អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០២៤

លោកអឺសែ៊ប (៣០០-៣៧១) ជាអភិបាលព្រះសហគមន៍នៅក្រុងវែសេលី (ប្រទេសអ៊ីតាលី)។ អធិរាជ្យ​រូ៉ម៉ាំងនិរទេសលោកទៅស្រុកប៉ាឡេស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ ព្រោះលោកប្រកាសជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្តដែលពិតជាព្រះម្ចាស់ តាមមហាសន្និបាតក្រុងពិសេសបានបញ្ជាក់ស្រាប់ (៣២៥)។ ពេលលោកស្នាក់នៅស្រុកប៉ាឡេស្ទីននោះ លោកជួបលោកសង្យឺ និងឥសីជាច្រើនដែលជាគ្រីស្តបរិស័ទ ហើយស្ងើចសរសើរពីរបៀបរស់នៅរបស់អ្នកបួសទាំងនោះ។ លុះត្រឡប់ទៅស្រុកវិញ លោករួមរស់ជាមួយក្រុមបូជាចារ្យឯទៀតៗ ដូចជាក្រុមលោកសង្យឺដែរ។ ក្រុមបូជាចារ្យនេះយកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទលើសពីមុនមកទៀត។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២៦,១-៩

នៅដើមរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស៊ីយ៉ា ជាស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូច​តទៅនេះ គឺព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរទៅឈរក្នុងទីលានព្រះវិហារ ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នកទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដាដែលមកថ្វាយបង្គំក្នុងព្រះវិហារ។ ចូរប្រកាសប្រាប់គេ កុំចន្លោះពាក្យណាមួយឡើយ។ ប្រហែលជាពួកគេស្តាប់ ហើយម្នាក់ៗកែប្រែកិរិយាមារយាទរបស់ខ្លួន។ ដូច្នេះ យើងនឹងមិនដាក់ទោសគេតាមអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត ដូចយើងបានសម្រេចនោះទេ។ អ្នកត្រូវប្រាប់ពួកគេដូចតទៅ ព្រះ​អម្ចាស់មានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្តាប់យើង ហើយមិនប្រព្រឹត្តតាមធម្មវិន័យដែលយើងបានដាក់ឱ្យអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាមិនស្តាប់ពាក្យព្យាការីជាអ្នកបម្រើរបស់យើងដែលយើងបានចាត់ឱ្យមកប្រៀនប្រដៅអ្នករាល់គ្នាជារៀងរហូតមកទេ នោះយើងនឹងធ្វើឱ្យព្រះវិហារនេះវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឱ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្តាសា»។ ពួកបូជាចារ្យ ពួកព្យាការី និងប្រជា​ជនទាំងអស់ឮលោកយេរេមីប្រកាសពាក្យទាំងនេះនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ កាលលោកយេរេមីប្រកាសសេចក្តីទាំងប៉ុន្មាន​ដែលព្រះអម្ចាស់បញ្ជាឱ្យលោកប្រកាសប្រាប់ប្រជាជនទាំងអស់ចប់សព្វគ្រប់ហើយ ពួកបូជាចារ្យ ពួកព្យាការី និងប្រជាជននាំគ្នាចាប់លោកទាំងពោលថា៖«ឯងត្រូវតែ​​ស្លាប់! ឯងត្រូវស្លាប់! ហេតុដូចម្តេចបានជាឯងទាយក្នុងព្រះនាមរបស់ព្រះអម្ចាស់ថា ព្រះវិហារនេះនឹងត្រូវវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយថា ក្រុងនេះនឹងត្រូវខ្ទេចខ្ទីគ្មានមនុស្សរស់នៅដូច្នេះ»។

ទំនុកតម្កើងលេខ ៦៩ (៦៨),២.៥.៨.១០.១៤ បទកាកគតិ

២ ឱ!ព្រះជាម្ចាស់ សូមជួយសង្គ្រោះ ឱ្យរួចខ្លួនផង
ទឹកដល់ច្រមុះ ខ្ញុំភ័យកន្លង ស្លាប់គ្រានេះម្តង
តៃហោងសូន្យបង់ ។
៥ ខ្មាំងទូលបង្គំ នាំគ្នាស្អប់ខ្ញុំ មានច្រើនអនេក
ពួកវាទាំងនោះ ពុំអាចដាក់លេខ ច្រើនក្រាស់ស្កះស្អេក
ជាងសរសៃសក់ ។
ពួកគេទាំងនោះ កម្លាំងខ្លាំងហួស មិននៅដំអក់
គេចង់ព្យាបាទ ខ្ញុំមនុស្សត្រង់ស្មោះ មិនលួចអ្វីសោះ
ឱ្យខ្ញុំសងគេ ។
៨ ខ្ញុំទ្រាំឱ្យគេ ប្រមាថដៀលជេរ មើលងាយពេកក្រៃ
ព្រោះតែព្រះអង្គ ខ្មាសគេស្ទើរក្ស័យ អាប់ឱនសេរី
ព្រោះតែព្រះអង្គ ។
១០ នោះមកពីខ្ញុំ ចិត្តនៅមូលផ្តុំ ស្រឡាញ់ខ្លាំងណាស់
ដំណាក់ព្រះអង្គ គេតិះដៀលត្មះ តែពាក្យទាំងនោះ
ត្រូវធ្លាក់លើខ្ញុំ ។
១៤ ឱ!ព្រះអម្ចាស់ ពេលឥឡូវនេះ សូមទ្រង់សម្តែង
ហឫទ័យសន្តោស ករុណាធំធេង សង្គ្រោះកុំលែង
សូមឆ្លើយតបផង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ១,១-២

អាលេលូយ៉ា! អាលេលូយ៉ា!
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើងដោយសារពួកព្យាការី។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៥៤-៥៨

នៅគ្រានោះ ព្រះយេស៊ូយាងត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គ​បង្រៀនអ្នកស្រុកនៅក្នុងធម្មសាលារបស់គេ ធ្វើឱ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេ​ពោលថា៖«តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះពីណា​មក?។ អ្នកនេះជាកូនរបស់ជាងឈើ ម្តាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិជា​មួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្តីទាំងនេះពីណាមក?» ហេតុនេះហើយ បានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖​«ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យឡើយ ព្រោះគេគ្មានជំនឿ។

Facebook
Twitter
LinkedIn