួលចំណេះទេ តែព្រះគម្ពីរជាលិខិតស្នេហារបស់ព្រះជាម្ចាស់សម្រាប់យើងទាំងអស់គ្នា។» លោកបូជាចារ្យបញ្ជាក់។
កញ្ញា ស៊ុំ ដាលីន យុវនារីមកពីព្រះសហគមន៍កាតូលិកព្រៃវែង គាត់បានបានចូលរួមកម្មវិធីអធិដ្ឋានតេហ្សក្នុងតំបន់នេះ ជាលើកទី២ នាំឲ្យគាត់មានអំណរសប្បាយដោយបានជួបយុវជនដែលមកពីព្រះសហគមន៍ផ្សេងៗ។
ដាលីនប្រាប់ថា៖ «ពីមុនយើងអត់បានស្គាល់គ្នា តែតាមកម្មវិធីនេះ ជួយឲ្យយើងបានជួបគ្នា អធិដ្ឋានរួមគ្នា ហើយជួយឲ្យយើងជាគ្រីស្តបរិស័ទមានជំនឿកាន់តែមាំមួន»។
កម្មវិធីអធិដ្ឋានតាមរបៀបតេហ្សេក្នុងតំបន់អ្នកលឿងនេះ បានធ្វើឡើង៣ខែម្តង ឆ្លាស់វេនតាមព្រះសហគមន៍ក្នុងតំបន់ ដែលមានព្រះសហគមន៍អ្នកលឿង ស្វាយរៀង និងព្រែកក្របៅ។ នេះគឺជាកម្មវិធីអធិដ្ឋានលើកទី៧ហើយ៕
ដោយ៖ ម៉េង ភីឡុង